ជាតិ
រដ្ឋមន្រ្តីយុត្តិធម៌៖ បកស្រាយច្បាប់សំអាងអង្គហេតុ ភស្តុតាង និងច្បាប់ មិនមែនបកស្រាយតាមអារម្មណ៍
27, Jun 2024 , 2:29 pm        
រូបភាព
ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាអ្នកទទួលបន្ទុកតាមដានការអនុវត្តសំណុំរឿង ស្រី ស៊ីណា ដើម្បីយុត្តិធម៌សង្គម។ លោកទទូចស្នើឱ្យមហាជនមានការពិចារណា លើអង្គហេតុ ភស្តុតាង និងច្បាប់ កុំយកអារម្មណ៍មកកាត់សេចក្ដីលើសំណុំរឿង។

 

សន្និសីទសារព័ត៌មានពាក់ព័ន្ធ «ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា» ដែលរៀបចំឡើងនៅក្រសួងយុត្តិធម៌ នាថ្ងៃ២៦មិថុនា លោក កើត រិទ្ធ បានព្យាយាមពន្យល់ថា ការវិន័ច្ឆ័យសំណុំរឿងអ្វីមួយ ក្នុងបទល្មើសព្រហ្មទណ្ឌ ដោយផ្អែកតាមការយល់ឃើញផ្ទាល់ខ្លួន ជារឿងខុសឆ្គង។ ជាក់ស្ដែងរដ្ឋមន្ត្រីយុត្តិធម៌ បានលើកពីករណី ស្រី ស៊ីណា មកបកស្រាយថា មហាជនបានយកទស្សនផ្ទាល់ខ្លួន មកសន្មត់លើជនល្មើសថាគួរមានទោសមួយជីវិត ដោយលើកយកហេតុផលនានា មកបកស្រាយ។  
 
ប៉ុន្តែការប្រើប្រាស់អារម្មណ៍បកស្រាយច្បាប់នេះ មិនមែនជារឿងត្រឹមត្រូវឡើយ។ លោកសង្កត់ធ្ងន់ថា ការអនុវត្ត និងបកស្រាយច្បាប់ ទៅតាមអារម្មណ៍ នឹងធ្វើឱ្យប៉ះពាល់គោលការនៃការអនុវត្តច្បាប់ និងកិត្យានុភាពនៃច្បាប់។ 
 
«ដូច្នេះ ការបកស្រាយច្បាប់ និងការអនុវត្តច្បាប់ ដែលត្រឹមត្រូវ គឺត្រូវផ្អែកលើអង្គហេតុ ភស្តុតាង និងច្បាប់ ក្នុងសំណុំរឿង ហើយគោរពតាមគោលការកិត្យានុភាពដែលជាគោលការគ្រឹះនៃក្រមព្រហ្មទណ្ឌ។ សម្រាប់អ្នកអនុវត្តច្បាប់ គាត់ពុំមានជម្រើសអ្វីក្រៅពីអនុវត្តតាមច្បាប់នោះទេ!»។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានពន្យល់បែបនេះ ក្នុងសន្និសីទ។ 
 
ករណីដែលមហាជនចាប់អារម្មណ៍ច្រើនបែបនេះ លោកអះអាងថា អ្នកអនុវត្តច្បាប់ ក៏កាន់តែប្រុងប្រយ័ត្នខ្ពស់ និងយកចិត្តទុកដាក់ទ្វេដង ដើម្បីធានាថាមានភាពម៉ឺងម៉ាត់ និងត្រឹមត្រូវ ចំពោះការអនុវត្តច្បាប់៕ 
 

Tag:
 ស្រី ស៊ីណា
  ឃាត់កម្ម
  សង្គម
  យុត្តិធម៌
  កើត រិទ្ធ
© រក្សាសិទ្ធិដោយ thmeythmey.com