ជាតិ
សុខភាព
សេដ្ឋកិច្ច
សេដ្ឋកិច្ចជាតិកើន តែអាជីវករ និងអ្នកប្រកបរបរតូចតាច ត្អូញត្អែរថា រកស៊ី​ «តឹង»!​
21, Jun 2024 , 8:59 am        
រូបភាព
ហាងបាយ​ម្លប់ឆត្រទួលទំពូង១៣៥ ធ្លាប់តែមានភាពមមាញឹក​ ភ្ញៀវចេញចូលយ៉ាងសកម្មបែរជាមានភាពស្ងប់ស្ងាត់ទៅវិញ នាពេលម៉ោងថ្ងៃត្រង់ នៅថ្ងៃទី២០មិថុនា។
ហាងបាយ​ម្លប់ឆត្រទួលទំពូង១៣៥ ធ្លាប់តែមានភាពមមាញឹក​ ភ្ញៀវចេញចូលយ៉ាងសកម្មបែរជាមានភាពស្ងប់ស្ងាត់ទៅវិញ នាពេលម៉ោងថ្ងៃត្រង់ នៅថ្ងៃទី២០មិថុនា។
ភ្នំពេញ៖ ក្រោយពីវិបត្តិកូវីដ-១៩ បានផុតរលត់ទៅ សេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញដោយសន្សឹមៗ ជាមួយកំណើនពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្តែងនៅឆ្នាំ២០២២ កម្ពុជា​សម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រា៥,១ភាគរយ។ អត្រានេះបានកើនដល់៥,៣ភាគរយក្នុងឆ្នាំ២០២៣។ តាមការព្យាករពីស្ថាប័នជាតិ និងអន្តរជាតិ សេដ្ឋកិច្ចកម្ពុជានឹងបន្តកើនឡើងទៀត ក្នុងរង្វង់៦ភាគរយ សម្រាប់ឆ្នាំ២០២៤។ រដ្ឋាភិបាលប្រកាសថាសេដ្ឋកិច្ចជាតិកើន​ តែហេតុអ្វីបានជាអ្នករកស៊ីមួយចំនួនស្រែកថា «តឹង» ហើយ ពិបាករកស៊ី?​​

 
អ្នករកស៊ីមួយចំនួន បានត្អូញត្អែរពីផលលំបាកក្នុងការរកចំណូល ដោយប្រៀបបានដូចជា «ស្ករទាញ» ដែលស្អិតហើយ ពិបាកទាញ ខណៈចំណូលពលរដ្ឋធ្លាក់ចុះ ឯការចំណាយកើនឡើង ដោយសារតម្លៃទំនិញឡើងខ្ពស់។ បញ្ហានេះ កំពុងកើតឡើងក្នុងជីវភាពរស់នៅប្រចាំរបស់ពលរដ្ឋកម្ពុជា ស្ទើរតែគ្រប់មជ្ឈដ្ឋានទៅហើយ នាពេលបច្ចុប្បន្ន។ 
 
នាម៉ោងប្រមាណ៨ព្រឹក ហាងម្លប់ឆត្រទួលទំពូង១៣៥ ស្ថិតនៅលើផ្លូវ១៣៥កែង៤៥៤ ម្តុំផ្សារទួលទំពូង​ ធ្លាប់តែមានសកម្មភាពមមាញឹក​ទល់ព្រលប់ បែរជាមានសភាពស្ងប់ស្ងាត់ប្លែកខ្លាំងទៅវិញ ​នារយៈពេលជិត២ឆ្នាំចុងក្រោយនេះ។ 
 
