ជាតិ
សិល្បះ
នាយករដ្ឋមន្ត្រី, អ្នកសិល្បៈ អ្នកនយោបាយ ​សោកស្តាយ ចំពោះមរណភាពព្រឹទ្ធាចារ្យ​ គង់ ណៃ
28, Jun 2024 , 5:29 pm        
រូបភាព
ភ្នំពេញ៖ សាររំលែកទុក្ខ និងសោកស្តាយចំពោះដំណឹងមរណភាព របស់ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ ត្រូវបានបង្ហោះចេញជាហូរហែ ពីសំណាក់ស្ថាប័នជាតិ អ្នកសិល្បៈ អ្នកនយោ​បាយ និងសាធារណជនផង។ សាររំលែកទុក្ខទាំងនោះ សុទ្ធតែភ្ជាប់នូវភាព​សោកស្តាយ និងក្តុកក្តួល និងបានចាត់ទុកថា មរណភាព របស់ព្រឹទ្ធាចារ្យ ​កោសល្យវោហារ គង់ ណៃ គឺជាការបាត់បង់​មរតកមនុស្សរស់ដ៏ឆ្នើមមួយរូបផ្នែកចាប៉ីដងវែង និងបាត់បង់ធនធានមនុស្សផ្នែកសិល្បៈម្នាក់ទៀតសម្រាប់​កម្ពុជា។

 
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងការសោកស្តាយចំពោះ មរណភាពរបស់​ព្រឹទ្ធាចារ្យ គង់ ណៃ។ សម្តេចនាយករដ្ឋមន្ត្រី បានចាត់ទុក​មរណភាពរបស់​ព្រឹទ្ធាចារ្យ ថាជាការបាត់បង់នូវមត៌កមនុស្សរស់នៃសិល្បៈចាប៉ីដងវែង។ ប្រមុខរាជរដ្ឋាភិបាល សរសេរដូច្នេះ នៅលើទំព័រហ្វេសប៊ុកដូច្នេះ៖ «មរណភាពរបស់លោកព្រឹទ្ធាចារ្យ គង់ ណៃ គឺជាការបាត់បង់នូវមត៌កមនុស្សរស់នៃសិល្បៈចាប៉ីដងវែង ដែលជាមរតក៌សិល្បៈដូនតាខ្មែរ បន្សល់ទុកយូរលង់រៀងមក»។ ​
 

 
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បង្ហាញក្តីរន្ធត់ ​ចំពោះមរណភាពរបស់ ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ។ សម្រាប់លោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌ មរណភាព របស់ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ គឺជាការបាត់បង់​មរតកមនុស្សរស់ដ៏ឆ្នើមមួយរូប ដែលបានលះបង់​កម្លាំង​កាយចិត្ត​ពេញមួយជីវិត ក្នុងបុព្វហេតុ​លើកស្ទួយវិស័យវប្បធម៌ចាប៉ីដងវែង។
 
តាមរយៈ​លិខិតរំលែកមរណទុក្ខរបស់ក្រសួងវប្បធម៌ លោកស្រី ភឿង សកុណា លើកឡើងដូច្នេះ៖«មរណភាពរបស់ ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ គឺជាការបាត់បង់​ស្វាមី ឪពុក ជីតា ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់នូវមរតកមនុស្ស រស់ដ៏ឆ្នើមមួយរូប ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្តពេញមួយជីវិត ក្នុងការរួមចំណែកលើកស្ទួយវិស័យ វប្បធម៌ចាប៉ីដងវែង។»។
 
សមាគមសិល្បករខ្មែរ ក៏សោកស្តាយចំពោះដំណឹងមរណភាពរបស់ព្រឹទ្ធាចារ្យ គង់ ណៃ​ដែរ​។ ក្រៅពីសម្តែងភាពសោកសង្រេង ​សមាគមសិល្បករខ្មែរ លើកឡើងថា  មរណភាពរបស់​ព្រឹទ្ធាចារ្យ គង់ ណៃ ជា​​ការបាត់បង់ធន​ធានម​នុស្ស​ផ្នែកចាប៉ីដងវែងដ៏កម្រ ប្រកបដោយ​សមត្ថភាព ទេពកោសល្យ  ដែលធ្លាប់​លើកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិ។
 
 ​«អវត្តមានរបស់លោកតាព្រឹទ្ធាចារ្យ គឺជាការបាត់បង់ធនធានមនុស្សផ្នែកចាប៉ីដងវែងដ៏កម្រ ប្រកបដោយសមត្ថភាព ទេពកោសល្យ ដែលធ្លាប់បានចូលរួមយ៉ាងសកម្ម​ក្នុងការលើក​កម្ពស់​​វិស័យសិល្បៈ វប្បធម៌ជាតិ ទាំងនៅឆាកជាតិ និងតំបន់ ក៏ដូចជាការលើកម្ពស់ កិត្យា នុភាពជាតិនៅលើឆាកអន្តជាតិផងដែរ។»។ នេះបើតាមសមាគមសិល្បករខ្មែរ។


