សហគ្រាសធុនមីក្រូ តូច និងមធ្យម នៅតែជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច តទៅអនាគត។ នេះជាការគូសបញ្ជាក់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងសារលិខិតអបអរទិវា ជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម(MSMEs) លើកទី១ ឆ្នាំ២០២៤។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់បន្ថែមថា ការបន្តកសាង និងពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និងមធ្យម គឺជាកិច្ចការអាទិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំពុះពារ ដើម្បីទាក់ទាញបានទំនុកចិត្ត និងការពង្រីកវិនិយោគបន្ថែម ដែលនឹងនាំមកនូវកំណើនសេដ្ឋកិច្ចកាន់តែប្រសើរ និងប្រកបដោយបរិយាបន្ន។
កម្ពុជា រៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម(MSMEs) លើកទី១ ឆ្នាំ២០២៤ នៅថ្ងៃទី២៧ ខែមិថុនានេះ ក្រោមប្រធានបទ«ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់កំណើនកាន់តែប្រសើរ»។
នៅក្នុងសារលិខិតអបអរការប្រារព្ធទិវានេះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ការប្រារព្ធទិវាជាតិ MSMEs នេះ បានបង្ហាញពីសមិទ្ធផលដ៏ធំធេងរបស់ សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិកន្លងមក ប្រកបដោយ ស័ក្តិសិទ្ធភាព និងបរិយាបន្ន។
បើតាមប្រមុខរាជរដ្ឋាភិបាល វិស័យ MSMEs គ្របដណ្តប់សកម្មភាពសេដ្ឋកិច្ចគ្រប់ប្រភេទ និងផ្តល់ប្រយោជន៍ដល់ប្រជាជន និងធុរជនគ្រប់រូប តាមរយៈការបង្កើតការងារ មុខរបរ បង្កើនប្រាក់ចំណូល កាត់បន្ថយចំណាកស្រុក ជួយប្រជាជនងាយរងគ្រោះឱ្យមានលំនឹងជីវភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ស្ថិរភាពសង្គម និងរួមចំណែកដល់ការរីកចម្រើននៃវិស័យឯកជន។
កន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ ផែនការយុទ្ធសាស្ត្រនិងវិធានការគាំទ្រនានា ដើម្បីអភិវឌ្ឍវិស័យMSMEs ។ ទោះបីបាន និងកំពុងប្រឈមក្នុងបរិការណ៍នៃការប្រកួតប្រជែង នៃការធ្វើពាណិជ្ជកម្មសេរី ក្នុងក្របខណ្ឌតំបន់និងសកល ក៏ដូចជាភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោកក៏ដោយ ក៏សហគ្រាសធុនមីក្រូ តូច និងមធ្យម នៅតែដើរតួនាទីសំខាន់ នៅក្នុងរបត់នៃការប្រែប្រួលផ្នែកលក្ខខណ្ឌតម្រូវរបស់ទីផ្សារ លក្ខខណ្ឌ តម្រូវផ្នែកបរិស្ថាន និងការវិវត្តនៃបច្ចេកវិទ្យាដូចសព្វថ្ងៃ។
បច្ចុប្បន្ននេះ MSMEs មានប្រមាណ៩០ភាគរយ លើមូលដ្ឋានផលិតកម្ម អាជីវកម្មសរុប ផ្តល់ការងារពី ៦០ភាគរយ ទៅ៧០ភាគរយ និងរួមចំណែក ៥០ភាគរយ នៃផលិតផលក្នុងស្រុកសរុបនៅទូទាំងពិភពលោក។
នៅក្នុងក្របខ័ណ្ឌអាស៊ាន មានចំនួនសហគ្រាសសរុបប្រមាណ ៧០លានមូលដ្ឋាន (ចន្លោះពី ៩៧.២ភាគរយ ទៅ ៩៩.៩ភាគរយ) និងរួមចំណែកក្នុងរង្វង់ ៤៤.៨ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ ប្រទេសជាសមាជិកអាស៊ាន។
កម្ពុជាមានសហគ្រាស ធុនមីក្រូ តូច និងមធ្យម(MSMEs) ចំនួន ៧៥៣,៦៧០មូលដ្ឋាន ដែលមានកម្លាំងពលកម្ម សរុប ២,៩៨០,៥៦៩ នាក់ ក្នុងនោះស្ត្រីមាន ១,៨៤១,៣៦២ នាក់។ នេះបើតាមរបាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិ។
