សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ក្រុមហ៊ុន​ Nissan បិទរោងចក្រមួយនៅចិន ស្របពេលមានការប្រជែងខ្លាំង
25, Jun 2024 , 11:01 am        
រូបភាព
ការតាំងពិព័រណ៍រថយន្ត Nissan នៅទីក្រុង Shenyang ខេត្ត Liaoning ភាគឦសានប្រទេសចិនកាលពីឆ្នាំ ២០២២។ រូបភាព ៖ Xinhua
ការតាំងពិព័រណ៍រថយន្ត Nissan នៅទីក្រុង Shenyang ខេត្ត Liaoning ភាគឦសានប្រទេសចិនកាលពីឆ្នាំ ២០២២។ រូបភាព ៖ Xinhua
ក្រុមហ៊ុនជប៉ុន Nissan បានបញ្ឈប់ការផលិតរថយន្តនៅទីក្រុង Changzhou ដើម្បីកាត់បន្ថយទិន្នផល និងកែលម្អប្រតិបត្តិការរបស់ខ្លួនឡើងវិញនៅទីនោះ ដោយសារសម្ពាធប្រកួតប្រជែងពីក្រុមហ៊ុនរថយន្តអគ្គិសនីចិន។

 
ក្រុមហ៊ុន Nissan បានចាប់ផ្តើមផលិតរថយន្តនៅចិនក្នុងឆ្នាំ ២០០០ តាមរយៈការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនក្នុងស្រុក Dongfeng ។ សាជីវកម្មជប៉ុនមួយនេះមានរោងចក្រចំនួន៨នៅចិន។
 
សមត្ថភាពផលិតរបស់ក្រុមហ៊ុន Nissan នៅក្នុងទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោកមួយនេះមានចំនួន១,៦លានគ្រឿង ក្នុងនោះរោងចក្រនៅទីក្រុង Changzhou ខេត្តជាំងស៊ូ មានចំនួនប្រហែល ៨ភាគរយ។ នេះជាទីតាំងផលិតគ្រឿងបរិក្ខារទំនើបបំផុត ដែលបានចាប់ផ្តើមដំណើរការក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ដោយផលិតរថយន្តប្រហែល១៣០ពាន់គ្រឿងក្នុងមួយឆ្នាំ។ ទិន្នផល​របស់ Nissan នៅ​ចិន​មានចំនួន​លើសពីក្រុមហ៊ុនជប៉ុន Toyota និង Honda ​អំឡុង​ឆ្នាំ ២០០៨-២០១៨។
 
យ៉ាងណាមិញ ​ដូច​ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន​ដទៃ​ទៀត Nissan បាន​បាត់បង់​ចំណែក​ទីផ្សារ​ទៅ​ឱ្យ​គូប្រជែង​ក្នុង​ស្រុក​ដែល​កំពុង​កើនឡើង​យ៉ាង​ឆាប់រហ័ស។ ក្រុមហ៊ុនចិនទាំងនោះ បានទាក់ទាញអ្នកទិញជាមួយនឹងម៉ាករថយន្តអគ្គិសនីក្នុងតម្លៃប្រហាក់ប្រហែលនឹងរថយន្តដែលប្រើប្រាស់ម៉ាស៊ីនចំហេះខាងក្នុង។
 
នៅឆ្នាំ ២០២៣ ការលក់របស់ក្រុមហ៊ុនផលិតរថយន្តជប៉ុនទាំងបីនៅចិនមានការធ្លាក់ចុះទាំងអស់ ដោយ Nissan ធ្លាក់ចុះ ១៦ភាគរយ, Honda (២០ភាគរយ) និង Toyota (១៨ភាគរយ)។ ចំណែកក្រុមហ៊ុនផលិតរថយន្ត Mitsubishi ក៏បានសម្រេចចិត្តបញ្ឈប់ប្រតិបត្តិការនៅក្នុងប្រទេសនេះ។
 
ការធ្លាក់ចុះនៃម៉ាកយីហោជប៉ុននៅចិន បានចាប់ផ្តើមនៅឆ្នាំ ២០២០។ ប៉ុន្តែចាប់ពីឆ្នាំ ២០២៣ អត្រានៃការធ្លាក់ចុះកាន់ខ្លាំង។
 
យោងតាមទិន្នន័យពីសមាគមក្រុមហ៊ុនផលិតរថយន្តចិន (CAAM) ៥០ភាគរយនៃរថយន្តដឹកអ្នកដំណើរដែលប្រើប្រាស់ក្នុងទីផ្សារនេះ ជាប្រភេទរថយន្តអគ្គិសនី ដែលក្នុងនោះមានតិចតួចបំផុតជាម៉ាករថយន្តរបស់ជប៉ុន៕

Tag:
 រថយន្ត
  ចិន​
  ជប៉ុន
  Nissan
© រក្សាសិទ្ធិដោយ thmeythmey.com