កប៉ាល់ MV Doulos Hope ដែលជាបណ្ណាគារបណ្តែតទឹកធំជាងគេលើពិភពលោក របស់អាល្លីម៉ង់បានមកដល់កំពង់ផែស្វយ័តភ្នំពេញ កាលពីថ្ងៃទី៥ ខែមិថុនា និងបន្តចតដល់ថ្ងៃទី៤ ខែកក្កដា ដើម្បីតាំងពិព័រណ៍សៀវភៅ។ អ្នកចូលរួមការតាំងពិព័រណ៍នេះ មានគ្រប់វ័យ ជាពិសេសអាណាព្យាបាល ក៏បាននាំកូនតូចៗមកជាមួយ ដើម្បីមើលទិដ្ឋភាពប្លែកភ្នែកនៃការតាំងពិព័រណ៍សៀវភៅលើកប៉ាល់នៅភ្នំពេញលើកទី១ ផងដែរ។
ជាស្រ្តីមេផ្ទះ រស់នៅម្តុំផ្សារទួលគោក អ្នកស្រី សុខ ពៅ តែងតែនាំកូនទៅចូលរួមការតាំងពិព័រណ៍សៀវភៅនានា ពុំសូវដែលអាក់ខានឡើយ ដោយសារចង់បណ្តុះគំនិតឱ្យកូនចេះស្រឡាញ់សៀវភៅ និងមានទម្លាប់ការអានតាំងពីនៅតូច។ បើតាមអ្នកស្រី ពៅ នៅពេលឪពុកម្តាយនាំកូនតូចៗទៅចូលរួមការតាំងពិព័រណ៍សៀវភៅ បានធ្វើឱ្យកូនឃើញសៀវភៅសម្បូរបែប ឃើញអ្នកនិពន្ធ អ្នកទិញសៀវភៅ អ្នកអានសៀវភៅ ដែលជាទិដ្ឋភាពមួយជំរុញឱ្យពួកគេចាប់ផ្តើមស្រឡាញ់ការអាន។
អ្នកស្រី សុខ ស្រីពៅ
«ពេលយើងបង្រៀនកូន យើងមិនអាចបង្រៀនអស់បានទេ មិនអាចមានពេលរ៉ាយរ៉ាប់ប្រាប់កូនអស់ទេ មានតែការអានសៀវភៅប៉ុណ្ណោះ ដែលធ្វើឱ្យកូនចេះបានច្រើន»។ នេះជាការយល់ឃើញរបស់ អ្នកស្រី សុខ ពៅ ដោយបន្ថែមថា ដើម្បីឱ្យកូនចូលចិត្តអានសៀវភៅ លុះត្រាតែឪពុកម្តាយឆ្លៀតពេលបណ្តុះបណ្តាលឱ្យកូនចេះអានសៀវភៅ និងអានជាមួយកូន ជាជាងយកពេលទៅមើលទូរសព្ទតាមដានបណ្តាញសង្គម។
និយាយដោយសម្តីមួយៗ ស្ត្រីវ័យ ៤៨ឆ្នាំរូបនេះ សង្កត់ធ្ងន់ថា ឪពុកម្តាយជាតួអង្គសំខាន់បំផុតសម្រាប់បណ្តុះឱ្យកូនចូលចិត្តអានសៀវភៅ ព្រោះឪពុកម្តាយ មានកាតព្វកិច្ចប្រៀនប្រដៅ ផ្តល់ភាពកក់ក្តៅ តម្រង់ផ្លូវ និងផ្តល់ជាគំរូដល់កូន។ តួយ៉ាង ដូចជាអ្នកស្រី តែងជំរុញកូនឱ្យអាន ដែលធ្វើឱ្យកូនចូលចិត្តអានសៀវភៅតាំងពីនៅតូច។ ទោះបីយ៉ាងនេះក្តី អ្នកស្រី ពៅ នៅតែលើកទឹកចិត្តកូនបន្ថែម តាមរយៈជូនកូនទៅចូលរួមការតាំងពិព័រណ៍សៀវភៅ និងឆ្លៀតពេលទំនេរអានសៀវភៅជាមួយកូនជាដើម។
