អន្តរជាតិ
នាយករដ្ឋមន្រ្តីថៃបបួលមេដឹកនាំបារាំងបង្កើតក្រុមក្នុងWhatsapp ជាមួយមេដឹកនាំកម្ពុជា (ពីឆ្វេងទៅស្តាំ) លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ, លោកអេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង និងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ រូបភាព X_Srettha Thavisin, AFP និង STPM
× នាយករដ្ឋមន្រ្តីថៃ លោកសេដ្ឋា ថាវីស៊ីន ក្នុងដំណើរទស្សនកិច្ចនៅបារាំង បានបបួលលោកអេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ឱ្យបង្កើតក្រុមនៅក្នុងបណ្តាញសង្គម Whatsapp ជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីងាយស្រួលក្នុងការពិភាក្សាពីកិច្ចការអាស៊ានកាន់តែងាយស្រួល និងរហ័សជាងមុន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី១៧ ខែឧសភា។
ក្នុងជំនួបរយៈពេលប្រមាណ ៤ម៉ោង នៅទីក្រុងប៉ារីស លោកសេដ្ឋា ថាវីស៊ីន បានពិភាក្សាលើបញ្ហាជាច្រើន ជាមួយប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុង។ ក្នុងជំនួបនេះ លោកម៉ាក្រុង បានបញ្ជាក់ថា លោកមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។
«លោកសេដ្ឋា បានស្នើបង្កើតក្រុមនៅក្នុងបណ្តាញសង្គម Whatsapp ដែលមានសមាជិកតែបីនាក់ប៉ុណ្ណោះ ដើម្បីពិភាក្សាពីកិច្ចការផ្សេងៗពាក់ព័ន្ធនឹងបារាំង និងអាស៊ាន»។ សារព័ត៌មាន The Nation បានចុះផ្សាយបែបនេះ នៅថ្ងៃទី១៧ ខែឧសភា។
បើតាមលោកសេដ្ឋា ការបង្កើតក្រុមនៅក្នុងបណ្តាសង្គមបែបនេះ គឺដើម្បីងាយស្រួលក្នុងការពិភាក្សាបញ្ហាបារាំង និងអាស៊ាន កាន់តែងាយស្រួល និងរហ័សជាងមុន។ មេដឹកនាំបារាំង និងថៃ ក៏បានពិភាក្សាពីបញ្ហានៅមីយ៉ាន់ម៉ា រួមទាំងជម្លោះនៅតំបន់កាហ្សាផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com