ជាតិ
បទយកការណ៍ / បទសម្ភាសន៍
«ប.ស.ស.» ជាធនាគារនៅក្នុងគ្រួសារកម្មករ
31, May 2024 , 8:29 am        
រូបភាព
«ប.ស.ស.» ជាធនាគារនៅក្នុងគ្រួសារកម្មករ
«ប.ស.ស.» ជាធនាគារនៅក្នុងគ្រួសារកម្មករ
ភ្នំពេញ៖ ប័ណ្ណបេឡាជាតិសន្តិសុខសង្គម ឬហៅកាត់ថា «ប.ស.ស.» ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ជាពិសេសក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌ។ កម្មករ-កម្មការិនីមួយចំនួន បានចាត់ទុកប័ណ្ណ«ប.ស.ស.» ជាធនាគារនៅក្នុងគ្រួសារ ដែលជួយសម្រាលបន្ទុកក្នុងការព្យាបាលជំងឺផ្សេងៗ រួមទាំងប្រាក់អត្ថប្រយោជន៍ជាច្រើន។



បេឡាជាតិសន្តិសុខសង្គម ឬប.ស.ស. ជាស្ថាប័នមួយដែលប្រតិបត្តិការលើរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារ។ ប.ស.ស. ស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាណាព្យាបាលហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ 
 
បច្ចុប្បន្ននេះ បេឡាជាតិសន្តិសុខសង្គម មានសមាជិក ២លាន ១៥ម៉ឺននាក់ ដែលកំពុងទទួលបានការការពារពី ប.ស.ស. ក្នុងនោះកម្មករ-កម្មការិនី ក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌ ផលិតផលស្បែកជើង មានចំនួន ៨១៣ ៦៧៤នាក់។ នេះបើតាមតួលេខរបស់បេឡាជាតិសន្តិសុខសង្គម គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។
 
ប.ស.ស. ជាស្ពានជួយសម្រាលបន្ទុករបស់កម្មករ-កម្មការិនី

លោក ហ៊ូ ប៊ុនថេង ជាកម្មករផ្នែករដ្ឋបាល រយៈពេល១០ឆ្នាំមកហើយ នៅក្នុងរោងចក្រមួយកន្លែង នៅផ្លូវទំនប់កប់ស្រូវ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ កម្មករផ្នែករដ្ឋបាលរូបនេះ ក៏មានប័ណ្ណសមាជិក ប.ស.ស.ដូចកម្មកររោងចក្រដទៃទៀតដែរ។ 

ទិដ្ឋភាពការប្រើប្រាស់សេវានៅមន្ទីរពេទ្យ។ រូបភាព: ញឹក ស្រីល័ក្ខ

តាំងពីមានប័ណ្ណ ប.ស.ស. លោក ប៊ុនថេង បានប្រើប្រាស់សេវាកម្មពាក់ព័ន្ធនឹងសេវាថែទាំសុខភាព ចំនួន ៥ដងមកហើយ។ ដ្បិតរាងកាយមានសុខភាពល្អ កម្លាំងមាំមួន តែលោក ហ៊ូ ប៊ុនថេង ចៀសមិនផុតពីបញ្ហាសុខភាព ដូចជាជំងឺផ្ដាសាយឡើយ។ នៅពេលមានបញ្ហាសុខភាព លោក ប៊ុនថេង តែងតែប្រើប្រាស់ប័ណ្ណសមាជិក ប.ស.ស. នេះ ដើម្បីជួយសម្រួលបន្ទុកនៃការចំណាយ។
 
បុរសរាងស្ដើងមកពីខេត្តកំពង់ស្ពឺរូបនេះ ហាក់បង្ហាញអារម្មណ៍រីករាយ នៅពេលអ្នកសារព័ត៌មានសួរនាំពីបទពិសោធក្នុងការប្រើប្រាស់ប័ណ្ណ ប.ស.ស។ លោក ប៊ុនថេង បន្តរៀបរាប់ថា៖«ពេលយើងឈឺ យើងអត់លុយពិបាកណាស់។ ប៉ុន្តែនៅពេលដែលយើងមានប័ណ្ណ ប.ស.ស.នៅនឹងខ្លួន យើងឈឺយើងអាចទៅពេទ្យបាន ព្រោះគេព្យាបាលយើង»។
 
