ជាលើកដំបូង បេក្ខជនប្រធានាធិបតីអាម៉េរិកទាំង២ បានជជែកដេញដោលទល់មុខគ្នា មុនការបោះឆ្នោតនាដើមខែវិច្ឆិកាឆ្នាំនេះ។ ប្រធានបទជជែកផ្តោតលើសំខាន់ៗលើសន្តិសុខព្រំដែន អន្តោប្រវេសន៍ គោលនយោបាយសេដ្ឋកិច្ច ការបរទេស ព្រមទាំងបញ្ហាអាយុ និងសុខភាព។
ការជជែកដេញដោលគ្នារវាងលោកប្រធានាធិបតីអាម៉េរិក ចូ បៃឌិន មកពីបក្សប្រជាធិបតេយ្យ និងគូប្រជែងរបស់លោក ដូណាល់ ត្រាំ ពីបក្សសាធារណរដ្ឋចាប់ផ្តើមនៅព្រឹកថ្ងៃទី២៨ ខែមិថុនា។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយទូទស្សន៍ CNN នៅស្ទូឌីយ៉ូទីក្រុង Atlanta រដ្ឋ Georgia ។
នេះជាលើកទីមួយ ដែលលោក បៃឌិន អាយុ៨១ឆ្នាំ និងលោក ត្រាំ អាយុ ៧៨ឆ្នាំបានជជែកទល់មុខគ្នាដោយផ្ទាល់ ក្នុងការប្រជែងតំណែងសេតវិមាននៅឆ្នាំនេះ។ ការពិភាក្សាបានចាប់ផ្តើម បេក្ខជនទាំងពីរមិនបានចាប់ដៃគ្នាទេ។ លើកចុងក្រោយដែលអ្នកទាំងពីរបានជួបគ្នា គឺអំឡុងការជជែកដេញដោលប្រធានាធិបតីឆ្នាំ ២០២០ ពេលនោះបេក្ខជនទាំងពីក៏មិនចាប់ដៃគ្នាដែរ ដោយសារបទបញ្ញត្តិជំងឺកូវីដ-១៩។
សំណួរដំបូងជុំវិញបញ្ហាសេដ្ឋកិច្ច លោក ត្រាំ បានអះអាងថា កំណើនការងារអំឡុងអណត្តិលោក បៃឌិន កាន់តំណែងសេតវិមាន ជាការកើនឡើងត្រឡប់វិញក្រោយការរាលដាលជំងឺកូវិដ-១៩។ ប៉ុន្តែការងារដែលទទួលបានមកវិញ មិននាំមកនូវតួនាទីដែលកាន់កាប់ពីមុននោះទេ។ បេក្ខជនទាំងពីរបានសង្កត់ធ្ងន់លើអតិផរណា ដោយលោក បៃឌិន បាននិយាយថា កំណើនសេដ្ឋកិច្ចដែលលោកទទួលមរតកបន្តពីអ្នកចាស់មួយផ្នែក។ ជាការឆ្លើយតប លោក ត្រាំ បាននិយាយថា លោក បៃឌិន បានទទួលមរតកស្ទើរតែគ្មានអតិផរណា។
ជុំវិញការំលូតកូន លោក ត្រាំ ថា លោកនឹងមិនរារាំងលទ្ធភាពទទួលបានថ្នាំរំលូតកូននោះទេ ដោយលោកបញ្ជាក់ឡើងវិញនូវជំហររបស់លោកថា បទប្បញ្ញត្តិនៃការរំលូតកូនគួរតែត្រូវបានសម្រេចដោយរដ្ឋនានា។ លោក បៃឌិន បានតបវិញថា ការរំលូតកូនតាមឆន្ទានុសិទ្ធិរបស់រដ្ឋ គឺដូចជាការទុកការការពារសិទ្ធិស៊ីវិលដល់រដ្ឋ។
