កីឡាអន្តរជាតិ
អន្តរជាតិ
Pique ស្ថិតក្រោមការស៊ើបអង្កេត លើករណីនាំពាន Spanish Super Cup ទៅប្រកួតនៅអារ៉ាប៊ីសាអូឌីត
31, May 2024 , 8:29 pm        
រូបភាព
តុលាការអេស្ប៉ាញ នាពេលថ្មីនេះ បានដាក់ឱ្យ Gerrard Pique អតីតខ្សែការពារក្រុម Barcelona ស្ថិតក្រោមការស៊ើបអង្កេត ចំពោះការជាប់ពាក់ព័ន្ធក្នុងការបង់ប្រាក់ខុសច្បាប់ ដើម្បីនាំពានរង្វាន់ Spanish Super Cup របស់អេស្ប៉ាញ ទៅប្រកួតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។



លើករណីនេះ ចៅក្រមលោកស្រី Delia Rodrigo បានសន្និដ្ឋានថា មានការបង្ហាញកំហុសមួយចំនួន ពីកិច្ចព្រមព្រៀង រវាងក្រុមហ៊ុនរបស់ Pique អតីតខ្សែការពារក្រុម Barca ជាមួយនឹងសហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF)។ ក្រុមហ៊ុនរបស់ Pique មានឈ្មោះថា Kosmos ដែលបានចុះកិច្ចសន្យាជាមួយនឹង RFEF ហើយត្រូវបានគេប៉ាន់ស្មានថា ក្រុមហ៊ុននេះ បាននាំយកការប្រកួតពានរង្វាន់ Spanish Super Cup របស់អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រទៅប្រកួតនៅប្រទេសអារ៉ាប៊ីសាអូឌីត។
 
ក្រុមហ៊ុន Kosmos ទទួលបានប្រាក់ ៤០លានអឺរ៉ូ (៤៣,២លានដុល្លារ) សម្រាប់ការធ្វើជាឈ្មួញកណ្តាលនៃកិច្ចព្រមព្រៀងនេះ ហើយសហព័ន្ធ RFEF ទទួលបានប្រាក់ ៤០០លានអឺរ៉ូ (៤៣២,៩លានដុល្លារ)។
 
បើតាមឯកសាររបស់តុលាការ អតីតប្រធាន RFEF លោក Luis Rubiales និងក្រុមហ៊ុន Sela Sport គ្រប់គ្រងដោយរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត និងក្រុមហ៊ុនរបស់ Pique បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ កាលពីឆ្នាំ ២០១៩ សម្រាប់ការប្រកួតពានអេស្ប៉ាញ នៅលើទឹកដីអារ៉ាប៊ីសាអូឌីត ជារៀងរាល់ឆ្នាំ។ Spanish Super Cup វគ្គផ្តាច់ព្រ័ត្រ ត្រូវបានគេឃើញថាមានការប្រកួតក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ៤ឆ្នាំ​ចុងក្រោយ ដោយនៅក្នុងឆ្នាំ ២០២០ និង ២០២២, ២០២៣ និង ២០២៤។
 
ប្រាក់ ៤០លានអឺរ៉ូ (៤៣,២លានដុល្លារ) ដែលក្រុមហ៊ុន Pique ទទួលបាន គឺដើម្បីលើកទឹកចិត្តចំពោះ ភាពជោគជ័យ ដែលអាចនាំពាន Spanish Super Cup ទៅប្រកួតនៅទឹកដីតំបន់មជ្ឈឹមបូព៌ា។
ទៅលើបញ្ហារបស់ Pique តុលាការអេស្ប៉ាញ បានបើកការស៊ើបអង្កេត តាំងពីខែមិថុនា ឆ្នាំ ២០២២ ជាមួយនឹងលោក Luis Rubiales ជាប់ពាក់ព័ន្ទក្នុងបទឧក្រិដ្ឋនៃការគ្រប់គ្រងមិនត្រឹមត្រូវ នៅពេលដែល RFEF បានយល់ព្រមជាមួយក្រុមហ៊ុន Kosmos របស់ Pique ដើម្បីផ្លាស់ប្តូរទីតាំងប្រកួតពានរង្វាន់ក្នុងស្រុក ទៅប្រទេសដទៃ។
 
កាលពីខែមីនា មន្ត្រីប៉ូលិស បានឆែកឆេរ ទីស្នាក់ការកណ្តាល របស់ RFEF និងទីតាំងអាផាតមិន របស់លោក Rubiales និងបានចាប់ខ្លួនមនុស្ស ៧នាក់ នៅក្នុងការស៊ើបអង្កេតអំពើពុករលួយ ជុំវិញកិច្ចព្រមព្រៀងតម្លៃរាប់លានអឺរ៉ូនោះ។ ពីមុន លោក Rubiales ក៏ធ្លាប់បានបដិសេធ ថាមិនបានធ្វើខុសរួចមកហើយដែរ។ 
 
ដោយឡែកសម្រាប់ Pique វិញទៀតសោត រូបគេធ្លាប់បានលេងក្នុងពានរង្វាន់ Spanish Super Cup នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត កាលពីឆ្នាំ ២០២០ និង ២០២២ ក៏ត្រូវបានគេដឹងថា ទទួលបានប្រាក់ឧត្ថម្ភលើកទឹកចិត្តប្រចាំឆ្នាំ ៤លានអឺរ៉ូ (៤,២លានដុល្លារ) រយៈពេល ៦ឆ្នាំ ពីកិច្ចព្រមព្រៀងមួយនោះដែរ។ Pique បានចូលនិវត្តន៍ក្នុងឆ្នាំពីក្រុម Barcelona ក្រោយបញ្ចប់រដូវកាល ២០២២៕

Tag:
 Gerrard Pique
  Saudi Super Cup
© រក្សាសិទ្ធិដោយ thmeythmey.com