ទោះបីមិនបានប្រើប្រាស់ប័ណ្ណ ប.ស.ស.ច្រើនខ្លាំង និងព្យាបាលលើជំងឺធ្ងន់ធ្ងរ តែលោក ប៊ុនថេង ពេញចិត្តចំពោះការប្រើប្រាស់ប័ណ្ណដ៏មានប្រយោជន៍មួយនេះ។ «មួយរយៈពេលចុងក្រោយនេះ សេវាកម្មគ្រូពេទ្យល្អ គេទទួលយើង។ គេសួរយើង ថាមាន ប.ស.ស. ឬអត់។ គេយកចិត្តទុកដាក់លើយើង»។ នេះជាការលើកឡើងរបស់បុរសវ័យ៣៥ឆ្នាំរូបនេះ ដោយចាត់ទុក ប.ស.ស.ជាផ្នែកមួយ ដែលជួយកាត់បន្ថយការចំណាយលើបញ្ហាសុខភាព។ 

កម្មករ និងពលរដ្ឋមកធ្វើប័ណ្ណ ប.ស.ស.។ រូបភាព៖ ញឹក ស្រីល័ក្ខ
 
ជាកម្មការិនីរោងចក្រដេរស្បែកជើង (អ៊ីចេង) នៅស្រុកបាទី ខេត្តតាកែវ អ្នកស្រី ចន សុណនី ទើបតែប្រើប័ណ្ណសមាជិក ប.ស.ស. ដើម្បីសម្រាលកូននៅក្នុងខែមេសា ឆ្នាំ២០២៤។ ការសម្រាលកូនទី៣របស់អ្នកស្រីនៅមន្ទីរពេទ្យកាល់ម៉ែត មិនបានចំណាយថវិកានោះទេ ដោយសារតែអ្នកស្រី ជាសមាជិក ប.ស.ស. តាំងពីឆ្នាំ២០១៧មក។
 
ស្រ្តីវ័យ៣៦ឆ្នាំរូបនេះ បរិយាយពីតម្លៃរបស់ ប.ស.ស.យ៉ាងដូច្នេះ៖«ប័ណ្ណ ប.ស.ស.នេះល្អណាស់។ បើអត់ ប.ស.ស.គឺចប់ហើយ ព្រោះត្រូវចំណាយច្រើន»។ អ្នកស្រី សុណនី គិតថា ប.ស.ស.មានតម្លៃសម្រាប់អ្នកស្រី ក៏ព្រោះតែក្រោយសម្រាលកូនស្រីហើយ អ្នកស្រីត្រូវបានអនុញ្ញាតឱ្យបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយឥតគិតថ្លៃ។ 
 
មិនខុសពីកម្មការិនីដែលមានផ្ទៃពោះ ឬសម្រាលកូនរួចដទៃទេ អ្នកស្រី សុណនី ក៏ទទួលបានប្រាក់ឧបត្ថម្ភមុន និងក្រោយសម្រាលពី ប.ស.ស. ដែរ។ បើតាមកម្មការិនីរូបនេះ មុនពេលសម្រាលកូន អ្នកស្រីបានទៅពិនិត្យផ្ទៃពោះ ចំនួន៤ដង ដោយក្នុង១ដង ទទួលបានថវិកា ៨ម៉ឺនរៀលពី ប.ស.ស.។ 

​​ អ្នកស្រី ចន សុណនី ​ជាកម្មការិនីរោងចក្រដេរស្បែកជើង (អ៊ីចេង) នៅស្រុកបាទី ខេត្តតាកែវ។
 
ក្រោយសម្រាលកូនរួច អ្នកស្រី សុណនី ទទួលបានប្រាក់បំណាច់ ៧០ភាគរយពី ប.ស.ស.ដែលស្មើនឹង២លានរៀល។ ជាមួយគ្នានោះ កម្មការិនីរូបនេះ ក៏ទទួលបានថវិកា៨០ម៉ឺនរៀល ពីរាជរដ្ឋាភិបាលផងដែរ។ ស្រ្តីរស់នៅក្នុងខេត្តតាកែវរូបនេះ នឹងបន្តទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០លើកទៀត ពីការពិនិត្យសុខភាព ។ ក្នុងនោះ អ្នកស្រី ត្រូវតាមដានសុខភាពចំនួន ៣លើក ក្រោយសម្រាល និងការចាក់វ៉ាក់សាំងសម្រាប់កូន ចំនួន៧លើក។
 
អត្ថប្រយោជន៍រួមទាំងទឹកប្រាក់ដែលអ្នកស្រី ចន សុណនី ទទួលបាន គឺជាកម្មវិធីគោលនយោបាយយុទ្ធសាស្ត្រថ្មីរបស់រាជរដ្ឋាភិបាល ស្តីពីការបង្កើនប្រសិទ្ធភាពឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ មុនពេលសម្រាល និងក្រោយពេលសម្រាលកូន រហូតដល់កូនអាយុ ២ឆ្នាំ។ គោលនយោបាយនេះ មានគោលដៅលើកកម្ពស់សុខុមាលភាពមាតា និងទារក រួមចំណែកដោះស្រាយកង្វះអាហារូបត្ថម្ភ ព្រមទាំងជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតីរបស់កូនកម្មករនិយោជិត។
 
ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បញ្ជាក់ថា ចាប់ពីខែកញ្ញា ឆ្នាំ២០២៣ មកដល់ខែមីនា ឆ្នាំ២០២៤ រាជរដ្ឋាភិបាល បានបើកសាច់ប្រាក់ឧបត្ថម្ភដល់ស្រ្តីចំនួន ៩១ ៣៩៣នាក់ និងកូនចំនួន ៧២ ៣៩៣នាក់។ បើតាមសម្ដេច ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាល នឹងបន្តគាំទ្រដល់កម្មវិធីបង្កើនប្រសិទ្ធភាពឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ ថែមទៀត។ 
 
ប.ស.ស. ជាធនាគារក្នុងគ្រួសារ...

«ប.ស.ស.នេះ ជួយសម្រាលបន្ទុកបានច្រើន ហើយមានសារៈសំខាន់។ និយាយទៅ វាដូចជាធនាគារមួយក្នុងផ្ទះយើង។ ពេលយើងឈឺថ្កាត់ យើងបាន ប.ស.ស.នេះហើយ»។ នេះជាការរៀបរាប់របស់អ្នកស្រី ចន សុណនី ដោយបន្តថា អំឡុងពេលប្រើប្រាស់ ប.ស.ស. ក្នុងការសម្រាលកូននោះ អ្នកស្រីទទួលបានសេវាកម្មល្អ និងការយកចិត្តទុកដាក់ពីគ្រូពេទ្យ។ 
 
ប.ស.ស. មិនត្រឹមតែជាធនាគារនៅក្នុងផ្ទះទេ តែវាក៏ជួយឱ្យពលរដ្ឋហ៊ានទៅព្យាបាលជំងឺ ដោយលែងបារម្ភពីបញ្ហាថវិកាទៀតផង ។ លោក  ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. យល់ឃើញបែបនេះ ។ 
 
អគ្គនាយករង ប.ស.ស.រូបនេះ លើកឡើងថា៖«សមាជិក ប.ស.ស. ចាត់ទុកប័ណ្ណសមាជិក ប.ស.ស. ជាធនាគារមួយនៅក្នុងគ្រួសារដោយសារតែបងប្អូនលែងព្រួយបារម្ភពីការចំណាយថ្លៃពេទ្យ នៅពេលមានបញ្ហាសុខភាពខ្លួនឯង ក៏ដូចជាអ្នកនៅក្នុងបន្ទុកគ្រួសារ លែងបារម្ភពីការលក់ទ្រព្យសម្បត្តិ ឬខ្ចីបុលអ្នកដទៃ ឬស្ថាប័នហិរញ្ញវត្ថុ ដែលមានហានិភ័យខ្ពស់ សម្រាប់ការព្យាបាលជំងឺ។ ការណ៍នេះ នាំឱ្យសមាជិកអាចសន្សំប្រាក់ដើម្បីចាត់ចែងក្នុងគ្រួសារនីមួយៗ នាំឱ្យមានស្ថិរភាពសេដ្ឋកិច្ចគ្រួសារមិនមានផលប៉ះពាល់ដោយការចំណាយចំាបាច់ផ្សេងៗដូចជាការសិក្សាកូនជាដើម»។


លោក  ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស.។ រូបភាព៖ ឌួក ដែន 

បើតាមលោក  ហេង សុផាន់ណារិទ្ធ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តោតយកចិត្តទុកដាក់ទៅលើសុខុមាលភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនទុកនរណាម្នាក់ នៅក្រៅសំណាញ់ការពារឡើយ។
 
លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម បានបន្ថែមថា បច្ចុប្បន្ននេះ កម្មករនិយោជិត កាន់តែទទួលស្គាល់ពីអត្ថប្រយោជន៍នៃការប្រើប្រាស់ប័ណ្ណ ប.ស.ស. ។ «មតិលើកឡើងខាងលើ គឺបង្ហាញពីការកើនឡើងនៃទំនុកចិត្តរបស់បងប្អូនកម្មករនិយោជិត និងអ្នកមានប័ណ្ណ សមាជិក ប.ស.ស. ទៅលើសេវា និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមនៅកម្ពុជា»។ នេះបើតាមលោកស្រី សោភ័ណ។
 