អ្នកស្រី ឃី ហ្គេកជូ ជាម្ចាស់ហាងម្លប់ឆត្រទូលទំពូង១៣៥ ដែលមានលក់បាយសាច់មាន់ បបរ និងគុយឆា អស់ជាង១ទសវត្សរ៍មកហើយ។  ចាប់ពីឆ្នាំ២០២៣មក អាជីវកររូបនេះ អាចទទួលបានប្រាក់ចំណូលពីអាជីវកម្មខ្លួន បានប្រមាណ១លានរៀលប៉ុណ្ណោះក្នុងមួយថ្ងៃ។  ប្រាក់ចំណូលពីការលក់នេះ គឺធ្លាក់ចុះជាង៥០ភាគរយ បើធៀបនឹងឆ្នាំមុនពេលដែលផ្ទុះជំងឺកូវីដ-១៩។ អ្នកស្រី ហ្គេកជូ សង្កេតឃើញថា ចំណូលអាជីវកម្មធ្លាក់ចុះខ្លាំងបែបនេះ ក៏ព្រោះតែប្រជាពលរដ្ឋ ជាពិសេសអតិថិជនខ្លួន បានកាត់បន្ថយការចំណាយ ឬទំហំចាយវាយប្រចាំថ្ងៃរបស់ខ្លួន។ 
 
 ហាងបាយម្លប់ឆត្រទួលទំពូង១៣៥ ស្ថិតនៅផ្លូវ១៣៥កែង៤៥៤ 

« រកស៊ីរាល់ថ្ងៃតឹងណាស់ អត់ដូចមុនទេ! ភ្ញៀវដែលធ្លាប់ចូលហាងយើងមួយសប្តាហ៍៥ដង នៅត្រឹម​១ឬ២ដងប៉ុណ្ណោះ។ ភ្ញៀវដែលធ្លាប់ហូបបាយភៅ្លមាន់យើងតម្លៃ១៥ ០០០រៀល មកនៅត្រឹមបាយសាច់ជ្រូកតម្លៃ៦ ០០០រៀល ឬមកហូបបបរ ឬគុយឆាធម្មតាប៉ុណ្ណោះ»។ នេះជាការរៀបរាប់របស់អ្នកស្រី ហ្គេកជូ ដែលពីមុនធ្លាប់សល់ពីការចំណាយបាន៤០០០ដុល្លារក្នុងមួយខែ បែរជានៅត្រឹម៥០០ទៅ១០០០ដុល្លារប៉ុណ្ណោះ។
 
ការណ៍នេះ បានបង្ខំឱ្យម្ចាស់ហាងម្លប់ឆត្រទួលទំពូង១៣៥​ ដែលបន្តរបររកស៊ីពីគ្រួសារ សម្រេចកាត់បន្ថយចំនួនបុគ្គលិក និងរឹតត្បិតក្នុងការចំណាយប្រចាំថ្ងៃនានា ដើម្បីទ្រលំនឹងអាជីវកម្ម។  បើតាមអ្នកស្រី ហ្គេកជូ អង្ករ សាច់ បន្លែ គ្រឿងទេស រួមទាំងសម្ភារៈវេចខ្ចប់ចំបាច់នានា ដែលបម្រើដល់សកម្មភាពអាជីវកម្មប្រចាំថ្ងៃបានឡើងថ្លៃជាបន្តបន្ទាប់ ស្របតាមនិន្នាការសេដ្ឋកិច្ចជាតិ។
 
ម្ចាស់ហាងម្លប់ឆត្រទួលទំពូង១៣៥​ មានថ្វីមាត់រូបនេះ បន្តនិយាយមកកាន់សារព័ត៌មានឌីជីថលថ្មីៗយ៉ាងដូច្នេះ៖ « ធម្មតាតែ​យើងរកអត់សូវបាន យើងគិតតែចំណាយម៉េចកើត។ អ៊ីចឹងហើយ ទាំងខ្ញុំ ទាំងគេ, តែលក់អត់សូវបាន ឬ រកអត់បានហើយ​ ច្បាស់ណាស់នឹង​កាត់បន្ថយចំណាយដូចតែគេ ដូចឯងហ្នឹង!»។​ 
 
ជាមួយគ្នានេះ​ លោក ឈួន ឡៃ ដែលប្រកបរបរលក់ដូងតាមរទេះនៅលើផ្លូវ១៥៥ ក្បែរផ្សារទួលទំពូង ក៏ជួបបញ្ហាធា្លក់ចុះចំណូល ផងដែរ។  បុរសវ័យ៤២ឆ្នាំរូបនេះ ធ្លាប់តែរកប្រាក់ចំណូលបានពី៧ទៅ៨ម៉ឺនរៀល បែរជានៅត្រឹមតែ៣ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយថ្ងៃ។ ដូងរបស់លោក ឡៃ ​មានតម្លៃ៣៥០០រៀលក្នុងមួយផ្លែ។ 
 


