ជាតិ
៥ខែ អ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ៦៧០នាក់
26, Jun 2024 , 11:45 am        
រូបភាព
 ករណីគ្រោះថ្នាក់ចរាចរណ៍នាពេលកន្លងមក។ រូបពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ករណីគ្រោះថ្នាក់ចរាចរណ៍នាពេលកន្លងមក។ រូបពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ភ្នំពេញ៖ រយៈពេល៥ខែ ក្នុងឆ្នាំ២០២៤ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ៦៧០នាក់ ហើយអ្នករងរបួស សរុបមាន១៧៧២នាក់។

 
លោក ចេវ ហាក់ អគ្គស្នងការរងទទួលផែនចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអះអាងថា ៥ខែ មានគ្រោះថ្នាក់ចរាចរណ៍ ១ ២៩៦ករណី ដែល៥៥ភាគរយ កើតឡើងនៅពេលយប់។ បើតាមលោក ចេវ ហាក់ ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ៥ខែនេះ កើនឡើង៧ភាគរយ បើធៀបនឹងឆ្នាំមុន។ 
 
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក លោក ចេវ ហាក់  បានបន្ថែមថា៖«យើងសង្កេតឃើញបញ្ហាគ្រោះថ្នាក់ចរាចរណ៍ មាន៤០ភាគរយ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ដោយសារបើកហួសល្បឿន, មិនគោរពសិទ្ធិអាទិភាពមាន២៤ភាគរយ, មិនប្រកាន់ស្ដាំ៩ភាគរយ, មិនប្រយ័ត្ន៨ភាគរយ…»។ 
 
លោក ចេវ ហាក់ អគ្គស្នងការរង ទទួលផែនចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ រូបដោយ វតី 

អគ្គស្នងការរងទទួលផែនចរាចរណ៍រូបនេះ បានកត់សម្គាល់ឃើញថា គ្រោះថ្នាក់ចរាចរណ៍បង្កឡើង ដោយសារគ្រឿងស្រវឹង មានការថយចុះច្រើន។ ជាមួយគ្នានេះ មានរថយន្តដឹកកម្មករជួបគ្រោះថ្នាក់ចរាចរណ៍ចំនួន៤ករណី ក្នុងខេត្តព្រះសីហនុ ស្វាយរៀង និងកំពង់ឆ្នាំង។ គ្រោះថ្នាក់នេះ មានកម្មករ១០៤នាក់រងរបួស។
 
ដោយឡែកករណីគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវដែក មាន១១លើក។ ករណីទាំងនេះ មានស្លាប់២នាក់ និងរបួសធ្ងន់១៣នាក់ ដែលកើតឡើងនៅខេត្តពោធិ៍សាត់ កំពត ព្រះសីហនុ បាត់ដំបង បន្ទាយមានជ័យ និងភ្នំពេញ។ ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ លោក ចេវ ហាក់ បានវាយតម្លៃថាមានការកើនឡើងខ្ពស់ ហើយក៏ជាកត្តាព្រួយបារម្ភរបស់សមត្ថកិច្ច​ដែរ៕ 

Tag:
 គ្រោះថ្នាក់ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com