បើតាមនាយិកាអង្គការអុកស្វាមរូបនេះ អត្ថប្រយោជន៍ ប.ស.ស. សម្រាប់មាតុភាព និងកុមារអាយុក្រោម២ឆ្នាំ បានកាត់បន្ថយចំណាយលើការថែទាំសុខភាព ក្នុងអំឡុងពេលពពោះ សម្រាល និងក្រោយសម្រាល ដែលបានឆ្លើយតបទៅនឹងផែនការរបស់រដ្ឋាភិបាល ក្នុងការជួយកាត់បន្ថយចំណាយរបស់ពលរដ្ឋ លើការថែទាំសុខភាព ពី៦០ភាគរយ មកត្រឹម៣៥ភាគរយ នៅឆ្នាំ២០៣៥ ខាងមុខ។ ចំណែកអត្ថប្រយោជន៍ថែទាំសុខភាព និងគ្រោះថ្នាក់ការងារ ក៏បានជួយកាត់បន្ថយការចំណាយផ្ទាល់ខ្លួនទៅលើជំងឺ ឬគ្រោះថ្នាក់ជាយថាហេតុ ក្នុងម៉ោងបំពេញការងារផងដែរ។

លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម។ រូបភាពពី​ហ្វេសប៊ុក​បេឡាជាតិសន្តិសុខសង្គម។
 
ពង្រឹងក្រមសីលធម៌មន្រ្តី ប.ស.ស. និងគ្រូពេទ្យ...

ទន្ទឹមនឹងកម្មករនិយោជិតខ្លះ មើលឃើញពីចំណុចវិជ្ជមាន នៃការប្រើប្រាស់ប័ណ្ណប.ស.ស.ក្តី ក៏នៅមានអ្នកប្រើប្រាស់ខ្លះទៀត មើលឃើញពីចំណុចអវិជ្ជមាន។ ជាកម្មកររោងចក្រ និងជាសហជីពតំណាងកម្មករនៃសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា «ស៊ីខៅឌូ » លោក អោក គឹមសៀ បានមើលឃើញពីចំណុចខ្វះខាតរបស់ក្រុមគ្រូពេទ្យ ដែលគួរកែតម្រូវ។ សហជីពតំណាងកម្មកររូបនេះ រៀបរាប់ថា៖«កម្មករខ្លះ មិនចង់ប្រើប័ណ្ណ ប.ស.ស. ព្រោះពេទ្យដៃគូខ្លះ មិនយកចិត្តទុកដាក់ យឺតយ៉ាវ សម្ដីអាក្រក់ និងមានការរង់ចាំយូរ»។ 
 
សហជីពតំណាងកម្មករស៊ីខៅឌូរូបនេះ ក៏បានរអ៊ូពីបញ្ហាស្ដង់ដារកំណត់របស់មន្ទីរពេទ្យនីមួយៗ ដែលមានលក្ខណៈខុសគ្នា។ លោក អោក គឹមសៀ បានលើកឡើងពីការធ្វើតេស្តឈាម ដោយមន្ទីរពេទ្យឯកជនខ្លះ អាចពិនិត្យឈាមបាន៣មុខ ពេទ្យខ្លះ៥មុខ និងខ្លះទៀតបានដល់ជិត ១០មុខ។ 
 
ដើម្បីជាក្ដីសង្ឃឹមរបស់កម្មករ-កម្មការិនី និងពលរដ្ឋកម្ពុជា លោក អោក គឹមសៀ អំពាវនាវឱ្យមានភាពស្មើគ្នា រវាងអ្នកប្រើប័ណ្ណ ប.ស.ស. និងអ្នកបង់លុយ ជាពិសេសការបែងចែកបន្ទប់អ្នកជំងឺសម្រាកព្យាបាលឱ្យបានត្រឹមត្រូវ។

លោក អោក គឹមសៀ ជាកម្មកររោងចក្រ និងជាសហជីពតំណាងកម្មករនៃសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា «ស៊ីខៅឌូ »
 
លោក  ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. ទទួលស្គាល់ថា ពិតជាមានចំណុចខ្វះខាតខ្លះ នៅទីតាំងផ្ដល់សេវាសុខភាពមែន។ «នាពេលកន្លងមក យើងឃើញនូវបញ្ហាប្រឈមតិចតួចបន្តកើតមាន ដែលជាកត្តារាំងស្ទះ ដល់ការអនុវត្តរបបសន្តិសុខសង្គមដូចជា បញ្ហាកកស្ទះក្នុងការទទួលសមាជិក នៅតាមមន្ទីរពេទ្យថ្នាក់ជាតិ ដែលនាំឱ្យសមាជិកមានការរង់ចាំយូរ និងមានការរិះគន់ថាពេទ្យមិនយកចិត្តទុកដាក់ជាដើម»។ នេះបើតាមលោក សុផាន់ណារិទ្ធ។
 
