អន្តរជាតិ
កោះតៃវ៉ាន់ ជាប្រធានបទសំខាន់ក្នុងជំនួបប្រមុខការពារជាតិអាម៉េរិក-ចិន នៅសិង្ហបុរី
31, May 2024 , 6:19 pm        
រូបភាព
លោក ឡយ អូស្ទីន រដ្ឋមន្រ្តីការពារជាតិអាម៉េរិក និងលោក ដុង ជុន រដ្ឋមន្រ្តីការពារជាតិចិន (ឆ្វេង) នៅសិង្ហបុរី ក្នុងថ្ងៃទី៣១ ខែឧសភា។ រូបភាព AFP
លោក ឡយ អូស្ទីន រដ្ឋមន្រ្តីការពារជាតិអាម៉េរិក និងលោក ដុង ជុន រដ្ឋមន្រ្តីការពារជាតិចិន (ឆ្វេង) នៅសិង្ហបុរី ក្នុងថ្ងៃទី៣១ ខែឧសភា។ រូបភាព AFP
បញ្ហាក្តៅកោះតៃវ៉ាន់ និងជម្លោះនៅតំបន់កាហ្សា បានក្លាយជាប្រធានបទជជែក នៅក្នុងជំនួបប្រមុខការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន និងសមភាគីចិន លោក ដុង ជុន (Dong Jun) នៅថ្ងៃទី៣១ ខែឧសភា។ ប្រមុខការពារជាតិចិន បានជំរុញអាម៉េរិកជាថ្មីឱ្យឈប់លូកដៃក្នុងបញ្ហាកោះតៃវ៉ាន់ ដែលជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។

 
ពីក្រៅវេទិកា Shangri-La Dialogue រៀបចំនៅសិង្ហបុរី លោក ឡយ អូស្ទីន រដ្ឋមន្រ្តីការពារជាតិអាម៉េរិក និងលោក ដុង ជុន រដ្ឋមន្រ្តីការពារជាតិចិន បានជួបគ្នាដោយផ្ទាល់លើកដំបូង ក្នុងរយៈពេល ១៨ខែ ដោយភាគីទាំងពីរ បានចុចយកបញ្ហាកោះតៃវ៉ាន់ យកទៅជជែក។ 
 
«លោករដ្ឋមន្រ្តីបានបង្ហាញពីក្តីបារម្ភពីសកម្មភាពយោធាចិននៅជុំវិញកោះតៃវ៉ាន់»។ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោក Patrick Ryder បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី៣១ ខែឧសភា ដោយបន្តអំពាវនាវកុំឱ្យយោធាចិន ប្រើហេតុផលការផ្លាស់ប្តូរមេដឹកនាំតៃវ៉ាន់ សម្រាប់វិធានការបង្ករឿង។ 
 
ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian បានបញ្ជាក់ថា លោកដុង ជុន បានប្រាប់លោកអូស្ទីនឱ្យឈប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងចិន តាមរយៈតៃវ៉ាន់។ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិចិន សកម្មភាពអាម៉េរិកលើកោះតៃវ៉ាន់ ជាការបំពានគោលការណ៍ចិនតែមួយយ៉ាងខ្លាំង។ 
 
មិនតែប៉ុណ្ណោះ ប្រមុខការពារជាតិប្រទេសទាំងពីរ ក៏បានសង្កត់ធ្ងន់ពីការរក្សាទំនាក់ទំនងយោធា និងយោធា ឱ្យមានលក្ខណៈបើកចំហរផងដែរ។ 
 
ក្រៅពីបញ្ហាកោះតៃវ៉ាន់ ប្រមុខការពារទាំងពីរ ក៏បានជជែកពីបញ្ហាជម្លោះនៅតំបន់កាហ្សាផងដែរ។ លោក ដុង ជុន បានអំពានាវឱ្យភាគីអាម៉េរិកជួយដោះស្រាយបញ្ហាសន្តិភាពនៅតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CNA។ 
 
សូមបញ្ជាក់ថា ក្នុងជំនួបប្រមាណជាង ១ម៉ោងនេះ អ្នកនាំពាក្យការពារជាតិចិន បានចាត់ទុកថា មានលទ្ធភាពវិជ្ជមាន និងប្រកបដោយការស្ថាបនា៕ 

Tag:
 អាម៉េរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com