ទាក់ទងអាយុរបស់បេក្ខជនទាំងពីរវិញ លោក បៃឌិន បានបញ្ជាក់ថា គូប្រជែងរបស់លោកមានអាយុតិចជាងលោកតែពីរបីឆ្នាំប៉ុណ្ណោះ ហើយលោកបានលើកទឹកចិត្តឲ្យអ្នកបោះឆ្នោតមើលស្នាដៃកន្លងមក។ លោក ត្រាំ បានឆ្លើយតបដោយចង់សាកល្បងចំណេះដឹងជាមួយលោក បៃឌិន ។
ចំណែកសង្គ្រាមនៅកាហ្សាវិញ លោក ត្រាំ មិនបានឆ្លើយដោយផ្ទាល់ថាតើលោកនឹងគាំទ្ររដ្ឋប៉ាឡេស្ទីនឯករាជ្យមួយដើម្បីបញ្ចប់សង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសឬយ៉ាងណានោះទេ។ ទន្ទឹមនេះ លោក បៃឌិន បានលើកឡើងនូវសំណើដែលលោកបានគាំទ្រដល់ចំណាប់ខ្មាំងដែលត្រូវបានឃុំឃាំងនៅកាហ្សា ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន និងការបន្តបទឈប់បាញ់ជាមួយនឹងលក្ខខណ្ឌបន្ថែម។
រីឯបញ្ហាអន្តោប្រវេសន៍នៅតាមព្រំដែន លោក បៃឌិន បានលើកឡើងពីកិច្ចព្រមព្រៀងព្រំដែនទ្វេភាគីដែលបានចរចា ប៉ុន្តែមិនត្រូវបានគាំទ្រដោយព្រឹទ្ធសភា។ លោក ត្រាំ បានអះអាងម្តងហើយម្តងទៀតជុំវិញពីកំហុសគោលនយោបាយអន្តោប្រវេសន៍របស់លោក បៃឌិន សម្រាប់ការកើនឡើងឧក្រិដ្ឋកម្មហិង្សានៅអាម៉េរិក។
សម្រាប់ករណីតុលាការនៅអាម៉េរិក លោក បៃឌិន បានលើកយកការកាត់ទោសបទឧក្រិដ្ឋព្រហ្មទណ្ឌរបស់លោក ត្រាំ ។ លោក បៃឌិន បាននិយាយទៅកាន់លោក ត្រាំ ថា៖ «មនុស្សតែម្នាក់គត់នៅលើឆាកនេះ ជាឧក្រិដ្ឋជនដែលត្រូវបានកាត់ទោសគឺបុរសនេះដែលខ្ញុំកំពុងសម្លឹងមើលឥឡូវនេះ»។
ទាក់ទិនបញ្ហាសន្តិសុខសង្គម លោក បៃឌិន បាននិយាយថា លោកនឹងឱ្យអ្នកមានទ្រព្យសម្បត្តិច្រើន ចាប់ផ្តើមបង់ចំណែកសមរម្យណាមួយ ដើម្បីរក្សាលទ្ធភាពទូទាត់សន្តិសុខសង្គម។ លោកថា លោកនឹងមិនដំឡើងថ្លៃរបបសន្តិសុខសង្គមសម្រាប់អ្នកណាដែលរកបានចំណូលតិចជាង ៤០ម៉ឺនដុល្លារក្នុងមួយឆ្នាំឡើយ។
នៅចុងបញ្ចប់នៃការជជែកដេញដោល លោក ត្រាំ បានលើកនូវសមទ្ធផលរបស់លោកអំឡុងពេលកាន់តំណែងជាប្រធានាធិបតី ហើយបានហៅលោក បៃឌិន ថាជា អ្នកគិតតែតវ៉ា។ នៅចុងបញ្ចប់ លោក បៃឌិន បានផ្តោតលើពន្ធ និងសន្យាថានឹងកាត់បន្ថយអតិផរណា៕