ឆ្លើយតបនឹងបញ្ហានេះ លោក  ហេង សុផាន់ណារិទ្ធ បានបញ្ជាក់ថា ប.ស.ស. បានរៀបចំកិច្ចប្រជុំពិភាក្សាជាទៀងទាត់ជាមួយមន្ទីរពេទ្យ ដោយពិភាក្សាលើការពង្រឹងគុណភាពសេវាឱ្យកាន់តែប្រសើរទាំងបច្ចេកទេស និងឥរិយាបទទទួលអតិថិជន ដែលជាសមាជិក ប.ស.ស.។ បើតាមអគ្គនាយករង ប.ស.ស. ក្នុងករណីទទួលបានមតិរិះគន់ ប.ស.ស. មានក្រុមការងារប្រតិកម្មរហ័ស តែងដោះស្រាយភ្លាមៗជាមួយមូលដ្ឋានសុខាភិបាលផងដែរ។
 
បញ្ហាក្រមសីលធម៌នេះ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានពន្យល់ថា៖«សម្រាប់មន្រ្តី ប.ស.ស. ដែលប្រចាំនៅតាមមន្ទីរពេទ្យផ្សេងៗ សុទ្ធតែមានការបណ្ដុះបណ្ដាល អំពីការទទួលខុស អំពីបច្ចេកវិទ្យា ក៏ដូចជាក្រមសីលធម៌។ ប៉ុន្តែចំពោះក្រុមគ្រូពេទ្យ វាជារឿងមួយដែលក្រសួងសុខាភិបាលក៏យកចិត្តទុកដាក់នាពេលកន្លងមក ដើម្បីចៀសវាងការបញ្ចេញកំហឹងផងដែរ»។ 

​​ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ រូបភាពពីហ្វេសប៊ុកលោក កត្តា អ៊ន។
 
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរូបនេះ បន្តថា ករណីគ្រូពេទ្យមិនយកចិត្តទុកដាក់ និងកាយវិការមិនសមរម្យចំពោះអ្នកជំងឺ គឺមានតិចតួច និងស្ទើរតែគ្មាន បើប្រៀបធៀបពី១០ឆ្នាំមុន។  លោក កត្តា អ៊ន បានបន្ថែមថា ការប្រើប្រាស់ប័ណ្ណ ប.ស.ស. របស់កម្មករនិយោជិតសម្រាប់ការថែទាំសុខភាព  មានការពេញនិយមខ្លាំង នាពេលបច្ចុប្បន្ន។ បើតាមអ្នកនាំពាក្យរូបនេះ ក្រោយមានប័ណ្ណសមាជិក ប.ស.ស. កម្មករនិយោជិត លែងបារម្ភពីបញ្ហាសុខភាព គ្រោះថ្នាក់ការងារ និងហានិភ័យការងារទៀតហើយ។  
 
ប.ស.ស. ជាក្ដីសង្ឃឹម

លោក អោក គឹមសៀ សហជីពតំណាងកម្មករស៊ីខៅឌូ ចង់ឱ្យពង្រីកវិសាលភាពមន្ទីរពេទ្យដៃគូ និងបង្កើនកន្លែងធ្វើប័ណ្ណ ប.ស.ស. នៅតាមបណ្ដាខេត្តឱ្យកាន់តែច្រើន ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់។
 
ទាំងលោក អោក គឹមសៀ និងលោក ហ៊ូ ប៊ុនថេង កម្មករផ្នែករដ្ឋបាល ក៏បានសំណូមពរឱ្យមានមន្ទីរពេទ្យដៃគូ នៅតាមស្រុក ខេត្ត ឱ្យកាន់តែច្រើន ។ «ទទួលស្គាល់ថា នៅភ្នំពេញ រីកចម្រើនបានច្រើន។ ប៉ុន្តែសម្រាប់ពេទ្យនៅទីជនបទឆ្ងាយៗមិនទាន់មានទេ។  មិនថាពេទ្យដៃគូឯកជនធំ គឺចង់ឱ្យមានច្រើនដូចភ្នំពេញដែរ ដើម្បីសម្រួលដល់កម្មករដែលជាសមាជិក ប.ស.ស.»។ លោក ប៊ុនថេង និយាយដូច្នេះ។

