អន្តរជាតិ
កូរ៉េខាងត្បូង​នឹង​ពិចារណា​ផ្គត់ផ្គង់​សព្វាវុធ​ឲ្យ​អ៊ុយក្រែន ​បន្ទាប់ពី​រុស្ស៊ី​និង​កូរ៉េខាងជើង​ចុះ​កិច្ចព្រមព្រៀង​យុទ្ធសាស្ត្រ
21, Jun 2024 , 9:59 pm        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូង​ Yoon Suk Yeol ថ្លែង​នៅ​ក្នុងកិច្ច​ប្រជុំ​ជាន់​ខ្ពស់​ប្រជាធិបតេយ្យ​នៅ​ក្នុង​ទីក្រុង​សេអ៊ូល​ប្រទេស​កូរ៉េខាងត្បូង​កាលពីថ្ងៃទី១៨ មីនា ឆ្នាំ២០២៤។
ប្រធានាធិបតីកូរ៉េខាងត្បូង​ Yoon Suk Yeol ថ្លែង​នៅ​ក្នុងកិច្ច​ប្រជុំ​ជាន់​ខ្ពស់​ប្រជាធិបតេយ្យ​នៅ​ក្នុង​ទីក្រុង​សេអ៊ូល​ប្រទេស​កូរ៉េខាងត្បូង​កាលពីថ្ងៃទី១៨ មីនា ឆ្នាំ២០២៤។
ដោយ: VOA
កូរ៉េ​ខាងត្បូង​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ខ្លួន​នឹង​ពិចារណា​លើការ​បញ្ជូន​អាវុធ​ទៅកាន់​អ៊ុយក្រែន​ ដែលជា​ការផ្លាស់ប្តូរ​គោលនយោបាយ​ដ៏សំខាន់​មួយ​ដែល​ត្រូវ​បាន​ស្នើ​ឡើង​ បន្ទាប់​ពី​ប្រទេស​រុស្ស៊ី​ និង​កូរ៉េ​ខាងជើង​បានធ្វើ​ឲ្យតំបន់​នេះ​និង​តំបន់​ផ្សេង​ទៀត​បារម្ភ​ ដោយ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​ដើម្បី​ការពារ​គ្នា​ទៅវិញ​ទៅមក​នៅក្នុង​ករណី​មាន​សង្គ្រាម។



ការអត្ថាធិប្បាយ​ពីមន្ត្រី​ជាន់ខ្ពស់​របស់​ប្រធានាធិបតី​បានធ្វើ​ឡើង​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​កូរ៉េ​ខាងជើង​បាន​ចេញ​ផ្សាយ​ព័ត៌មាន​លម្អិត​នៃ​កិច្ចព្រមព្រៀង​ ដែល​អ្នក​សង្កេតការណ៍​បាន​និយាយ​ថា​អាច​សម្គាល់​ទំនាក់​ទំនង​ដ៏រឹងមាំ​បំផុត​រវាង​ទីក្រុងមូស្គូ ​និង​ទីក្រុង​ព្យុងយ៉ាង​ចាប់​តាំងពី​ការ​បញ្ចប់​សង្គ្រាម​ត្រជាក់។ ការណ៍នេះ​កើត​ឡើង​នៅពេល​ដែល​រុស្ស៊ី​ប្រឈមមុខ​នឹង​ភាព​ឯកោ​កាន់តែ​ខ្លាំង​ឡើង​ជុំវិញ​សង្គ្រាម​របស់​ខ្លួន​នៅ​អ៊ុយក្រែន ​ហើយ​ប្រទេស​ទាំងពីរ​ប្រឈមមុខ​នឹង​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង​ជាមួយ​លោក​ខាងលិច។
 
យោង​តាម​អត្ថបទ​នៃកិច្ច​ព្រមព្រៀង​ដែលបាន​បោះពុម្ព​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​មជ្ឈិម​ផ្លូវការ​របស់​កូរ៉េ​ខាងជើង​ ឲ្យដឹងថា​ប្រសិន​បើ​ប្រទេស​ណាមួយ​ត្រូវបាន​ឈ្លាន​ពាន​ និង​ត្រូវបាន​រុញចូល​ទៅក្នុង​ស្ថានភាព​នៃសង្រ្គាម​ ប្រទេស​មួយ​ទៀត​ត្រូវតែ​ដាក់​ពង្រាយ​ «តាម​គ្រប់​មធ្យោបាយ​ទាំងអស់​ដើម្បី​ប្រើប្រាស់​ដោយ​មិន​បង្អង់យូរ»​ ដើម្បី​ផ្តល់ «កម្លាំង​យោធា ​និង​ជំនួយ​ផ្សេងៗទៀត»​ ប៉ុន្តែ​កិច្ចព្រមព្រៀង​ក៏​និយាយ​ដែរ​ថា សកម្មភាព​បែបនេះ​ត្រូវតែ​អនុលោម​តាម​ច្បាប់​ប្រទេស​ទាំងពីរ និង​មាត្រា ៥១ ​នៃ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ​ដែល​ទទួលស្គាល់​សិទ្ធិ​ការពារ​ខ្លួន​របស់​រដ្ឋ​សមាជិក​អង្គការ​សហប្រជាជាតិ។
 
ខុទ្ទកាល័យ​របស់​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ Yoon Suk Yeol បានចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោល​ទោស​កិច្ចព្រមព្រៀង​នោះ​ដោយ​ហៅថា​ជា​ការ​គំរាមកំហែង​ដល់​សន្តិសុខ​របស់​កូរ៉េ​ខាងត្បូង ​និងការ​រំលោភ​លើ​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ហើយ​បាន​ព្រមាន​ថា​រឿង​នេះ​នឹង​មាន​ផលវិបាក​អវិជ្ជមាន​លើ​ទំនាក់ទំនង​របស់​ទីក្រុង​សេអ៊ូល​ជាមួយ​ទីក្រុងម៉ូស្គូ៕​

© រក្សាសិទ្ធិដោយ thmeythmey.com