ជាតិ
សុខភាព
ក្រសួងសុខាភិបាល ឱ្យពេទ្យរដ្ឋ យកចិត្តទុកដាក់លើអតីតទាហានថ្នាក់ឧត្តមសេនីយ៍ និងឧត្តមនាវី ពេលមានជំងឺ
× ក្រសួងសុខាភិបាល បានប្រាប់ទៅអង្គភាពផ្តល់សេវាសុខាភិបាលសាធារណៈទាំងអស់ ឱ្យយកចិត្តទុកដាក់ពិនិត្យ និងព្យាបាលជំងឺជូនដល់អតីតនាយទាហានថ្នាក់ឧត្តមសេនីយ៍ និងឧត្តមនាវី ប្រកបដោយស្មារតីទទួលខុសត្រូវ និងវិជ្ជាជីវៈ។ ចំណាយព្យាបាល និងថែទាំជំងឺ របស់អតីតនាយទាហានថ្នាក់ឧត្តមសេនីយ៍ និងឧត្តមនាវី គឺជាបន្ទុករបស់រដ្ឋ។
យោងតាមលិខិតរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៩មិថុនា ចុះហត្ថលេខាដោយលោក ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការ ការរំឭកណែនាំនេះ គឺដើម្បីលើកកម្ពស់ការយកទឹកចិត្តទុកដាក់ និងធានាសិទ្ធិ និងផលប្រយោជន៍របស់យោធិនអាជីព អតីតយោធិនអាជីព អតីតនាយទាហានថ្នាក់ឧត្តមសេនីយ៍ និងឧត្តមនាវី នៅពេលមានជំងឺ ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។
នៅក្នុងលិខិតដដែលនោះ ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ជាថ្មីអំពីខ្លឹមសារមាត្រា៣០ថ្មី នៃអនុក្រឹត្យលេខ១៤១ អនក្រ.បក ដែលចែងថា«ពេលមានជំងឺ អតីតនាយទាហានថ្នាក់ឧត្តមសេនីយ៍ និងឧត្តមនាវី ត្រូវទទួលបានការព្យាបាល នៅតាមបណ្តាញសុខាភិបាលសាធារណៈ ឬយោធា ដោយថ្លៃ សេវានៃការពិនិត្យព្យាបាលជាបន្ទុករបស់រដ្ឋ។ ពេលទទួលមរណភាព ក្រសួងការពារជាតិទទួលបន្ទុក រៀបចំពិធីបុណ្យសពតាមពិធីការយោធា»។
ក្រៅពីរំឭកឱ្យអង្គភាពផ្តល់សេវាសុខាភិបាលសាធារណៈទាំងអស់ ពង្រឹងការយកចិត្តទុកដាក់ចំពោះនាយទាហានថ្នាក់ឧត្តមសេនីយ៍ និងឧត្តមនាវី ពេលមានជំងឺហើយនោះ ក្រសួងសុខាភិបាល ក៏បន្ថែមដែរថា យោធិន អតីត យោធិនអាជីពនិងគ្រួសារផ្ទាល់របស់ពួកគេ មានសិទ្ធិព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យនៃកងយោធពលខេមរភូមិន្ទដែរ។
Tag:
សុខាភិបាល
នាហាន
ឧត្តមសេនីយ៍
ឧត្តមនាវី
© រក្សាសិទ្ធិដោយ thmeythmey.com