កីឡាជាតិ
ជាតិ
ប្រធានសហព័ន្ធទាញព្រ័ត្រមើលឃើញ យុវជក្រោមអាយុ១៩ឆ្នាំ ជាអ្នកបន្តវេនដ៏ល្អ
18, May 2024 , 8:00 am        
រូបភាព
លោក មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា
លោក មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា
លោក មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បាននិយាយថា កីឡាករ-កីឡាការិនីទាញព្រ័ត្រកម្ពុជា រីកចម្រើនទាំងសមត្ថភាព និងបច្ចេកទេស ក្នុងឆ្នាំ២០២៤នេះ។ ប្រធានរូបនេះ បន្ថែមថា ចាប់ពីឆ្នាំ២០២៥ យុវជនក្រោម១៩ នឹងត្រូវបន្ដវេន ក្នុងកិច្ចការជួយអភិវឌ្ឍ និងផ្សព្វផ្សាយ នៅកីឡាមួយនេះ ជាពិសេសការប្រជែងយកជ័យលាភីណាមួយ លើឆាកអន្ដរជាតិ។



លោក មាស សារិន សម្លឹងឃើញ សមត្ថភាពកីឡាករ-កីឡាការិនីកីឡាទាញព្រ័ត្រ រីកចម្រើនខ្លាំង ទាំងការយល់ដឹងពីច្បាប់ល្បែង និងបច្ចេកទេសក្នុងការប្រកួតប្រជែង។ ម្យ៉ាងវិញទៀត សមត្ថភាពដឹកនាំ និងរៀបចំ របស់មន្ដ្រីបច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រម ក៏រីកចម្រើន ហើយអាចនឹងដឹកនាំការប្រកួតអន្ដរជាតិនានាបាន។ ប្រធានសហព័ន្ធរូបនេះ មានសុទិដ្ឋិនិយមដូច្នេះ។



ការសម្លឹងឃើញបែបនេះ លោក មាស សារិន ជឿថា យុវជនជំនាន់ក្រោយ ជាពិសេសយុវជនក្រោម ១៩ឆ្នាំ គឺជាអ្នកបន្ដវេនដ៏ល្អ ក្នុងការអភិវឌ្ឍកីឡាទាញព្រ័ត្រ និងការប្រជែងយកជ័យលាភីផ្សេង លើឆាកអន្ដរជាតិ។
 
«ខ្ញុំ អបអរសារទ ដល់កីឡាករ-កីឡាការិនី ចំពោះការរីកចម្រើនបច្ចេកទេសខ្លាំង ក្នុងឆ្នាំ២០២៤។ គ្រូបង្វឹក និងអាជ្ញាកណ្ដាល ក៏មានការវិវឌ្ឍ។ ចាប់ពីឆ្នាំ២០២៥ យើងឲ្យ យុវជនក្រោយ១៩ឆ្នាំ យើងបន្ដវេន។»។ ប្រធានសហព័ន្ធរូបនេះ បាននិយាយបែបនេះ។
 
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១០-១២ ខែឧសភា សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ នៅទីលានតេជោ ខេត្តព្រះសីហនុ។ ឆ្លងកាត់ការប្រកួតរយៈពេល២ថ្ងៃនោះ សមាគមកីឡាទាញព្រ័ត្រខេត្តបាត់ដំបង ឈរចំណាត់ថ្នាក់លេខ១ ពីការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ ដោយដណ្ដើមបានមេដាយមាស២ និងប្រាក់៤។ ចំណែកចំណាត់ថ្នាក់លេខ២ ខេត្តកំពត ដណ្ដើមបានមេដាយមាស២ និងសំរិទ្ធ២ តាមពីក្រោយដោយខេត្តកំពង់ឆ្នាំ ចំណាត់ថ្នាក់លេខ៣ មេដាយមាស១ ប្រាក់២ និងសំរិទ្ធ១៕

Tag:
 (ទាញព្រ័ត្រ
  មាស សារិន)
© រក្សាសិទ្ធិដោយ thmeythmey.com