លោក  ឈួន ឡៃ​ អ្នកលក់ដូងនៅលើផ្លូវ១៥៥ ជិតផ្សារទួលទំពូង

ដៃកាន់កាំបិតឈរកាប់ដូងបណ្តើរ បុរសមានពិភាពភ្នែកចំហៀងខាងស្តាំរូបនេះ ក៏បាននិយាយមកកាន់សារព័ត៌មានថ្មីៗបណ្តើរ ជាមួយនឹងសម្តីមួយៗបែបនេះថា៖ « ២ឆ្នាំនេះ រកស៊ីតឹងណាស់! លក់បានមួយៗ។ មួយថ្ងៃលក់បានត្រឹម៣០-៤០ផ្លែ បើធៀបឆ្នាំមុន គឺខុសគ្នាឆ្ងាញ់ណាស់»។  អ្នកលក់ដូងមកពីតាកែវរូបនេះ បានសង្កេតឃើញប្រជាពលរដ្ឋបច្ចុប្បន្ន មិនថាខ្មែរ ឬបរទេសទេ គឺមិនសូវចំណាយលុយដូចមុនឡើយ ដែល​ជាហេតុធ្វើឱ្យលោកលក់មិនសូវដាច់។
 
ត្បិតរកស៊ីតឹង ប៉ុន្តែលោក ឈួន ឡៃ ក៏មិនមានចិត្តបោះបង់ចោលរបររកស៊ី ជិត១០ឆ្នាំមកនេះឡើយ។ លោក ឡៃ ចាត់ទុករបរនេះ​ជាឆ្នាំងបាយដ៏សំខាន់របស់ខ្លួន ទោះសព្វថ្ងៃរកមិនបានសល់ទ្រព្យធំដុំក៏ពិតមែន ។ បើតាមបុរសសម្បុរខ្មៅស្រអែមរូបនេះ ចំណូលដែលបានពីការលក់ដូងនេះ ក៏អាចទប់ទល់ការចំណាយប្រចាំថ្ងៃ និងថ្លៃបន្ទប់ជួល នៅម្តុំចាក់អង្រែ ផងដែរ។ 
 
មិនខុសគ្នាពីអ្នករកស៊ីខាងលើប៉ុន្មានឡើយ, អ្នកស្រី​ ហ៊ៅ បុទុមសុភក្រ ជាអ្នកលក់គ្រឿងទេស និងភេសជ្ជៈ ក៏ស្ថិតនៅលើផ្លូវ១៥៥នេះ ក៏ធ្លាក់ចុះចំណូលប្រចាំថ្ងៃ មកត្រឹម​៥ ទៅ៧ម៉ឺនរៀលប៉ុណ្ណោះ។ លោកស្រី បុទុមសុភក្រ បានត្អូញត្អែរថា ប្រាក់ចំណូលពីការលក់ចាប់ហួយនេះ មិនគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ការចំណាយប្រចាំថ្ងៃ ដូចជា ចំណាយឱ្យកូនទៅរៀន ទៅផ្សារ និងទៅពេទ្យទិញថ្នាំតិចតួចឡើយ។ 
 



ការលក់ធ្លាក់ចុះបែបនេះ មិនមែនដោយសារតែវត្តមាននៃ​ផ្សារបែបទំនើប ឬម៉ាតទេ, តែអ្វីជាបញ្ហាចម្បងនោះ គឺមនុស្សអត់មានលុយចាយដូចមុន។​ អ្នកស្រី បុទុមសុភក្រ បានអះអាងបែបនេះ​៖ « កាលឆ្នាំមុនកើតជំងឺកូវីដ-១៩ ខ្ញុំអាចលក់បានយ៉ាងហោច៣០ទៅ៤០ម៉ឺនរៀលក្នុងមួយថ្ងៃ។ តែ​ចាប់ពីផ្ទុះឡើងនូវកូវីដ-១៩ ជាពិសេស២ឆ្នាំចុងក្រោយនេះ, ថ្ងៃខ្លះខ្ញុំរកតែ៥ម៉ឺនរៀលមិនបានផង។  ខ្ញុំជឿជាក់ថាបញ្ហាកើតឡើងដោយសារមនុស្សអត់មានលុយចាយ មិនដោយសារ​មានផ្សារបែបទំនើប ឬ ម៉ាតទេ»។
 