ទន្ទឹមនឹងនេះ កញ្ញា សោម ស្រីលណ៍ ជានិស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ក៏បាននាំប្អូនៗប្រុសស្រី មកមើលការតាំងពិព័រណ៍សៀវភៅនេះផងដែរ។ ស្រីលណ៍ និងប្អូនចំនួន៤នាក់ បានដើរមើលសៀវភៅចម្រុះមុខ នៅលើកប៉ាល់ MV Doulos Hoope ដើម្បីស្វែងយល់ពីចំណងជើងសៀវភៅ នៅក្នុងបណ្ណាគារនេះ។ កញ្ញា យល់ថា តាមរយៈការចូលរួមពិព័រណ៍នេះ នឹងនាំឱ្យកុមារទទួលបានបទពិសោធថ្មីៗ ពីមជ្ឈដ្ឋានខាងក្រៅ និងអាចដឹងពីការវិវ ត្តន៍របស់ពិភពលោក ដែលងាយស្រួលឱ្យពួកគេត្រៀមខ្លួនពង្រឹងសមត្ថភាព។
កញ្ញា សោម ស្រីលណ៍ រូបខាងស្តាំ ជាមួយមីង និងប្អូនៗ
នេះមិនមែនជាលើកទី១ទេ ដែលយុវតីសម្បុរស្រអែមរូបនេះ នាំប្អូនតូចៗមកចូលរួមការតាំងពិព័រណ៍សៀវភៅ ពោលគឺឱ្យតែមានការតាំងពិព័រណ៍សៀវភៅ ឬកម្មវិធីទាក់ទងទៅនឹងការសិក្សា កញ្ញាតែងតែនាំប្អូនតូចៗទៅចូលរួមជានិច្ច។ និយាយដល់ចំណុចនេះ កញ្ញា ស្រីលណ៍ បានបន្ថែមថា ប្អូនៗរបស់កញ្ញាចូលចិត្តអានសៀវភៅ ព្រោះកញ្ញាតែងតែធ្វើសកម្មភាពល្អៗ ជាគំរូដល់ដល់ប្អូនៗជានិច្ច។ ស្រីលណ៍ រៀបរាប់ដូច្នេះ៖«ពួកគាត់ចូលចិត្តកាន់សៀវភៅ ដោយសារឃើញខ្ញុំឧស្សាហ៍កាន់សៀវភៅអាននៅមុខគាត់ អ៊ីចឹងហើយគាត់ឃើញយើងធ្វើអីគាត់ចង់ធ្វើដូចយើងដែរ»។
និស្សិតវ័យ ២៣ឆ្នាំ រៀនជំនាញគ្រប់គ្រងរូបនេះ បញ្ជាក់ថា ដើម្បីចង់ឱ្យកុមារតូចៗចូលចិត្តអានសៀវភៅ លុះត្រាតែអាណាព្យាបាលចូលចិត្ត នឹងមានទម្លាប់អានសៀវភៅ ដើម្បីជាគំរូដល់ពួកគាត់។ « ដូចប្អូនខ្ញុំជាដើម ពួកគាត់មិនចូលចិត្តអានសៀភៅទេ លុះត្រាតែយើងជាបងកាន់សៀវភៅឱ្យគាត់ឃើញ ថាយើងកំពុងធ្វើអ្វី ពេលពួកគាត់មើលឃើញ គាត់ចាប់ផ្តើមឆ្ងល់ និងចង់ធ្វើតាមយើង»។ នេះជាការលើកឡើងរបស់កញ្ញា សោម ស្រីលណ៍។
តែយ៉ាងណាទាំង កញ្ញា សោម ស្រីលណ៍ និងអ្នកស្រី សុខ ពៅ ចង់ឱ្យអាណាព្យាបាលគ្រប់រូប ធ្វើជាគំរូល្អៗដល់កុមារ ព្រោះគំរូរបស់ពួកគាត់ជាចំណុចចាប់ផ្តើម ដែលផ្តល់ចំណេះដឹង និងទម្លាប់ល្អៗក្នុងការរស់នៅប្រចាំថ្ងៃរបស់កុមារ។ ជាមួយគ្នានេះ ទម្លាប់របស់អាណាព្យាបាល នឹងផ្តល់ជាជាគំរូដល់កុមារដទៃជំនាន់ក្រោយៗតទៀត៕