អន្តរជាតិ
នាយករដ្ឋមន្រ្តីឥណ្ឌា សន្យាពង្រឹងទំនាក់ទំនងឱ្យស៊ីជម្រៅជាមួយកម្ពុជា
06, Jun 2024 , 10:39 am        
រូបភាព
នាយករដ្ឋមន្រ្តីឥណ្ឌា លោក នារិន្ទ្រា ម៉ូឌី(ឆ្វេង) និងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ រូបភាព AFP និង STPM
នាយករដ្ឋមន្រ្តីឥណ្ឌា លោក នារិន្ទ្រា ម៉ូឌី(ឆ្វេង) និងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ រូបភាព AFP និង STPM
នាយករដ្ឋមន្រ្តីឥណ្ឌា លោក នា​រិ​ន្ទ្រា ម៉ូ​ឌី នៅថ្ងៃទី៦ ខែមិថុនា បានអរគុណសមភាគីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត ចំពោះលិខិតអបអរសាទរបក្ស Bharatiya Janata Party (BJP) និងសម្ព័ន្ធប្រជាធិបតេយ្យជាតិ (NDA) ដែលឈ្នះការបោះឆ្នោតរដ្ឋសភាឥណ្ឌា។ បើតាមលោកម៉ូឌី ភាពជាដៃគូរវាងឥណ្ឌា និងកម្ពុជា នឹងត្រូវធ្វើឱ្យស៊ីជម្រៅ នៅក្នុងពេលឆាប់ៗខាងមុខ។

 
តាមរយៈលិខិតមួយចេញនៅថ្ងៃទី៥ ខែមិថុនា សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអបអរសមភាគីឥណ្ឌា លោក នារិន្ទ្រា ម៉ូឌី ក្រោយបក្សរបស់លោក Bharatiya Janata Party (BJP) និងសម្ព័ន្ធប្រជាធិបតេយ្យជាតិ (NDA) ទទួលបានអាសនៈភាគច្រើននៅក្នុងរដ្ឋសភា។ នៅក្នុងអាណត្តិទី៣ របស់លោកម៉ូឌី សម្តេច ហ៊ុន ម៉ាណែត បានប្តេជ្ញាធ្វើការឱ្យកាន់តែជិតស្និទ្ធជាមួយឥណ្ឌា ដើម្បីពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ 
 
ជាការឆ្លើយតប មេដឹកនាំឥណ្ឌា បានអរគុណកម្ពុជាចំពោះលិខិតសាទរ និងសន្យាពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែម។ 
 
«អរគុណនាយករដ្ឋមន្រ្តី សម្តេច ហ៊ុន ម៉ាណែត សម្រាប់ការជូនពរ។ ភាពជាដៃគូរវាងកម្ពុជា និងឥណ្ឌា នឹងធ្វើឱ្យស៊ីជម្រៅ នៅក្នុងពេលឆាប់ៗខាងមុខ»។ លោកម៉ូឌី បានសរសេរបែបនេះ លើបណ្តាញសង្គម X នៅ៥ ខែមិថុនា។ ក្រៅពីមេដឹកនាំកម្ពុជា នាយករដ្ឋមន្រ្តីឥណ្ឌា ក៏បានអរគុណមេដឹកនាំបណ្តាប្រទេស និងអង្គការផ្សេងៗ ដែលបានអបអរសាទរលោកផងដែរ។ 
 
ទោះបក្ស Bharatiya Janata Party បានថយចុះសំឡេងគាំទ្រជាច្រើន នៅក្នុងការបោះឆ្នោតរដ្ឋសភា ឆ្នាំ២០២៤ លោកម៉ូឌី​ នៅតែអាចកាន់តំណែងជានាយករដ្ឋមន្រ្តីនៅអាណត្តិទី៣ ដោយសារសម្ព័ន្ធប្រជាធិបតេយ្យជាតិ ទទួលបានសំឡេងភាគច្រើននៅក្នុងសភា ពោលគឺចំនួន ២៩២អាសនៈ។ ចំណែកសម្ព័ន្ធបក្សប្រឆាំងទទួលបាន ២៣២អាសនៈ ក្នុងនោះបក្សសមាជជាតិឥណ្ឌា ដែលជាបក្សប្រឆាំងធំ បានកើនសំឡេងគាំទ្រដល់ ៩៩អាសនៈ។ ដើម្បីរៀបចំរដ្ឋាភិបាលថ្មីបាន បក្សនយោបាយចាំបាច់ត្រូវមានសំឡេងគាំទ្រ ២៧២អាសនៈនៅក្នុងរដ្ឋសភា។ 
 
ការធ្លាក់ចុះនៃសំឡេងគាំទ្ររបស់បក្សលោកម៉ូឌី គឺដោយសារតែអត្រាគ្មានការងារធ្វើកើនខ្ពស់, ការចំណាយថ្លៃរស់នៅឡើងថ្លៃ និងការកើនឡើងវិសមភាព និងអតិផរណាជាដើម៕ 
 

Tag:
 ឥណ្ឌា
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com