កីឡាអន្តរជាតិ
អន្តរជាតិ
គេហទំព័រ Real Madrid គាំង ក្រោយការប្រកាសចូលរួមរបស់ Mbappe
05, Jun 2024 , 10:29 am        
រូបភាព
គេហទំព័រផ្លូវការរបស់ក្លិប Real Madrid មិនដំណើរការប្រមាណ ១០នាទី បន្ទាប់ពីការប្រកាសទទួលខ្សែប្រយុទ្ធឆ្នើម Kylian Mbappe ជាមួយកិច្ចសន្យាដល់ឆ្នាំ២០២៩។



Real Madrid និង Kylian Mbappe នៅថ្ងៃទី៤ ខែមិថុនា បានឈានដល់កិច្ចព្រមព្រៀងក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ គិតចាប់ពីរដូវកាលក្រោយទៅ។ ព័ត៌មាននេះទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងពិភពបាល់ទាត់ជុំវិញពិភពលោក។
 
ក្លិបយក្សអេស្ប៉ាញ បានបង្ហោះពីការស្វាគមន៍ខ្សែប្រយុទ្ធបារាំងលើគេហទំព័ររបស់ខ្លួននៅម៉ោង ១២ និង៣០នាទី អាធ្រាត្រថ្ងៃទី៤ ខែមិថុនា [ម៉ោងនៅកម្ពុជា]។ ក្រោយការបង្ហោះនោះ ទំនងជាមានអ្នកព្យាយាមចូលមើលព័ត៌មានច្រើន ទើបធ្វើឱ្យវេបសាយក្លិបគាំងដល់ទៅ ១០នាទី។ ១០នាទីក្រោយ វេបសាយក៏ដំណើរការវិញធម្មតា។
 
ទៅកាន់ Santiago Bernabeu ខ្សែប្រយុទ្ធអន្តរជាតិបារាំងវ័យ ២៥ឆ្នាំ ទទួលបានថ្លៃនឿយហត់ ១៦,២លានដុល្លារ ក្នុងមួយរដូវកាល ដែលតម្លៃនេះទាបជាងកាលនៅក្លិបចាស់ PSG។ យ៉ាងណាក៏ដោយ Mbappe ក៏ទទួលបានប្រាក់ឧបត្ថម្ភ ពីការចុះកិច្ចសន្យានេះចំនួន ១៦២លានដុល្លារដែរ។
 
នៅលើបណ្តាញសង្គម Instagram របស់ Mbappe ក៏ផ្ទុះខ្លាំងមិនធម្មតាដែរ ក្រោយរូបគេបង្ហោះពីការទៅចូលរួម Real Madrid ជាផ្លូវការ។ តាមរយៈរូបថតមួយចំនួនរបស់ Mbappe ដែលពាក់អាវ Real Madrid កាលពីខ្លួននៅក្មេងជាមួយ Cristiano Ronaldo ផង ទទួលបានការចុច Like ដល់ទៅជាង ២១លានដងឯណោះ ត្រឹមរយៈពេល១ថ្ងៃ។
 

Tag:
 Kylian Mbappe
© រក្សាសិទ្ធិដោយ thmeythmey.com