សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
នាយករដ្ឋមន្រ្តីចិន បដិសេធការចោទប្រកាន់ថាចិនលក់ទំនិញថោកៗឱ្យពិភពលោក
26, Jun 2024 , 10:31 am        
រូបភាព
លោក លី ឈាំង នាយករដ្ឋមន្រ្តីចិន ។ រូបភាព ៖ AFP
លោក លី ឈាំង នាយករដ្ឋមន្រ្តីចិន ។ រូបភាព ៖ AFP
នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នាយករដ្ឋមន្ត្រីចិនលោក លី ឈាំង បានច្រានចោលការចោទប្រកាន់របស់លោកខាងលិចដែលថា ចិនកំពុងលក់ទំនិញថោកៗទៅកាន់ពិភពលោក។ លោកចាត់ទុករឿងនេះ ជារឿងគ្មានមូលដ្ឋានច្បាស់លាស់។

 
នាយករដ្ឋមន្រ្តីចិន លោក លី ឈាំង បានបដិសេធការចោទប្រកាន់របស់អាម៉េរិក និងសហភាពអឺរ៉ុប (EU) ជុំវិញក្រុមហ៊ុនចិនទទួលបានអត្ថប្រយោជន៍ពីការឧបត្ថម្ភធន ហើយបានលក់ទៅកាន់ទីផ្សារទាំងនេះជាមួយនឹងបច្ចេកវិទ្យាបៃតងដែលមានតម្លៃថោកៗ។
 
«ចិនផលិតរថយន្តអគ្គិសនីទំនើប ថ្មសាកលីចូម-អ៊ីយ៉ុង ផលិតផលអេឡិកត្រូនិច និងរបស់ផ្សេងទៀតជាច្រើន ដើម្បីបំពេញតម្រូវការក្នុងស្រុកជាមុន។ ប៉ុន្តែវាក៏បង្កើនការផ្គត់ផ្គង់សកលដែរ។ ឧស្សាហកម្មថ្មីរីកចម្រើនយ៉ាងឆាប់រហ័ស ដោយសារយើងមានគុណសម្បត្តិប្រៀបធៀប»។ លោក លី ឈាំង ថ្លែងបែបនេះនៅវេទិកាសេដ្ឋកិច្ចពិភពលោកដែលប្រព្រឹត្តទៅនៅទីក្រុង Dalian របស់ចិន​នាថ្ងៃទី២៥ ខែមិថុនា។ 
 
ការថ្លែងរបស់លោក លី ធ្វើឡើងក្នុងបរិបទដែលចិន និងសហភាពអឺរ៉ុបកំពុងរៀបចំចរចារផែនការដំឡើងពន្ធលើរថយន្តអគ្គិសនីរបស់ចិន។ កាល​ពី​ខែ​មុន អាម៉េរិក​ក៏​បាន​ដំឡើង​ពន្ធ៤​ដង ​លើ​រថយន្ត​អគ្គិសនី​ពី​ប្រទេស​នេះដែរ។
 
អឺរ៉ុបកំពុងប្រកាន់ជំហរគាំពារនិយមកាន់តែខ្លាំងឡើង ស្រដៀងនឹងអាម៉េរិក ព្រោះបារម្ភថា កំណើនផលិតកម្មនឹងធ្វើឱ្យចិន ហ៊ានលក់ទំនិញថោកៗទៅកាន់ពិភពលោក។ ទន្ទឹមនេះ ធុរកិច្ចចិនកំពុងផ្តោតលើការនាំចេញដោយសារតែតម្រូវការក្នុងស្រុកចុះខ្សោយ។
 
ទីក្រុងប៉េកាំងបានព្រមានទីក្រុងព្រុចសែល អំពីហានិភ័យនៃសង្គ្រាមពាណិជ្ជកម្មដែលផ្ទុះឡើងដូចអាម៉េរិក-ចិនក្នុងឆ្នាំ២០១៨។ កាលពីសប្តាហ៍មុន ចិនបានបើកការស៊ើបអង្កេតប្រឆាំងនឹងការលក់បង្ខូចថ្លៃលើសាច់ជ្រូកនាំចូលពីអឺរ៉ុប ។
 
លោក លី បានពន្យល់ថា អត្ថប្រយោជន៍នៃទំហំផលិតកម្មអាចកាត់បន្ថយការចំណាយយ៉ាងច្រើនសម្រាប់អាជីវកម្ម។ នេះជាការប្រកួតប្រជែងនៃឧស្សាហកម្មថ្មីនៅក្នុងប្រទេសចិន។ លោកបន្ថែម​ថា ចិន​បាន​វិនិយោគ​លើ​បច្ចេកវិទ្យា​បៃតង​ជាយូរណាស់មកហើយ ហើយ ការបោទប្រកាន់របស់លោកខាងលិចគឺគ្មានមូលដ្ឋានច្បាស់លាស់នោះទេ។
 
នៅខាងក្រៅវេទិកា WEF លោក Benoit Boulet សាស្រ្តាចារ្យផ្នែកវិស្វកម្មមេកានិចនៅសាកលវិទ្យាល័យ McGill បានប្រាប់ Reuters ថា ចិនពិតជាឈានមុខគេក្នុងការផលិតរថយន្តតម្លៃទាប។ នេះជាមេរៀនសម្រាប់ការកែលម្អជាមួយគ្នា។ រថយន្តរបស់ពួកគេបានប្រជែងចូលទីផ្សារ​អាម៉េរិក​ខាង​ជើងហើយ។
 
កន្លងមក ទីក្រុងប៉េកាំងនៅតែបដិសេធការចោទប្រកាន់លើការផលិតហួសហេតុ និងការឧបត្ថម្ភធនរបស់រដ្ឋដោយអះអាងថា នៅពេលដែលសេដ្ឋកិច្ចងើបឡើងវិញ សមត្ថភាពផ្គត់ផ្គង់បច្ចុប្បន្ននឹងបំពេញតម្រូវការកាន់តែប្រសើរឡើង។
 
ចាប់តាំងពីដើមឆ្នាំនេះមក សេដ្ឋកិច្ចរបស់ចិនបានរក្សានូវនិន្នាការកើនឡើង ហើយអាចបន្តប្រសើរឡើងនៅក្នុងត្រីមាសទី២។ ចិនបានដាក់គោលដៅសម្រាប់កំណើនសេដ្ឋកិច្ចឆ្នាំ២០២៤ ក្នុងរង្វង់ ៥ភាគរយ៕ 

Tag:
 ចិន
  ទំនិញ
  ពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com