ភ្នំពេញ៖ ក្រោយពីវិបត្តិកូវីដ-១៩ បានផុតរលត់ទៅ សេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញដោយសន្សឹមៗ ជាមួយកំណើនពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្តែងនៅឆ្នាំ២០២២ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រា៥,១ភាគរយ។ អត្រានេះបានកើនដល់៥,៣ភាគរយក្នុងឆ្នាំ២០២៣។ តាមការព្យាករពីស្ថាប័នជាតិ និងអន្តរជាតិ សេដ្ឋកិច្ចកម្ពុជានឹងបន្តកើនឡើងទៀត ក្នុងរង្វង់៦ភាគរយ សម្រាប់ឆ្នាំ២០២៤។ រដ្ឋាភិបាលប្រកាសថាសេដ្ឋកិច្ចជាតិកើន តែហេតុអ្វីបានជាអ្នករកស៊ីមួយចំនួនស្រែកថា «តឹង» ហើយ ពិបាករកស៊ី?
អ្នករកស៊ីមួយចំនួន បានត្អូញត្អែរពីផលលំបាកក្នុងការរកចំណូល ដោយប្រៀបបានដូចជា «ស្ករទាញ» ដែលស្អិតហើយ ពិបាកទាញ ខណៈចំណូលពលរដ្ឋធ្លាក់ចុះ ឯការចំណាយកើនឡើង ដោយសារតម្លៃទំនិញឡើងខ្ពស់។ បញ្ហានេះ កំពុងកើតឡើងក្នុងជីវភាពរស់នៅប្រចាំរបស់ពលរដ្ឋកម្ពុជា ស្ទើរតែគ្រប់មជ្ឈដ្ឋានទៅហើយ នាពេលបច្ចុប្បន្ន។
នាម៉ោងប្រមាណ៨ព្រឹក ហាងម្លប់ឆត្រទួលទំពូង១៣៥ ស្ថិតនៅលើផ្លូវ១៣៥កែង៤៥៤ ម្តុំផ្សារទួលទំពូង ធ្លាប់តែមានសកម្មភាពមមាញឹកទល់ព្រលប់ បែរជាមានសភាពស្ងប់ស្ងាត់ប្លែកខ្លាំងទៅវិញ នារយៈពេលជិត២ឆ្នាំចុងក្រោយនេះ។
អ្នកស្រី ឃី ហ្គេកជូ ជាម្ចាស់ហាងម្លប់ឆត្រទូលទំពូង១៣៥ ដែលមានលក់បាយសាច់មាន់ បបរ និងគុយឆា អស់ជាង១ទសវត្សរ៍មកហើយ។ ចាប់ពីឆ្នាំ២០២៣មក អាជីវកររូបនេះ អាចទទួលបានប្រាក់ចំណូលពីអាជីវកម្មខ្លួន បានប្រមាណ១លានរៀលប៉ុណ្ណោះក្នុងមួយថ្ងៃ។ ប្រាក់ចំណូលពីការលក់នេះ គឺធ្លាក់ចុះជាង៥០ភាគរយ បើធៀបនឹងឆ្នាំមុនពេលដែលផ្ទុះជំងឺកូវីដ-១៩។ អ្នកស្រី ហ្គេកជូ សង្កេតឃើញថា ចំណូលអាជីវកម្មធ្លាក់ចុះខ្លាំងបែបនេះ ក៏ព្រោះតែប្រជាពលរដ្ឋ ជាពិសេសអតិថិជនខ្លួន បានកាត់បន្ថយការចំណាយ ឬទំហំចាយវាយប្រចាំថ្ងៃរបស់ខ្លួន។
ហាងបាយម្លប់ឆត្រទួលទំពូង១៣៥ ស្ថិតនៅផ្លូវ១៣៥កែង៤៥៤
« រកស៊ីរាល់ថ្ងៃតឹងណាស់ អត់ដូចមុនទេ! ភ្ញៀវដែលធ្លាប់ចូលហាងយើងមួយសប្តាហ៍៥ដង នៅត្រឹម១ឬ២ដងប៉ុណ្ណោះ។ ភ្ញៀវដែលធ្លាប់ហូបបាយភៅ្លមាន់យើងតម្លៃ១៥ ០០០រៀល មកនៅត្រឹមបាយសាច់ជ្រូកតម្លៃ៦ ០០០រៀល ឬមកហូបបបរ ឬគុយឆាធម្មតាប៉ុណ្ណោះ»។ នេះជាការរៀបរាប់របស់អ្នកស្រី ហ្គេកជូ ដែលពីមុនធ្លាប់សល់ពីការចំណាយបាន៤០០០ដុល្លារក្នុងមួយខែ បែរជានៅត្រឹម៥០០ទៅ១០០០ដុល្លារប៉ុណ្ណោះ។
