RFI
អន្តរជាតិ
មួយភាគបីនៃមនុស្សលើផែនដី បញ្ចេញកម្លាំងកាយមិនគ្រប់គ្រាន់សម្រាប់សុខភាព ![មួយភាគបីនៃមនុស្សលើផែនដី បញ្ចេញកម្លាំងកាយមិនគ្រប់គ្រាន់សម្រាប់សុខភាព © Unsplash - Gabin Vallet](https://image.thmeythmey.com/pictures/2024/06/27/27620241728download.jpg)
មួយភាគបីនៃមនុស្សលើផែនដី បញ្ចេញកម្លាំងកាយមិនគ្រប់គ្រាន់សម្រាប់សុខភាព © Unsplash - Gabin Vallet
×![]()
ដោយ៖អៀង សុខម៉ិញ/RFI ខេមរភាសា
ការសិក្សាពិភពលោក ដ៏ធំជាងគេបំផុត ចេញផ្សាយនៅថ្ងៃទី ២៦មិថុនា២០២៤បានបង្ហាញឱ្យឃើញថា មនុស្សធំពេញវ័យរស់លើភពផែនដី ចំនួនជិតមួយភាគបី មិនបញ្ចេញសកម្មភាពកាយសម្បទាគ្រប់គ្រាន់សម្រាប់សុខភាពទេ។ កង្វះសកម្មភាព មិនធ្វើចលនាគ្រប់គ្រាន់ ជាប្រភពនាំឱ្យខូចសុខភាពរាផ្លូវកាយនិងផ្លូវចិត្ត។ នេះបើតាមអ្នកជំនាញអង្គការសុខភាពពិភពលោកដែលចាត់ទុកកំណើននៃភាពអសកម្មរបស់មនុស្ស ថា ជាសញ្ញាអាសន្ន។
បើតាមលទ្ធផលនៃការសិក្សាពិភពលោកដ៏ធំបំផុតរបស់ក្រុមអ្នកជំនាញសុខភាព នៅឆ្នាំ២០២២ មនុស្សធំពេញវ័យនៅលើផែនដីចំនួន៣១,៣% ឬត្រូវជា១៨០០លាននាក់ មិនបានហាត់ប្រាណ ធ្វើចលនា បញ្ចេញសកម្មភាពរាងកាយ ស្របតាមអនុសាសន៍របស់អង្គការសុខភាពពិភពលោក ដើម្បីថែរក្សាសុខភាពទេ។ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ប្រកាន់យកភាពស្រណុកស្រួលកាន់តែច្រើនឡើង ជាទូទៅ នៅទូទាំងពិភពលោក។ កំណើននៃភាពអសកម្មបានឡើង៥%នៅឆ្នាំ២០២២បើប្រៀបទៅនឹងឆ្នាំ២០១០។ ទាំងនេះក៏ដោយសារមូលហេតុច្រើនយ៉ាង ក្នុងនោះការវិវឌ្ឍនៃមធ្យោបាយធ្វើដំណើរដោយគ្រឿងយន្ត នៃការងារមិនប្រើកម្លាំង ឬការសំរាកកំសាន្តនៅតែមុខអេក្រង់/ទូរស័ព្ទ។
នៅអាស៊ី ពលរដ្ឋដែលមានកង្វះសកម្មភាពខ្លាំងជាងគេ គឺនៅតំបន់អាស៊ីប៉ាស៊ីហ្វិក (៤៨%)បន្ទាប់មកអាស៊ីខាងត្បូង (៤៥%)។ ប៉ុន្តែអ្នកស្ពឹកស្ងៀមមិនធ្វើចលនាបំផុតនោះគឺអេមីរ៉ាតអារ៉ាប់រួម កូវ៉ែត គុយបា លីបង់ កូរ៉េខាងត្បូង ប៉ាណាម៉ា កាតា អ៊ីរ៉ាក់ ព័រទុយហ្កាល់ និងអារ៉ាប៊ីសាអូឌីត។ ជាង៥០%នៃប្រជាជនពេញវ័យក្នុង១០ប្រទេសនេះមានរបៀបរបបរស់នៅបែបស្រណុកជ្រុល។ នេះបើតាមក្រុមអ្នកស្រាវជ្រាវដដែល ដែលបន្ថែមថា និន្នាការមិនចង់បញ្ចេញកម្លាំងធ្វើចលនា នឹងកើនឡើងដល់៣៥% នៅឆ្នាំ២០៣០ និងប្រែប្រួលទៅតាមភេទ ដោយប៉ះពាល់ស្ត្រី ខ្លាំងជាងបុរស។ ហើយភាពអសកម្មកើនឡើងគួរជាទីកត់សម្គាល់ដែរទៅតាមវ័យ ចាប់ពីអាយុ៦០ឆ្នាំឡើងទៅ។
សម្រាប់អ្នកស្រីវេជ្ជបណ្ឌិត Fiona Bull ប្រធានដេប៉ាតឺម៉ង់កាយសម្បទារបស់ភ្នាក់ងារអង្គការសុខភាពពិភពលោក លទ្ធផលនៃការសិក្សានេះជាសញ្ញាប្រាប់ពីអាសន្នសុខភាព ពិភពលោកទាំងមូល ព្រោះភាពអសកម្ម ឬគ្មានបញ្ចេញចលនាផ្លូវកាយ ជាការគំរាមកំហែងសុខភាពយ៉ាងស្ងាត់ៗបំផុត។ នាយកការិយាល័យឃោសនាសុខភាព បានរំលឹកថាភាពស្ពឹកស្រពន់ អសកម្មអាចបង្កើនគ្រោះកើតជំងឺសរសៃឈាមបេះដូង ទឹកនោមផ្អែមប្រភេទទី២ ជំងឺមហារីកសុដន់ ពោះវៀនធំ ព្រមទាំងវិបត្តិផ្លូវចិត្តនិងខួរក្បាលជាច្រើនទៀត។ ក្រៅអំពីផលប៉ះពាល់ដល់សុខភាពបុគ្គល កង្វះសកម្មភាពកាយសម្បទា ជាបន្ទុកដ៏ធ្ងន់សម្រាប់ប្រព័ន្ធសុខាភិបាល។
ដើម្បីមានសុខភាពល្អ អង្គការសុខភាពពិភពលោកណែនាំឱ្យមនុស្សធំពេញវ័យម្នាក់ៗបញ្ចេញកម្លាំងហាត់ប្រាណធ្វើចលនា បែបល្មមៗ ដូចជាដើរ ហែលទឹក ជិះកង់ ... រយៈពេលយ៉ាងហោច១៥០នាទីក្នុងសប្តាហ៍ និង៧៥នាទីសម្រាប់លំហាត់ប្រាណបញ្ចេញកម្លាំងខ្លាំង ដូចជារត់ ធ្វើកីឡាជាក្រុម ឬឆ្លាស់គ្នាធ្វើលំហាត់ប្រាណល្មមៗផងខ្លាំងផង។ បើតាមអ្នកជំនាញ ការប្តូរផ្លាស់ឥរិយាបថរបស់បុគ្គលមិនគ្រប់គ្រាន់ទេ តែត្រូវប្តូរផ្លាស់សង្គម និងបរិស្ថានក្រុងឱ្យមានភាពទាក់ទាញចង់ធ្វើកីឡាហាត់ប្រាណ (ដើរ ជិះកង់ ...)។ នាយកអង្គការសុខភាពពិភពលោកបានចេញសេចក្តីថ្លែងការណ៍អំពាវនាវឱ្យរដ្ឋាភិបាលនីមួយៗ ផ្តល់អាទិភាពនិងមានវិធានការក្លាហាន ពង្រឹងនយោបាយ ហរិញ្ញវត្ថុ ហ៊ានធ្វើវិនិយោគ ដើម្បីប្តូរនិន្នាការបង្ខូចសុខភាព។ នៅលើពិភពលោក មាន២២ប្រទេស ដែលហាក់កំពុងដើរលើផ្លូវត្រូវឆ្ពោះទៅសម្រេចកម្មវត្ថុពិភពលោកដែលចង់បញ្ចុះភាពអសកម្មឱ្យបាននៅឆ្នាំ២០៣០៕
© រក្សាសិទ្ធិដោយ thmeythmey.com