អស់ពេលជាងមួយទសវត្សរ៍មកនេះ រដ្ឋាភិបាលចិនបានចំណាយថវិកាយ៉ាងច្រើនដល់វិស័យរថយន្តអគ្គិសនីតាមរយៈវិធានការនានាដូចជា ការបញ្ចុះតម្លៃ លើកលែងពន្ធ និងការទិញរថយន្តអគ្គីសនីសម្រាប់បម្រើការក្នុងក្រសួង ស្ថាប័នរដ្ឋជាដើម។
ចិនបានចំណាយប្រាក់ចំនួន ២៣០,៨ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍវិស័យរថយន្តអគ្គិសនីអំឡុងឆ្នាំ ២០០៩-២០២៣។ នេះបើតាមការស្រាវជ្រាវរបស់មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS) នៅអាម៉េរិក។
លោក Scott Kennedy ដែលជាអ្នកទទួលបន្ទុកទីផ្សារចិននៅ CSIS បានបញ្ជាក់ថា តួលេខខាងលើគឺស្មើនឹង ១៨,៨ភាគរយនៃប្រាក់ចំណូលពីការលក់រថយន្តអគ្គិសនីអំឡុងពេលនោះ។ សម្រាប់ការគាំទ្ររយៈពេល ៩ឆ្នាំដំបូង គឺមានតម្លៃ ៦,៧៤ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ការចំណាយកើនឡើងបីដងក្នុងរយៈពេល ២០១៨-២០២០ ហើយនឹងបន្តកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីឆ្នាំ ២០២១។
កន្លងមក មន្ត្រីចិនបានដាក់ចេញនូវវិធានការគាំទ្រចំនួន៥ ដូចជាការបញ្ចុះតម្លៃសម្រាប់អ្នកទិញ ការលើកលែងពន្ធលើតម្លៃបន្ថែម១០ភាគរយ ការសាងសង់ស្ថានីយសាកថ្ម ការផ្តល់មូលនិធិដល់កម្មវិធី R&D របស់ក្រុមហ៊ុនរថយន្តអគ្គិសនី និងការទិញរថយន្តអគ្គិសនីសម្រាប់ទីភ្នាក់ងាររដ្ឋ។ ក្នុងចំណោមនោះ វិធានការពីរដំបូងមានការគាំទ្រច្រើនជាងគេ។
របាយការណ៍របស់ CSIS បានចេញផ្សាយក្នុងបរិបទដែលអឺរ៉ុបកាលពីសប្តាហ៍មុន បានប្រកាសបង្កើនពន្ធនាំចូល លើរថយន្តអគ្គិសនីរបស់ចិន។ កាលពីខែមុន អាម៉េរិកក៏បានដំឡើងពន្ធនាំចូលរថយន្តអគ្គិសនីដល់ជាង ១០០ភាគរយដែរ។
លោក Kennedy បាននិយាយថា ការគាំទ្ររបស់ទីក្រុងប៉េកាំងសម្រាប់រថយន្តអគ្គិសនី រួមមានគោលនយោបាយមិនមែនរូបិយវត្ថុ ដើម្បីបង្កើតគុណសម្បត្តិសម្រាប់ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក បើប្រៀបធៀបទៅនឹងដៃគូប្រកួតប្រជែងបរទេស។ យ៉ាងណាមិញ អាម៉េរិកមិនបង្កើតបរិយាកាសទាក់ទាញសម្រាប់ការអភិវឌ្ឍវិស័យរថយន្តអគ្គិសនីដូចចិននោះទេ។
«មានករណីលើកលែងមួយចំនួន ប៉ុន្តែជាទូទៅក្រុមហ៊ុនផលិតរថយន្ត និងរដ្ឋាភិបាលលោកខាងលិច មានភាពយឺតយ៉ាវ និងមិនមានកម្លាំងគ្រប់គ្រាន់»។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC ដោយស្រង់សម្តីលោក Kennedy។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រកួតប្រជែងនៅក្នុងទីផ្សាររថយន្តអគ្គិសនី កាន់តែមានភាពខ្លាំងក្លាឡើង ដោយសារតែចំនួនម៉ាករថយន្តមានការកើនឡើង។ ធនាគារកណ្តាលអាម៉េរិកនៅសប្តាហ៍នេះថែមទាំងបានណែនាំដល់ក្រុមហ៊ុនផលិតរថយន្តធំៗ របស់អាម៉េរិកឱ្យចាកចេញពីចិន ដើម្បីផ្តោតប្រមូលធនធានដាក់នៅទីផ្សារប្រទេសផ្សេងទៀត។
«អ្នកវិភាគរថយន្តឯករាជ្យ និងក្រុមហ៊ុនផលិតរថយន្តលោកខាងលិច ដែលខ្ញុំបានជជែកជាមួយសុទ្ធតែយល់ស្របថា ក្រុមហ៊ុនរថយន្តអគ្គិសនី និងអាគុយរបស់ចិនមានការរីកចម្រើនយ៉ាងខ្លាំង។ ពួកគេសមនឹងទទួលបានការយកចិត្តទុកដាក់ខ្លាំងជាងនេះ»។ លោក Kennedy បានសង្កត់ធ្ងន់បែបនេះ។
យ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌល CSIS រូបនេះ បានចង្អុលបង្ហាញថា ការគាំទ្រដ៏សប្បុរសរបស់រដ្ឋាភិបាល និងការរីកចម្រើនរបស់ក្រុមហ៊ុនរថយន្តអគ្គិសនីចិន មិនបានជួយឱ្យប្រាក់ចំណេញកើនឡើងស្របគ្នានោះទេ។
ទិន្នន័យក្នុងត្រីមាសទី១ របស់ក្រុមហ៊ុនទីផ្សារ CLSA បានបង្ហាញថា ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនរថយន្តចិន BYD ក្នុងមួយគ្រឿង បានថយចុះបន្តិចម្តងៗក្នុងរយៈពេល ១២ខែកន្លងមកនេះ មកនៅត្រឹម ៧៣៩ដុល្លារ ខណៈក្រុមហ៊ុនរថយន្តអាម៉េរិក Tesla បានថយចុះមកត្រឹម ២៩១៩ដុល្លារ។
កាលពីឆ្នាំមុន វិស័យរថយន្តអគ្គិសនីបានប្រឈមមុខការប្រជែងតម្លៃយ៉ាងខ្លាំង។ ក្រុមហ៊ុនផលិតរថយន្តទាំងអស់កាត់បន្ថយតម្លៃ ឬបញ្ចេញម៉ាករថយន្តដែលមានតម្លៃថោកជាងមុន ។ ក្រុមហ៊ុនចិណ Nio កាលពីខែមុនបានព្យាករថា ម៉ាករថយន្តចំនួន១០ ប្រហែលជាបាត់វត្តមាននៅលើទីផ្សារក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ ពាក់ព័ន្ធនឹងបញ្ហានេះ វានៅសល់ប្រហែលតែ ២០ ទៅ៣០ ម៉ាកតែប៉ុណ្ណោះ។
ថ្មីៗនេះ អាម៉េរិកក៏បានបង្កើនការគាំទ្ររបស់ខ្លួនសម្រាប់វិស័យរថយន្តអគ្គិសនីដែរ។ ក្រោមច្បាប់កាត់បន្ថយអតិផរណា (IRA) ដែលចូលជាធរមានចាប់ពីខែសីហា ឆ្នាំ២០២២ ប្រទេសនេះនឹងត្រៀមថវិកាចំនួន ៣៧០ពាន់លានដុល្លាទៀត ដើម្បីលើកកម្ពស់បច្ចេកវិទ្យាស្អាត៕