ការណ៍នេះ បានបង្ខំឱ្យម្ចាស់ហាងម្លប់ឆត្រទួលទំពូង១៣៥ ដែលបន្តរបររកស៊ីពីគ្រួសារ សម្រេចកាត់បន្ថយចំនួនបុគ្គលិក និងរឹតត្បិតក្នុងការចំណាយប្រចាំថ្ងៃនានា ដើម្បីទ្រលំនឹងអាជីវកម្ម។ បើតាមអ្នកស្រី ហ្គេកជូ អង្ករ សាច់ បន្លែ គ្រឿងទេស រួមទាំងសម្ភារៈវេចខ្ចប់ចំបាច់នានា ដែលបម្រើដល់សកម្មភាពអាជីវកម្មប្រចាំថ្ងៃបានឡើងថ្លៃជាបន្តបន្ទាប់ ស្របតាមនិន្នាការសេដ្ឋកិច្ចជាតិ។
ម្ចាស់ហាងម្លប់ឆត្រទួលទំពូង១៣៥ មានថ្វីមាត់រូបនេះ បន្តនិយាយមកកាន់សារព័ត៌មានឌីជីថលថ្មីៗយ៉ាងដូច្នេះ៖ « ធម្មតាតែយើងរកអត់សូវបាន យើងគិតតែចំណាយម៉េចកើត។ អ៊ីចឹងហើយ ទាំងខ្ញុំ ទាំងគេ, តែលក់អត់សូវបាន ឬ រកអត់បានហើយ ច្បាស់ណាស់នឹងកាត់បន្ថយចំណាយដូចតែគេ ដូចឯងហ្នឹង!»។
ជាមួយគ្នានេះ លោក ឈួន ឡៃ ដែលប្រកបរបរលក់ដូងតាមរទេះនៅលើផ្លូវ១៥៥ ក្បែរផ្សារទួលទំពូង ក៏ជួបបញ្ហាធា្លក់ចុះចំណូល ផងដែរ។ បុរសវ័យ៤២ឆ្នាំរូបនេះ ធ្លាប់តែរកប្រាក់ចំណូលបានពី៧ទៅ៨ម៉ឺនរៀល បែរជានៅត្រឹមតែ៣ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយថ្ងៃ។ ដូងរបស់លោក ឡៃ មានតម្លៃ៣៥០០រៀលក្នុងមួយផ្លែ។
លោក ឈួន ឡៃ អ្នកលក់ដូងនៅលើផ្លូវ១៥៥ ជិតផ្សារទួលទំពូង
ដៃកាន់កាំបិតឈរកាប់ដូងបណ្តើរ បុរសមានពិភាពភ្នែកចំហៀងខាងស្តាំរូបនេះ ក៏បាននិយាយមកកាន់សារព័ត៌មានថ្មីៗបណ្តើរ ជាមួយនឹងសម្តីមួយៗបែបនេះថា៖ « ២ឆ្នាំនេះ រកស៊ីតឹងណាស់! លក់បានមួយៗ។ មួយថ្ងៃលក់បានត្រឹម៣០-៤០ផ្លែ បើធៀបឆ្នាំមុន គឺខុសគ្នាឆ្ងាញ់ណាស់»។ អ្នកលក់ដូងមកពីតាកែវរូបនេះ បានសង្កេតឃើញប្រជាពលរដ្ឋបច្ចុប្បន្ន មិនថាខ្មែរ ឬបរទេសទេ គឺមិនសូវចំណាយលុយដូចមុនឡើយ ដែលជាហេតុធ្វើឱ្យលោកលក់មិនសូវដាច់។
ត្បិតរកស៊ីតឹង ប៉ុន្តែលោក ឈួន ឡៃ ក៏មិនមានចិត្តបោះបង់ចោលរបររកស៊ី ជិត១០ឆ្នាំមកនេះឡើយ។ លោក ឡៃ ចាត់ទុករបរនេះជាឆ្នាំងបាយដ៏សំខាន់របស់ខ្លួន ទោះសព្វថ្ងៃរកមិនបានសល់ទ្រព្យធំដុំក៏ពិតមែន ។ បើតាមបុរសសម្បុរខ្មៅស្រអែមរូបនេះ ចំណូលដែលបានពីការលក់ដូងនេះ ក៏អាចទប់ទល់ការចំណាយប្រចាំថ្ងៃ និងថ្លៃបន្ទប់ជួល នៅម្តុំចាក់អង្រែ ផងដែរ។
មិនខុសគ្នាពីអ្នករកស៊ីខាងលើប៉ុន្មានឡើយ, អ្នកស្រី ហ៊ៅ បុទុមសុភក្រ ជាអ្នកលក់គ្រឿងទេស និងភេសជ្ជៈ ក៏ស្ថិតនៅលើផ្លូវ១៥៥នេះ ក៏ធ្លាក់ចុះចំណូលប្រចាំថ្ងៃ មកត្រឹម៥ ទៅ៧ម៉ឺនរៀលប៉ុណ្ណោះ។ លោកស្រី បុទុមសុភក្រ បានត្អូញត្អែរថា ប្រាក់ចំណូលពីការលក់ចាប់ហួយនេះ មិនគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ការចំណាយប្រចាំថ្ងៃ ដូចជា ចំណាយឱ្យកូនទៅរៀន ទៅផ្សារ និងទៅពេទ្យទិញថ្នាំតិចតួចឡើយ។