កម្មករ-កម្មការិនី ចេញពីរោងចក្រ។ រូបភាព៖ តុប សុវណ្ណារ៉ា
 
ពាក់ព័ន្ធនឹងការពង្រីកវិសាលភាពមន្ទីរពេទ្យដៃគូ លោក  ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានបញ្ជាក់ថា ប.ស.ស. បានចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលចំនួន ១ ៥៤៨ទីតាំងហើយ  គិតត្រឹមខែឧសភា ឆ្នាំ២០២៤ ដើម្បីប្រតិបត្តិការផ្តល់សេវាដល់សមាជិក ប.ស.ស. ឱ្យឆាប់រហ័ស និងទាន់ពេលវេលា។ បើតាមលោក សុផាន់ណារិទ្ធ ក្នុងចំណោម ១ ៥៤៨ទីតាំងនេះ មានមន្ទីរពេទ្យជាតិចំនួន ១១ (ថ្នាក់ខេត្ត១), មន្ទីរពេទ្យបង្អែកចំនួន ១២៣ (ថ្នាក់ខេត្ត ១១៣), មណ្ឌលសុខភាពចំនួន ១២៧៧ (ថ្នាក់ខេត្ត ១ ២៣៣) និងមូលដ្ឋានសុខាភិបាលឯកជនចំនួន ១៣៧ (ថ្នាក់ខេត្ត ៦៧)។
 
លោក  ហេង សុផាន់ណារិទ្ធ បន្តថា៖«ប.ស.ស. ក៏គិតគូរអំពីផែនការពង្រីកការចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលឯកជនបន្ថែមទៀតផងដែរ ដោយផ្តោតលើទីតាំងនៅតំបន់ប្រមូលផ្តុំ ដើម្បីសម្រួលដល់ការចូលប្រើប្រាស់សេវា»។
 
ដោយឡែក ការបង្កើនស្នាក់ការ ប.ស.ស.វិញ បច្ចុប្បន្នក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចាប់ផ្ដើមសាងសង់ទីស្នាក់ប.ស.ស.នៅតាមបណ្ដារាជធានី-ខេត្តទូទាំងប្រទេស ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីពង្រីកការចុះឈ្មោះ និងការធ្វើប័ណ្ណ ប.ស.ស. នៅតាមទីកន្លែងថ្នាក់ក្រោមជាតិឱ្យបានច្រើនផងដែរ។ នេះបើតាមលោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ ។
 
ចក្ខុវិស័យរបស់ ប.ស.ស. គឺធានាសន្តិសុខសង្គមប្រកបដោយសមធម៌ និងសាមគ្គីធម៌សង្គម ដើម្បីលើកកម្ពស់សុខុមាលភាព និងជីវភាពប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ប.ស.ស. មានបេសកកម្ម ផ្តល់សេវាផ្នែកសន្តិសុខសង្គម ប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងសង្គតិភាព សម្រាប់បុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈ និងបុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញតិនៃច្បាប់ស្តីការងារ។

ស្នាក់ការកណ្តាលរបស់​បេឡា​ជាតិ​សន្តិសុខសង្គម នៅ​សង្កាត់​ឃ្មួញ រាជធានីភ្នំពេញ។ រូបភាព៖ ញឹក ស្រីល័ក្ខ
 
ជាមួយគ្នានេះ លោក  ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានពន្យល់ថា ប័ណ្ណសមាជិក ប.ស.ស. ផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់បុគ្គលនៃវិស័យសាធារណៈ បុគ្គលនៃវិស័យឯកជន បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.។ សម្រាប់កម្មករនិយោជិតនៃវិស័យឯកជន ក៏ទទួលបានរបបសន្តិសុខសង្គមដូចជា ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធនផងដែរ។ 
 
របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ គឺជាការធានាទៅលើគ្រោះថ្នាក់ទាំងឡាយណាដែលកើតឡើងចំពោះ សមាជិក ប.ស.ស. ក្នុងពេលបំពេញការងារ ទាំងនៅកន្លែងធ្វើការផ្ទាល់ ទាំងពេលធ្វើដំណើរទៅមកកន្លែងធ្វើការ និងជំងឺវិជ្ជាជីវៈ ដែលនឹងរួមចំណែកលើកកម្ពស់សុវត្ថិភាព និងសុខភាពនៅកន្លែងការងារ។  ចំពោះរបបនេះ កម្មករនិយោជិត នឹងទទួលបានសេវាព្យាបាលនិងថែទាំវេជ្ជសាស្រ្ត, ប្រាក់បំណាច់សម្រាប់ការបាត់បង់សមត្ថភាពការងារបណ្តោះអាសន្ន, វិភាជន៍សម្រាប់ការបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍, ធនលាភសម្រាប់ការបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍, សេវាស្តារនីតិសម្បទា និងវិភាជន៍បូជាសព និងធនលាភឧត្តរជីវី។ 

 
កម្មករ-កម្មការិនី ធ្វើដំណើរតាមរថយន្តនៅផ្លូវជាតិលេខ២ ក្រោយចេញពីធ្វើការ។ រូបភាព៖ សយ រតណ្ណៈវិសាល

ចំណែករបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពវិញ គឺផ្តល់ការធានារ៉ាប់រងលើផ្នែកសុខភាព ២៤ម៉ោង/ ២៤ម៉ោង ដោយលើកកម្ពស់សុខភាពសមាជិក តាមរយៈការផ្តល់ជូនអត្ថប្រយោជន៍ដូចជា សេវាព្យាបាលនិងថែទាំវេជ្ជសាស្រ្ត, ប្រាក់បំណាច់ប្រចាំថ្ងៃសម្រាប់រយៈពេលសម្រាកព្យាបាលជំងឺ, ប្រាក់បំណាច់មាតុភាព, សេវាស្តារនីតិសម្បទាផ្នែកវេជ្ជសាស្រ្ត និងវិភាជន៍បូជាសព។ 

សម្រាប់របបសន្តិសុខសង្គមផ្នែកប្រាក់សោធន គឺជាការផ្តល់ប្រាក់ចូលនិវត្តន៍ជាប្រចាំខែ នៅពេលសមាជិក អាយុ៦០ឆ្នាំឡើង ឬមុនអាយុ៦០ឆ្នាំករណីរងទុព្វលភាព ដើម្បីលើកកម្ពស់សិទ្ធិ និងគាំពារជីវភាព និងស្ថិរភាពប្រាក់ចំណូល។  របបនេះ ផ្តល់ជូនអត្ថប្រយោជន៍ដល់សមាជិកដូចជា សោធនជរាភាព, សោធនទុព្វលភាព, សោធនឧត្តរជីវី និងប្រាក់វិភាជន៍បូជាសព។
 
រដ្ឋាភិបាល និងអង្គការដៃគូ ពួតដៃគ្នាកសាងប្រព័ន្ធគាំពារសង្គម

ក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញកម្មវិធីគោលនយោបាយអាទិភាព ចំនួន ៦ ដែលកម្មវិធីទី១ ផ្ដោតលើការផ្តល់ការថែទាំសុខភាពឆ្ពោះទៅគ្របដណ្តប់សុខភាពជាសកល។ គោលនយោបាយអាទិភាពទី១នេះ នឹងពង្រីករបបថែទាំសុខភាពរបស់ ប.ស.ស.ទាំងសម្រាប់កម្មករនិយោជិត និងសម្រាប់មន្ត្រីសាធារណៈ ដែលគ្របដណ្តប់បន្ថែមដល់សមាជិកគ្រួសារ និងអ្នកនៅក្នុងបន្ទុកប្រមាណជាង ៣ លាននាក់ តាមគោលការណ៍ស្ម័គ្រចិត្ត។ 

សម្ដេច ហ៊ុន ម៉ាណែត នាពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។ រូបភាព STPM

ដើម្បីដំណើរការប្រព័ន្ធផ្ដល់ការថែទាំសុខភាព ផ្នែកប្រាក់សោធន និងផ្នែកហានិភ័យការងារដល់សមាជិក ប.ស.ស. ត្រូវមានការចូលរួមពីអង្គការដៃគូនានា ។ បើតាមលោកស្រី ភាណ សោភ័ណ អង្គការអុកស្វាម និងអង្គការដៃគូ បានចូលរួមយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយ  កៀរគរការគាំទ្រ និងកិច្ចសហការនានា ដើម្បីចូលរួមកសាង និងពង្រឹងប្រព័ន្ធគាំពារសង្គមកម្ពុជា។ 
 
«ក្រោមកិច្ចសហការជិតស្និទ្ធជាមួយបេឡាជាតិសន្តិសុខសង្គម យើងបានផ្តួចផ្តើមរៀបចំវេទិកាថ្នាក់តំបន់ និងថ្នាក់ជាតិជាច្រើន ដើម្បីបង្កើតឱកាសជូនដល់និយ័តករ និងប្រតិបត្តិករបបសន្តិសុខសង្គម ថ្នាក់ដឹកនាំមូលដ្ឋាន និងតំណាងកម្មករនិយោជិតគ្រប់វិស័យ តំណាងក្រសួង-មន្ទីរមកពីខេត្តនានា ធ្វើការពិភាក្សា លើកពីកង្វល់ ឆ្លើយតប ជាពិសេសស្វែងរកដំណោះស្រាយសមស្របដើម្បីលើកកម្ពស់ប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន ឆ្លើយតបយេនឌ័រ និងជាសកលនៅកម្ពុជា»។ នេះជាបញ្ជាក់បន្ថែមរបស់នាយិកាអង្គការអុកស្វាម។ 
 
ក្នុងនាមជានាយិកាអង្គការអុកស្វាម លោកស្រី ភាណ សោភ័ណ បានកោតសរសើរ និងអបអរដល់រាជរដ្ឋាភិបាលដែលបានទទួលស្គាល់ និងធានាដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងមាត្រា៣៦ និង៧៥ ដែលផ្តល់សិទ្ធិពេញលេញឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប ទទួលបានការគាំពារសង្គម សុវត្ថិភាព និងអត្ថប្រយោជន៍ផ្សេងទៀត តាមរយៈប្រព័ន្ធសន្តិសុខសង្គមសម្រាប់កម្មករ និយោជិត និងពលរដ្ឋ។
 