លទ្ធផលជំរឿនបានបង្ហាញថា វិស័ MSMEs បានចូលរួមក្នុងផលិតផលក្នុងស្រុក សរុបស្មើ៦៣ភាគរយ និងផ្តល់ការងារលើសពី៧០ភាគរយ (ដោយមិន រាប់បញ្ចូលវិស័យកសិកម្ម)។
![](https://image.thmeythmey.com/pictures/2024/06/27/1_.jpg)
សម្តេច ហ៊ុន ម៉ាណែត បានបន្ថែមថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា មានឆន្ទៈ និងការប្តេជ្ញាមោះមុត ក្នុងការបន្តអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម ហើយបានដាក់ចេញនូវយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ យុទ្ធសាស្ត្រនេះ មានគោលបំណងលើកកម្ពស់ គាំពារ និងពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងជំរុញ និងពន្លឿនការចូលរួម ទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីធានាឱ្យបាននូវភាពធន់ ភាពប៉ាន់ស្មានបាន និងភាពរីកចម្រើនទៅមុខ នៃការធ្វើធុរកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការប្រកបអាជីវកម្ម មុខរបរ និងការងារចិញ្ចឹមជីវិតនៅកម្ពុជា។
«ការបន្តកសាង និងពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និងមធ្យម គឺជាកិច្ចការអាទិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំពុះពារ»។ សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ដូច្នេះ មុននឹងបន្តថាប្រព័ន្ធអេកូឡូស៊ី ដែលមានភាពប្រទាក់ក្រឡា និងគាំទ្រគ្នាទៅវិញទៅមក នឹងទាក់ទាញបានទំនុកចិត្ត និងការពង្រីកវិនិយោគបន្ថែម។
សហគ្រាសធុនមីក្រូ តូច និងមធ្យម នៅតែជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច តទៅអនាគត។ បើតាមសម្តេច ហ៊ុន ម៉ាណែតរាជរដ្ឋាភិបាលកម្ពុជា កំពុងពង្រឹងសមត្ថភាព និងកែលម្អការផ្តល់សេវាសាធារណៈ នៅស្ថាប័នជាតិគ្រប់ជាន់ថ្នាក់ប្រកបដោយនវានុវត្តន៍ ដើម្បីឆ្លើយតបនឹងតម្រូវការការរបស់ធុរកិច្ច និងរួមចំណែកបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងឆាកតំបន់ និងអន្តរជាតិ។
រាជរដ្ឋាភិបាល ក៏លើកទឹកចិត្តឱ្យវិស័យឯកជន ដែលមានតួនាទីគន្លឹះក្នុងការទ្រទ្រង់ និងពង្រឹងប្រព័ន្ធអេកូឡូស៊ី បន្តអភិវឌ្ឍសមត្ថភាព វិនិយោគលើការពង្រឹងស្តង់ដារ និងគុណភាពផលិតផល និងសេវាកម្មរបស់ខ្លួន ដើម្បីបង្កើនផលិតភាពកាន់តែប្រសើរ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏ជំរុញឱ្យវិស័យឯកជនទាំងអស់បំពេញអនុលោមភាពច្បាប់ និងបទដ្ឋានគតិយុត្តនានា ដូចជាការចុះបញ្ជីធ្វើអាជីវកម្ម និងវិនិយោគលើការបញ្ជីកាគណនេយ្យ។
ដើម្បីគាំទ្រនិងលើកទឹកចិត្ត ដល់ការបំពេញអនុលោមភាព រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការគន្លឹះជាច្រើន រួមទាំងការអនុគ្រោះផ្នែកពន្ធដារ ដើម្បីសហគ្រាសទាំងអស់ មានលទ្ធភាពទទួលបាននូវការទទួលស្គាល់ មានទីផ្សារដែលមាននិរន្តរភាព និងទទួលបានការគាំទ្រហិរញ្ញប្បទាន និងសេវាហិរញ្ញវត្ថុនានា សម្រាប់ ពង្រីកសក្តានុពលរបស់ខ្លួន។ នេះបើតាមសម្តេច ហ៊ុន ម៉ាណែត៕