អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន​​បណ្តេញ​អតីត​រដ្ឋមន្ត្រី​ការពារជាតិ​ពីរ​រូប​ចេញពី​បក្ស
28, Jun 2024 , 5:59 pm        
រូបភាព
លោក Li Shangfu (ស្តាំ) និងលោក Wei Fenghe ។ រូបភាព ៖ AP
លោក Li Shangfu (ស្តាំ) និងលោក Wei Fenghe ។ រូបភាព ៖ AP
គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) នៅថ្ងៃទី២៧ ខែមិថុនា បានសម្រេចបណ្តេញថ្នាក់ដឹកនាំជាន់ខ្ពស់២រូបចេញពីបក្ស គឺអតីតរដ្ឋមន្ត្រីការពារជាតិលោក Li Shangfu និងលោក Wei Fenghe ។

 
បក្សកុម្មុយនិស្តចិន​បាន​លើក​ឡើង​ថា អតីត​រដ្ឋមន្ត្រី​ទាំង​ពីរ​រូប​នេះ​បាន​បំពាន​លើ​វិន័យ​បក្ស និង​ច្បាប់។ ទន្ទឹមនេះ នាថ្ងៃដដែលគណៈកម្មាធិការមជ្ឈិមយោធា (CMC) របស់ចិនបានប្រកាសថា អតីតរដ្ឋមន្ត្រីការពារជាតិពីររូបគឺលោក Li Shangfu និងលោក Wei Fenghe បានបំពានយ៉ាងធ្ងន់ធ្ងរលើការងារបក្ស។
 
ភ្នាក់ងារត្រួតពិនិត្យ និងវិន័យរបស់ CMC បានបើកការស៊ើបអង្កេតលើលោក Wei Fenghe នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។ យោងតាមលទ្ធផលនៃការស៊ើបអង្កេត លោក Wei Fenghe បានបំពានយ៉ាងធ្ងន់ធ្ងរលើវិន័យនយោបាយ និងអង្គការ ដោយជួយបុគ្គលផ្សេងទៀតទទួលបានអត្ថប្រយោជន៍មិនសមហេតុផលក្នុងការរៀបចំបុគ្គលិក។ លើស​ពី​នេះ លោក​ក៏​បាន​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​វិន័យ​លើ​សុចរិតភាព ការ​ទទួល​យក​ប្រាក់ និង​អំណោយ​ខុស​នឹង​បទ​ប្បញ្ញត្តិ។
 
អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិរូបនេះ ក៏បានឆ្លៀតយកតួនាទីរបស់ខ្លួន ដើម្បីផ្តល់ផលប្រយោជន៍ដល់អ្នកដ៏ទៃ ដោយទទួលបានប្រាក់ និងវត្ថុមានតម្លៃយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលជាហេតុនាំឲ្យមានបទល្មើសទទួលសំណូក។ ការស៊ើបអង្កេតក៏បានរកឃើញតម្រុយអំពីការរំលោភផ្សេងទៀតដោយលោក Wei Fenghe ដែរ។
 
ភ្នាក់ងារត្រួតពិនិត្យ និងវិន័យរបស់ CMC បានបើកការស៊ើបអង្កេតលើលោក Ly Shengfu នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។ យោងតាមលទ្ធផលស៊ើបអង្កេត លោក Li Shengfu  បានបំពានយ៉ាងធ្ងន់ធ្ងរទៅលើវិន័យនយោបាយ និងអង្គការ។ លោកបានស្វែងរកផលប្រយោជន៍ខុសច្បាប់ក្នុងការរៀបចំបុគ្គលិកសម្រាប់ខ្លួន និងអ្នកដទៃ ឆ្លៀតយកតួនាទីដើម្បីទាញយកផលប្រយោជន៍ពីបុគ្គលដ៏ទៃ ហើយបន្ទាប់មកទទួលបានមកវិញនូវប្រាក់មួយចំនួនធំ និងវត្ថុមានតម្លៃ។ 
 
លោក Li Shengfu ក៏ត្រូវ​បាន​​រក​ឃើញ​ថា​បាន​ឲ្យ​លុយ​ទៅ​អ្នក​ដទៃ​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន ដែល​ជា​បទ​ឧក្រិដ្ឋ​សូកប៉ាន់។ ការស៊ើបអង្កេតក៏បានរកឃើញតម្រុយអំពីការរំលោភផ្សេងទៀតដោយលោក Li Shengfu។
 
ការិយាល័យនយោបាយចិន បានសម្រេចផ្ទេរសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងលោក Wei Fenghe និងលោក Li Shengfu ទៅកាន់អយ្យការយោធាដើម្បីធ្វើអធិការកិច្ច និងកាត់ទោស។ ពីមុន CMC បានបណ្តេញលោក Li Shangfu និង លោក Wei Fengheចេញពីជួរកងទ័ព ហើយដកហូតតំណែងមេទ័ពទាំងពីរនាក់នេះ។
 
លោក Wei Fenghe បានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិពីឆ្នាំ២០១៨ ដល់ឆ្នាំ ២០២៣ ខណៈលោក Li Shangfu ត្រូវបានបណ្តេញចេញពីតំណែងក្នុងខែតុលា ឆ្នាំ ២០២៣ បន្ទាប់ពីបំពេញភារកិច្ចបានត្រឹមតែ៧ ខែ៕

Tag:
 ចិន
  ការពារជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com