ក្រៅពីទទួលស្គាល់លើកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល លោកស្រី ភាណ សោភ័ណ ក៏ស្នើសុំឱ្យពង្រីកការទទួលបានប័ណ្ណសមាជិក ប.ស.ស. ក្នុងចំណោមកម្មករនិយោជិត ដោយពង្រឹងយន្តការជំរុញ និងតាមដានការចុះបញ្ជិកា និងបង់ភាគទាន ប.ស.ស. ក្នុងចំណោមនិយោជក (ឬថៅកែ) ជូនដល់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរ កសិឧស្សាហកម្ម សំណង់ និងកម្មករនិយោជិតក្នុង វិស័យដឹកជញ្ជូន និងសេវាកម្ម ។ 
 
លើសពីនេះ នាយិកាអង្គការអុកស្វាម ក៏បានស្នើឱ្យពិនិត្យមើលលើការសម្រាកមាតុភាព ការថែរក្សាទារកនិងកុមារ គួរតែមានរយៈពេលវែងជាងមុន។ មួយវិញទៀត ចង់ឱ្យពង្រឹងយន្តការគណនេយ្យភាពសង្គម, យន្តការទិតៀន និងឆ្លើយតប ក្នុងប្រព័ន្ធគាំពារសង្គម ដើម្បីពង្រឹងទំនុកចិត្ត និងទំនាក់ទំនងល្អរវាងសមាជិកទាន និងរាជការសាធារណៈ។
 
ជាអង្គការធ្វើការងារច្រើនលើការគាំពារសង្គម លោកស្រី ភាណ សោភ័ណ ស្នើសុំពង្រឹងការយល់ដឹង និងការទទួលបានព័ត៌មានស្តីពីរបបសន្តិសុខសង្គម ក្នុងចំណោមប្រជាពលរដ្ឋ កម្មករនិយោជិត និងនិយោជក តាមរយៈការបង្កើនយុទ្ធនាការផ្សព្វផ្សាយ វេទិកាសាធារណៈ និងប្រចាំឆ្នាំ ។ ជាពិសេស គឺការដាក់បញ្ចូលគោលនយោបាយគាំពារសង្គម ទៅក្នុងកម្មវិធីសិក្សានៅកម្រិតណាមួយ។ 

កម្មការិនីកំពុងមើលប័ណ្ណផ្សព្វផ្សាយរបស់ ប.ស.ស.។ រូបភាពពី​ហ្វេសប៊ុក​បេឡាជាតិសន្តិសុខសង្គម។
 
លោកស្រី សោភ័ណ ក៏ស្នើឱ្យពង្រឹងកិច្ចសហការគ្នា និងកិច្ចសន្ទនាគោលនយោបាយ រវាងនិយតករ និងប្រតិបត្តិករ នៃរបបសន្តិសុខសង្គម ជាមួយតំណាងអង្គការសង្គមស៊ីវិល, ថ្នាក់ដឹកនាំមូលដ្ឋាន និងតំណាងកម្មករនិយោជិត ដើម្បីស្តាប់កង្វល់ និងគំនិតយោបល់ សម្រាប់ជាធាតុចូល ក្នុងការតាក់តែងគោលនយោបាយរបបសន្តិសុខសង្គមសង្គម ឱ្យបានទូលំទូលាយ និងឆ្លើយតបយេនឌ័រ ប្រកបដោយបរិយាបន្ន។
 
មកដល់ពេលនេះ សមាជិក ប.ស.ស. ប្រើប្រាស់សេវាថែទាំសុខភាព នៅតាមមូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងនៅទូទាំងប្រទេស សរុប ១៦,៧១៥,២៣១ដង និងចំណាយថវិកាអស់សរុប ៥០៣,២៨៦,៤៣៩,៣៧៩លានរៀល។
 
បើគិតត្រឹមថ្ងៃទី ០១ ខែមករា ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះវិញ សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងនៅទូទាំងប្រទេសសរុប ២,៧០៧,៧៩៨ដង និងចំណាយថវិកាអស់ សរុប ១៩៧,៥០៨,៩៩៤,៨៣៤លានរៀល។ នេះបើតាមតួលេខរបស់បេឡាជាតិសន្តិសុខសង្គម៕

Tag:
 កម្មករ-កម្មការិនី
  រោងចក្រ
  ប.ស.ស.
© រក្សាសិទ្ធិដោយ thmeythmey.com