កីឡាអន្តរជាតិ
អន្តរជាតិ
Opta៖ អង់គ្លេស មានភាគរយឈ្នះ Euro 2024 ខ្ពស់ជាងបារាំង និងអាល្លឺម៉ង់
22, Jun 2024 , 9:59 am        
រូបភាព
បើតាមស្ថិតិរបស់ Opta Analysts ក្រុមជើងឯករងឆ្នាំចាស់អង់គ្លេស មានភាគរយខ្ពស់ក្នុងការឈ្នះ UEFA Euro 2024 ខណៈ បារាំង និងម្ចាស់ផ្ទះអាល្លឺម៉ង់ មានឱកាសលំដាប់ទី២ និងទី៣។

ការកត់ត្រាតួរលេខរបស់ ​Opta សម្រាប់ការទស្សន៍ទាយផ្អែកលើទិន្នន័យពីក្រុមដែលចូលរួមទាំង ២៤ នៅជើងឯអឺរ៉ុប ឆ្នាំ ២០២៤ តាមរយៈការប្រកួតមុនព្រឹត្តិការណ៍ ទម្រង់លេងរបស់កីឡាករ និងប្រវត្តិការប្រកួតរវាងក្រុមដែលចូលរួម។
  


Opta ជឿជាក់ថាក្រុមតោកំណាចអង់គ្លេស នឹងក្លាយជាម្ចាស់ជើងឯក Euro 2024។ Opta Analysts បង្ហាញថាក្រុមដែលមាន Harry Kane ជាប្រធានក្រុម មានឱកាស ៤៨,២ភាគរយ ក្នុងការឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង ឱកាស ៣១,១ ភាគរយ ឈានដល់វគ្គផ្តាច់ព្រ័ត្រ និង ១៩,៩ ភាគរយ ជា​​ឱកាសឈ្នះជើងឯក។
 
បារាំង ជាគូប្រជែងដ៏ខ្លាំងបំផុតរបស់អង់គ្លេស ដោយពួកគេកមានឱកាសឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៤៨,១ភាគរយ ឈានផ្តាច់ព្រ័ត្រ ៣០,៤ភាគរយ និងឱកាសឈ្នះពាន ១៩,១ភាគរយ។ អត្រាឈ្នះពានរបស់អាល្លឺម៉ង់ អេស្ប៉ាញ និងព័រទុយហ្កាល់មាន ១២,៤ភាគរយ, ៩,៨ភាគរយ និង ៩,២ភាគរយ។
 
មុនពេលចាប់ផ្តើមព្រឹត្តិការណ៍អឺរ៉ុប ឆ្នាំ ២០២៤ ស្ថាប័នទស្សន៍ទាយដ៏មានប្រជាប្រិយភាពមួយនេះ បានព្យាករណ៍ថាម្ចាស់ផ្ទះអាល្លឺម៉ង់នឹងឈ្នះការប្រកួតបើកឆាករបស់ពួកគេ។ ជា​លទ្ធផល អាល្លឺម៉ង់​យក​ឈ្នះ​ស្កុតឡែន ៥-១។
ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនកម្មវិធី Luzmo របស់បែលហ្ស៊ិក ដែលបានប្រើប្រាស់កម្មវិធី AI Octopus បង្ហាញការទស្សន៍ទាយថា បារាំងមានឱកាសឈ្នះពានច្រើនជាងគេ ស្របពេលបែលហ្ស៊ិមានឱកាសឈ្នះតែ ៣,៤ភាគរយប៉ុណ្ណោះ៕
 

Tag:
 Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com