ជាតិ
កម្ពុជា អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ ខ្យល់កន្រ្តាក់ រយៈពេល៣ថ្ងៃ
12, May 2024 , 11:47 am        
រូបភាព
ភ្នំពេញ៖  សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ប្រទេសកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ សម្ពាធទាបនេះ នឹងធ្វើឱ្យតំបន់ខ្ពង់រាប តំបន់ទំនាប  និងតំបន់សមុទ្រ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់គ្រប់ដណ្តប់លើផ្ទៃដីពី១០ ទៅ២០ភាគរយ ចាប់ពីថ្ងៃទី ១២-១៤ ឧសភា។



ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ថា តំបន់ខ្ពង់រាប  មានសីតុណ្ហភាពពី២៤ ទៅ៣៦អង្សាសេ ដោយខ្យល់បក់មកពីទិសបស្ចិម និងទិសនិរតី មានល្បឿនមធ្យម២,៥ម៉ែត្រ/វិនាទី។ ខេត្តឧត្តរមានជ័យ ត្បូងឃ្មុំ ប៉ៃលិន និងតំបន់ជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១០ភាគរយ។
 
តំបន់វាលទំនាប មានសីតុណ្ហភាពពី២៤ ទៅ៣៦អង្សាសេ ដោយខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតីមានល្បឿនមធ្យម២ ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ចាម កំពង់ឆ្នាំង កំពង់ធំ និងកណ្តាលអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី២០ភាគរយ។
 
ដោយឡែក តំបន់មាត់សមុទ្រ មានសីតុណ្ហភាពពី២៤ ទៅ៣៥អង្សាសេ នឹងមានខ្យល់បក់មកពីទិសនិរតី មានល្បឿន មធ្យម២,៥ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី១០ភាគរយ។ ចំពោះ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕
 

Tag:
 ThmeyThmey
  ឧតុនិយម
  អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com