ការលក់ធ្លាក់ចុះបែបនេះ មិនមែនដោយសារតែវត្តមាននៃផ្សារបែបទំនើប ឬម៉ាតទេ, តែអ្វីជាបញ្ហាចម្បងនោះ គឺមនុស្សអត់មានលុយចាយដូចមុន។ អ្នកស្រី បុទុមសុភក្រ បានអះអាងបែបនេះ៖ « កាលឆ្នាំមុនកើតជំងឺកូវីដ-១៩ ខ្ញុំអាចលក់បានយ៉ាងហោច៣០ទៅ៤០ម៉ឺនរៀលក្នុងមួយថ្ងៃ។ តែចាប់ពីផ្ទុះឡើងនូវកូវីដ-១៩ ជាពិសេស២ឆ្នាំចុងក្រោយនេះ, ថ្ងៃខ្លះខ្ញុំរកតែ៥ម៉ឺនរៀលមិនបានផង។ ខ្ញុំជឿជាក់ថាបញ្ហាកើតឡើងដោយសារមនុស្សអត់មានលុយចាយ មិនដោយសារមានផ្សារបែបទំនើប ឬ ម៉ាតទេ»។
សេដ្ឋកិច្ចប្រជាពលរដ្ឋដំណើរការល្អឡើងវិញបាន លុះត្រាតែស្ថានភាពម៉ាក្រូសេដ្ឋកិច្ចដំណើរការរលូន ហើយលំហូរវិនិយោគិន និងទេសចរបរទេសមានប្រក្រតីភាពឡើងវិញ ជាមួយកំណើនដល់កម្រិតមុនស្ថានភាពកូវីដ-១៩ ទើបពេលនោះជីវភាព ឬមុខរបររបស់ពលរដ្ឋ មានភាពល្អប្រសើរ។ ជាក់ស្តែង បច្ចុប្បន្ន រដ្ឋាភិបាលប្រឹងប្រែងទាក់ទាញការវិនិយោគពីបរទេស, ពង្រីកជើងហោះហើរជាមួយប្រទេស-តំបន់ដៃគូ ដើម្បីជំរុញកំណើនទេសចរណ៍, ជំរុញការពាណិជ្ជកម្ម និងដោះស្រាយបញ្ហានៃវិបត្តិអចលនទ្រព្យជាដើម ដែលធ្វើឱ្យសេដ្ឋកិច្ចជាតិ សម្រេចបាននូវកំណើនជាបន្តបន្ទាប់។
ប៉ុន្តែកំណើនសេដ្ឋកិច្ចជាតិនេះ គឺមិនអាចជះផលវិជ្ជមានបានភ្លាមៗ ដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកប្រកបរបររកស៊ីក្នុងស្រុកឡើយ ដោយត្រូវបានពេលវេលាសមស្រប ឬរយៈពេលជាក់លាក់ណាមួយ។ នេះជាការលើកឡើងរបស់អ្នកជំនាញសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ហុង វណ្ណៈ ដោយនិយាយដូច្នេះ៖ « អ៊ីចឹងហើយបានជានៅក្នុងអន្តរកាលនេះ! ពលរដ្ឋដែលឃើញតួលេខពីការព្យាករកំណើនសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ឬស្ថាប័នអន្តរជាតិ ថា មិនឆ្លុះបញ្ចាំងពីភាពជាក់ស្តែងនៃស្ថានភាពសេដ្ឋកិច្ចរបស់ពលរដ្ឋក្នុងស្រុក»។
អ្នកជំនាញសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា លោក បណ្ឌិត ហុង វណ្ណៈ
ដើម្បីឱ្យសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងស្រុក មានភាពរស់រវើកឡើងដូចមុនពេលសម័យកូវីដ-១៩ កម្ពុជាត្រូវការពេលយ៉ាងហោចណាស់៣ទៅ៥ឆ្នាំទៀត ឬឈានដល់រយៈពេលវែង គឺ១០ឆ្នាំតែម្តង។ នេះបើតាមលោក ហុង វណ្ណៈ ។
ក្នុងបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានបន្ថែមថា៖ « ផ្អែកតាមសូចនាករក្នុងឆ្នាំ២០២៤ បើមិនមានអ្វីប្រែលប្រួល ឬមិនមានករណីប្រធានសក្តិណាមួយកើតឡើងទេ, ខ្ញុំគិតថា កម្ពុជាយើងត្រូវការពេល៣ទៅ៥ឆ្នាំទៀត ទើបសេដ្ឋកិច្ចពលរដ្ឋយើងដំណើរការបានល្អ។ ព្រោះរាល់ថ្ងៃនេះ សេដ្ឋកិច្ចយើងគឺកើន គ្រាន់តែមានកំណើនយឺតប៉ុណ្ណោះ»៕