សេដ្ឋកិច្ចប្រជាពលរដ្ឋដំណើរការល្អឡើងវិញបាន លុះត្រាតែស្ថានភាពម៉ាក្រូសេដ្ឋកិច្ចដំណើរការរលូន ហើយលំហូរវិនិយោគិន ​និងទេសចរបរទេសមានប្រក្រតីភាពឡើងវិញ ជាមួយកំណើនដល់កម្រិតមុនស្ថានភាពកូវីដ-១៩ ទើបពេលនោះជីវភាព ឬមុខរបររបស់ពលរដ្ឋ មានភាពល្អប្រសើរ។ ជាក់ស្តែង បច្ចុប្បន្ន រដ្ឋាភិបាលប្រឹងប្រែងទាក់ទាញការវិនិយោគពីបរទេស, ពង្រីកជើងហោះហើរជាមួយប្រទេស-តំបន់ដៃគូ ដើម្បីជំរុញកំណើនទេសចរណ៍​, ជំរុញការពាណិជ្ជកម្ម និងដោះស្រាយបញ្ហានៃ​វិបត្តិអចលនទ្រព្យជាដើម ដែលធ្វើឱ្យសេដ្ឋកិច្ចជាតិ សម្រេចបាននូវកំណើនជាបន្តបន្ទាប់។
 
ប៉ុន្តែកំណើនសេដ្ឋកិច្ចជាតិនេះ គឺមិនអាចជះផលវិជ្ជមានបានភ្លាមៗ ដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកប្រកបរបររកស៊ីក្នុងស្រុកឡើយ ដោយត្រូវបានពេលវេលាសមស្រប ឬរយៈពេលជាក់លាក់ណាមួយ។ នេះជាការលើកឡើងរបស់អ្នកជំនាញសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា​ លោកបណ្ឌិត ហុង វណ្ណៈ ដោយនិយាយដូច្នេះ៖ « អ៊ីចឹងហើយបានជានៅក្នុងអន្តរកាលនេះ! ពលរដ្ឋដែលឃើញតួលេខពីការព្យាករកំណើនសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ឬស្ថាប័នអន្តរជាតិ ថា មិនឆ្លុះបញ្ចាំងពីភាពជាក់ស្តែងនៃស្ថានភាពសេដ្ឋកិច្ចរបស់ពលរដ្ឋក្នុងស្រុក»។

 អ្នកជំនាញសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា លោក បណ្ឌិត ហុង វណ្ណៈ​

ដើម្បីឱ្យសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងស្រុក មានភាពរស់រវើកឡើងដូចមុនពេលសម័យកូវីដ-១៩ កម្ពុជាត្រូវការពេលយ៉ាងហោចណាស់៣ទៅ៥ឆ្នាំទៀត ឬឈានដល់រយៈពេលវែង គឺ១០ឆ្នាំតែម្តង។ នេះបើតាមលោក ហុង វណ្ណៈ ។ 
 
ក្នុងបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានបន្ថែមថា៖ « ផ្អែកតាមសូចនាករក្នុងឆ្នាំ២០២៤ បើមិនមានអ្វីប្រែលប្រួល ឬមិនមានករណីប្រធានសក្តិណាមួយកើតឡើងទេ, ខ្ញុំគិតថា​  កម្ពុជាយើងត្រូវការពេល៣ទៅ៥ឆ្នាំទៀត ទើបសេដ្ឋកិច្ចពលរដ្ឋយើងដំណើរការបានល្អ។ ព្រោះរាល់ថ្ងៃនេះ​ សេដ្ឋកិច្ចយើងគឺកើន គ្រាន់តែមានកំណើនយឺតប៉ុណ្ណោះ»៕ 
 
 

Tag:
 អាជីវកម្ម
  វិស័យបោះដុំលក់រាយ​
© រក្សាសិទ្ធិដោយ thmeythmey.com