កីឡាអន្តរជាតិ
អន្តរជាតិ
Asean U16៖ កម្ពុជា ជួបព្រុយណេ ប្រជែងលេខ១ ឬលេខ២ល្អ ខណៈឥណ្ឌូនេស៊ីកក់កៅអីវគ្គ១/២ មុនគេ
28, Jun 2024 , 10:49 am        
រូបភាព
ម្ចាស់ផ្ទះឥណ្ឌូណេស៊ី បានកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Asean U16 Boy’s Championship មុនគេ តាមរយៈការវាយបកយកឈ្នះឡាវ ក្នុងលទ្ធផល ៦-១ ក្នុងវគ្គសន្សំពិន្ទុជុំទី៣ ពូល A នៅយប់ថ្ងៃទី២៧ ខែមិថុនា។ ឡាវ សល់ឱកាសតិចតួចប៉ុណ្ណោះ ក្នុងការប្រជែងលេខ២ល្អ ដែលជាការផ្តល់ឱកាសឱ្យកម្ពុជា ប្រជែងយកចំណាត់ថ្នាក់លេខ១ ក្នុងពូល B ផង និងលេខ២ល្អផង។ U16 កម្ពុជា ត្រូវតតាំងព្រុយណេ នៅជំនួបវគ្គសន្សំពិន្ទុចុងក្រោយ នៅថ្ងៃទី២៨ ខែមិថុនា វេលាម៉ោង ៣រសៀលនេះ។



U16 ឡាវ ស្ទើរតែអស់ឱកាសប្រជែងលេខ២ល្អទៅហើយ បន្ទាប់ពីចាញ់ឥណ្ឌូនេស៊ី នៅជំនួបចុងក្រោយពូល A។ ឥណ្ឌូនេស៊ី បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១ ក្នុងពូលដោយមាន៩ពិន្ទុពេញ ស្របពេល ឡាវ បានចំណាត់ថ្នាក់លេខ២ មាន៦ពិន្ទុ និងមានសំណល់គ្រាប់បាល់ -១។ សិង្ហបុរី និងហ្វីលីពីន ហាលអាវ។
 
បរាជ័យរបស់ឡាវ បានជួយកម្ពុជា មានឱកាសប្រជែងលេខ២ល្អ ប្រសិនបើ​មិនអាចដណ្តើមបានលេខ១ ក្នុងពូល B។ ឆ្លងកាត់ពីរប្រកួត ឈ្នះ១ និងស្មើ១ ក្រុមដែលដឹកនាំដោយគ្រូបង្វឹកសញ្ជាតិជប៉ុន លោក Koji Gyotoku រកបាន៤ពិន្ទុ ស្មើក្រុមលេខ១វៀតណាត ដោយខុសតែសំណល់គ្រាប់បាល់ប៉ុណ្ណោះ។ កម្ពុជា​ មានសំណល់១គ្រាប់ ឯវៀតណាមមាន១៥គ្រាប់។ ជំនួបចុងក្រោយពូល B នេះ កម្ពុជា ត្រូវតទល់ព្រុយណេ ដែលនៅបាតតារាងគ្មានពិន្ទុរាប់ ស្របពេលវៀតណាម ជួបមីយ៉ាន់ម៉ា ដែលមាន៣ពិន្ទុ ឈរលេខ៣។
 
ក្រៅពីត្រូវដណ្តើមលេខ១ក្នុងពូលជាមួយវៀតណាម កម្ពុជា ត្រូវប្រជែងលេខ២ល្អជាមួយថៃ និងអូស្ត្រាលី ដែលជាក្រុមខ្លាំងក្នុងពូល C។ ថៃ ឈរលេខ១ ពូល C បណ្តោះអាសន្ន ដោយមាន៤ពិន្ទុ ស្មើក្រុមលេខ២អូស្ត្រាលី ខុសតែសំណល់គ្រាប់បាល់៦គ្រាប់ និង២គ្រាប់ប៉ុណ្ណោះ។ ជំនួបចុងក្រោយពូលនេះ ថៃត្រូវជួបម៉ាឡេស៊ី ដែលឈរលេខ៣ មាន៣ពិន្ទុ ខណៈ អូស្ត្រាលី ប៉ះទីម័រខាងកើត ដែលធ្វើឡើងនៅថ្ងៃទី២៩ ខែមិថុនា វេលាម៉ោង ៣រសៀល។
 
កម្ពុជា ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី វៀតណាម ថៃ និងអូស្ត្រាលី ត្រូវប្រជែងយក៣កៅអី ទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Asean U16 ឆ្នាំ២០២៤។ ក្នុងចំណោម៧ក្រុមនេះ កម្ពុជា វៀត​ណាម ថៃ និងអូស្ត្រាលី មានប្រៀបខ្ពស់ជាងគេ៕ 

Tag:
 Asean U16
  Asean U16 Boy’s Championship
© រក្សាសិទ្ធិដោយ thmeythmey.com