 
លោក ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានបង្ហោះសាររំលែកទុក្ខ និងសោកស្តាយចំពោះដំណឹងមរណភាពរបស់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ដែរនៅលើគណនីហ្វេសប៊ុក។
 
លោក ហង់ ជួន ណារ៉ុន ចាត់ទុកមរណភាពព្រឹទ្ធាចារ្យ​ គង់ ណៃ ថា​ជាការបាត់បង់ធនធានមនុស្សដ៏សំខាន់បំផុតផ្នែកចាប៉ីដងវែង។ លោក ហង់ ជួន ណារ៉ុន លើកឡើងដូច្នេះថា៖ «មរណភាពរបស់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ គឺជាការបាត់បង់ធនធានមនុស្សដ៏សំខាន់បំផុតផ្នែកចាប៉ីដងវែងដ៏កម្រ ប្រកបដោយសមត្ថភាព ទេពកោសល្យ ដែលធ្លាប់បានចូលរួមយ៉ាងសកម្ម ក្នុងការលើកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិ ទាំងនៅឆាកជាតិ និងតំបន់។ »។
ដំណឹងមរណភាពរបស់ព្រឹទ្ធាចារ្យ​ គង់ ណៃ ​​ក៏ធ្វើឱ្យ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្តុកក្តួល និង​សោកស្តាយជាពន់ពេកដែរ។ នៅលើ​គណនី​ហ្វេសប៊ុករបស់ខ្លួន លោក ហ៊ុន ម៉ានី ដែលធ្លាប់​​សកម្មក្នុងកិច្ចការងារ​លើកស្ទួយ​សិល្បៈ វប្បធម៌ខ្មែរ ​ ថា មរណភាព​របស់ព្រឹទ្ធាចារ្យ​​គង់ ណៃ គឺជាបាត់បង់ស្វាមី ឪពុក ជីតា ប្រកបដោយ​ព្រហ្ម​វិហារធម៌ និងក្តីសណ្តោសប្រណី ក៏ដូចជាការបាត់បង់នូវធន ធានមនុស្ស​ល្អឆ្នើមមួយរូប​ ដែលពោរពេញដោយ​ឆន្ទៈ មនសិការ ក្នុងការបម្រើ​បុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ។
 

 
លោក ហ៊ុន ម៉ានី បញ្ជាក់បន្ថែមទៀតថា បានរួមចំណែកយ៉ាងសកម្ម ក្នុងការលើកស្ទួយតម្លៃ​នៃ​វប្បធម៌ជាតិខ្មែរ និងខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត រក្សាការពារ ផ្ទេរបន្ដនូវ​ចំណេះដឹង និងបន្សល់ទុកសា្នដៃ​សម្រាប់ពលរដ្ឋខ្មែរជំនាន់ក្រោយ។
 
ក្រៅពីនេះ ក៏មានសិល្បករ សិល្បការិនីកម្ពុជា និងស្ថាប័នសិល្បៈជាច្រើន មានដូចជាអង្គការសិល្បៈខ្មែរអមតៈ, តារាពហុជំនាញ ខាត់ សុឃីម, តារាចម្រៀង អ៊ាម វន្នី និងសាធារណជនជាច្រើន ក៏បានបង្ហោះសារសោកស្តាយចំពោះមរណភាព​របស់ព្រឹទ្ធាចារ្យ​​គង់ ណៃ មត៌ក​មនុស្សរស់ដែរ។
 
ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានទទួលមរណភាពនៅថ្ងៃទី២៨ ខែមិថុនានេះ ក្នុងជន្មាយុ៨០ឆ្នាំ ដោយជរាពាធ។ សព របស់ព្រឹទ្ធាចារ្យ គង់ ណៃ នឹងបញ្ចុះតាមប្រពៃណី នៅថ្ងៃទី៣០ មិថុនា នាស្រុកកំណើត ក្នុងខេត្តកំពត។ 
  
ព្រឹទ្ធាចារ្យ​ គង់ ណៃ ជាអ្នកសិល្បៈផ្នែកចាប៉ីដងវែង ដែលពូកែវោហារ និងកាព្យចុងជួន បូករួមជាមួយសំនៀងចាប៉ី យ៉ាងពិរោះរណ្ដំ។  ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ  ត្រូវបានព្រះមហាក្សត្រ​ផ្តល់គោរមងាថ្នាក់ជាតិ ជាមត៌កមនុស្សរស់ ថា «កោសល្យវាហារគង់ ណៃ» នៅឆ្នាំ២០១២៕

អត្ថបទទាក់ទង

© រក្សាសិទ្ធិដោយ thmeythmey.com