RFI
អន្តរជាតិ
សហភាពអឺរ៉ុបផ្តើមចរចាបញ្ចូលសមាជិកភាពអ៊ុយក្រែននិងម៉ុលដាវីជាផ្លូវការ
×
ដោយ អៀង សុខម៉ិញ/RFI ខេមរភាសា
នៅថ្ងៃអង្គារទី២៥មិថុនា អឺរ៉ុបបានបើកកិច្ចចរចាជាផ្លូវការ ស្តីការបញ្ចូលបេក្ខភាពអ៊ុយក្រែននិងម៉ុលដាវី ជាសមាជិករបស់សហភាពអឺរ៉ុប។ ហុងគ្រីដែលនឹងក្លាយជាប្រធានផ្លាស់វេនសហភាពអឺរ៉ុបចាប់ពីថ្ងៃទី១កក្កដា មិនប្រើសិទ្ធិប្រឆាំងវេតូនឹងការចរចានេះទេ បើទោះបីជាមានជំហរប្រឆាំងជាគោលការណ៍ក៏ដោយ។ ប៉ុន្តែដំណើរផ្លូវនៅវែងឆ្ងាយទៀតណាស់ ហេតុដូច្នេះហើយបានជាអ៊ុយក្រែនក៏ដូចជាអឺរ៉ុបបានចាត់ទុកការចាប់ផ្តើមចរចានេះ ជាដំណាក់កាល ប្រវត្តិសាស្ត្រ។
រុស្ស៊ីបានស្វះស្វែងប្រើគ្រប់មធ្យោបាយរារាំងដំណើរចូលជាសមាជិកសហភាពអឺរ៉ុប របស់អ៊ុយក្រែននិងម៉ុលដាវី ដែលធ្លាប់ជាប្រទេសក្នុងប្លុកសាធារណរដ្ឋសហភាពសូវៀត។ ប៉ុន្តែនៅឆ្នាំ២០៣០ អ៊ុយក្រែននឹងបានក្លាយជាសមាជិកសហភាពអឺរ៉ុប។ នេះបើតាមការព្យាកររបស់លោក ឆាល មីឆែល ប្រធានក្រុមប្រឹក្សាអឺរ៉ុប នាឱកាសបើកចរចាជាផ្លូវការជាមួយអ៊ុយក្រែននិងម៉ុលដាវី។
២០៣០ហាក់ដូចជានៅឆ្ងាយខ្លាំងណាស់ ប៉ុន្តែករណីអ៊ុយក្រែននិងម៉ុលដាវីប្រព្រឹត្តទៅលឿនខ្លាំងណាស់។ អ៊ុយក្រែនទើបបានដាក់បេក្ខភាព សុំចូលក្នុងសហភាពអឺរ៉ុប នៅថ្ងៃទី២៨កុម្ភៈ២០២២ -បួនថ្ងៃក្រោយការវាយចូលឈ្លានពានរបស់រុស្ស៊ីលើក្រុងកៀវ។ នៅខែមិថុនា ឆ្នាំដដែល អ៊ុយក្រែនបានទទួលលក្ខន្តិកៈជារដ្ឋបេក្ខជន ហើយអ្វីៗក៏បានពន្លឿនទៅមុខយ៉ាងរហ័ស ដោយយោលទៅស្ថានភាពគំរាមកំហែងយ៉ាងជាក់ស្តែងរបស់អ៊ុយក្រែន។ ហើយនៅថ្ងៃទី២៥មិថុនា២០២៤ ការចរចាដើម្បីក្លាយជាសមាជិកអឺរ៉ុបពេញលេញបានចាប់ផ្តើមជាផ្លូវការ។
សន្និសីទអន្តររដ្ឋាភិបាលបានប្រព្រឹត្តទៅលើកទីមួយ រវាងសហភាពអឺរ៉ុបជាមួយអ៊ុយក្រែន នៅពេលព្រឹក បន្ទាប់មកជាមួយម៉ុលដាវីនៅពេលរសៀល។ ក្រុមអ្នកចរចានឹងចាប់ត្រួតពិនិត្យច្បាប់រដ្ឋធម្មនុញ្ញអ៊ុយក្រែននិងម៉ុលដាវី ដើម្បីផ្ទៀងផ្ទាត់ថាតើស៊ីចង្វាក់នឹងច្បាប់អឺរ៉ុបដែរឬអត់។ នេះជាដំណើរឈានចូលដល់ដំណាក់កាលថ្មី ដែលមានលក្ខណៈបច្ចេកទេសខ្លាំង និងដែលជាគោលការណ៍ត្រូវចំណាយពេលដល់ទៅមួយឬពីរឆ្នាំ។ អ៊ុយក្រែនក៏ត្រូវប្រឹងបន្តប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិងធ្វើកំណែទម្រង់នានា។ ជាបន្ទុកដ៏ធ្ងន់ តែក៏ត្រូវបានពន្លឿនដោយសង្គ្រាមនិងឆន្ទៈរបស់ពលរដ្ឋ។
ថ្វីបើសន្និសីទអន្តររដ្ឋាភិបាលម្សិលមិញមានទម្រង់ជាផ្លូវការ តែគឺចាប់ពីថ្ងៃនេះដែលក្រុមអ្នកចរចាអ៊ុយក្រែននិងម៉ុលដាវី ត្រូវលាតត្រដាងសមត្ថភាពប្រទេសមួយចំណុចម្តងៗប្រាប់តំណាងអឺរ៉ុប ដើម្បីឈានសម្រេចនៅសប្តាហ៍ឬជាច្រើនខែទៀតអំពីចំណុចត្រូវចរចា ត្រូវធ្វើកំណែទម្រង់។ ដោយជាក់ស្តែងទៅនោះ ជំពូកដែលត្រូវចរចាស៊ីជម្រៅខ្លាំងមាន៥ចំណុច ទាក់ទងតាំងពីកសិកម្មដល់សេរីភាពនៃការធ្វើដំណើររបស់ពលករ ពីកម្មសិទ្ធបញ្ញាទៅរនាំងពន្ធគយ ។ល។ អ៊ុយក្រែននិងម៉ុលដាវី ក៏ត្រូវធានាតម្រឹមសមត្ថភាពច្បាប់ សេដ្ឋកិច្ច នីតិរដ្ឋ តម្លៃប្រជាធិបតេយ្យ សិទ្ធិមនុស្ស សិទ្ធិជនជាតិភាគតិច ឱ្យស៊ីនឹងគោលការណ៍អឺរ៉ុប។
ដំណើរការចរចាអាចនឹងត្រូវពន្យឺតពេលបន្តិច ដោយចាប់ពីថ្ងៃទី១កក្កដាទៅ ហុងគ្រីដែលមាននយោបាយប្រឆាំងនឹងការពង្រីកសមាជិកភាពអឺរ៉ុប នឹងក្លាយជាប្រធានផ្លាស់វេនសហភាពអឺរ៉ុប ហើយអាចកិកកុកដោយបង្ហូសពេលវេលាបើកចរចាចំណុចដំបូងជាដើមបាន៕
© រក្សាសិទ្ធិដោយ thmeythmey.com