អន្តរជាតិ
លោកសេដ្ឋាអាចព្យួរតំណែងនាយករដ្ឋមន្រ្តី បើតុលាការទទួលពាក្យបណ្តឹងព្រឹទ្ធសភាឱ្យដកតំណែង
19, May 2024 , 4:00 pm        
រូបភាព
លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ។ រូបភាព X_Srettha Thavisin
លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ។ រូបភាព X_Srettha Thavisin
លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ អាចប្រឈមនឹងការព្យួរតំណែង ប្រសិនបើតុលាការធម្មនុញ្ញ ទទួលញត្តិពីសមាជិកព្រឹទ្ធសភារហូតដល់ ៤០នាក់ តាមរយៈប្រធានសភាឱ្យដកតំណែងនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីទទួលបន្ទុកការិយាល័យនាយករដ្ឋមន្រ្តី។ តុលាការធម្មនុញ្ញថៃ រំពឹងនឹងបើកកិច្ចប្រជុំនៅថ្ងៃទី២៣ ខែឧសភា ដើម្បីសម្រេចលើការទទួលយកញត្តិ។

 
នៅក្នុងញត្តិមួយដាក់តាមប្រធានព្រឹទ្ធសភា លោក Pornpetch Wichitcholchai ទៅតុលាការធម្មនុញ្ញ សមាជិកព្រឹទ្ធសភាចំនួន ៤០នាក់ បានស្នើឱ្យបញ្ចប់តំណែងលោកសេដ្ឋា ថាវីស៊ីន ជានាយករដ្ឋមន្រ្តី និងលោកPichit Chuenban រដ្ឋមន្រ្តីទទួលបន្ទុកការិយាល័យនាយករដ្ឋមន្រ្តី ដោយផ្អែកតាមមាត្រា ១៧០នៃរដ្ឋធម្មនុញ្ញ ដែលពាក់ព័ន្ធនឹងតួនាទីរបស់គណៈរដ្ឋមន្រ្តី។
 
ញត្តិបែបនេះ ធ្វើឡើងក្រោយលោកសេដ្ឋា បានតែងតាំងលោកPichit ជារដ្ឋមន្រ្តី ខណៈពេលកន្លងមក រដ្ឋមន្រ្តីរូបនេះ ធ្លាប់ជាប់ពន្ធនាគារ ពាក់ព័ន្ធនឹងអំពើពុករលួយ នៅក្នុងរឿងក្តៅលោកថាក់ស៊ីន ស៊ីណាវ៉ាត់។ លោកPichit នៅក្នុងឆ្នាំ២០០៨ កាត់ទោសឱ្យជាប់ពន្ធនាគារ ដោយសារយកប្រាក់សូកតុលាការ។ 
 
ពាក់ព័ន្ធនឹងសំណុំរឿងនេះ លោកសេដ្ឋា ដែលកំពុងបំពេញទស្សនកិច្ចនៅអឺរ៉ុប នៅថ្ងៃទី១៨ ខែឧសភា បានបញ្ជាក់ថា មុនការតែងតាំងលោក Pichit លោកបានស្នើក្រុមប្រឹក្សារដ្ឋ ទទួលបន្ទុកផ្នែកច្បាប់មុនការតែងតាំងនេះ។ 
 
ការព្យួរតំណែងនាយករដ្ឋមន្រ្តីមិនមែនជារឿងថ្មីឡើយ។ កន្លងមក លោកប្រាយុទ្ធ ចន្ទអូចា អតីតនាយករដ្ឋមន្រ្តីថៃ ក៏ធ្លាប់ព្យួរតំណែងមួយនេះដែរ នៅពេលតុលាការធម្មនុញ្ញពិចារណាពាក់ព័ន្ធនឹងអាណត្តិរបស់លោក៕ 

Tag:
 (ថៃ)
© រក្សាសិទ្ធិដោយ thmeythmey.com