សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
កម្ពុជាឈរលំដាប់ទី៨ ខណៈសិង្ហបុរីជាប្រជាជាតិមានបំផុតនៅអាស៊ីអាគ្នេយ៍
13, May 2024 , 10:29 pm        
រូបភាព
រូបភាព ៖ AFP
រូបភាព ៖ AFP
កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៨ ក្នុងតំបន់ដែលមានផលិតក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ (GDP Per Capita) ជាមធ្យមជាង ២៦៣០ដុល្លារ ខណៈសិង្ហបុរីមានដល់ ៨៨៤៥០ដុល្លារ។ នេះបើតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធ្វើបច្ចុប្បន្នភាពនៅខែមេសា ឆ្នាំ២០២៤។

 
ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ត្រូវបានណែនាំដំបូងដោយសេដ្ឋវិទូជនជាតិរុស្សី Simon Kuznets ក្នុងឆ្នាំ១៩៣៧ ដើម្បីវាស់ស្ទង់ទិន្នផលសេដ្ឋកិច្ច។ បច្ចុប្បន្ន GDP Per Capita បានក្លាយជាស្ថិតិស្តង់ដារមួយដើម្បីប្រៀបធៀបសេដ្ឋកិច្ច និងផលិតភាពការងាររបស់ប្រទេសនីមួយៗ។
 
បើតាមទិន្នន័យរបស់ IMF សង្ហបុរីជាប្រទេសដែលប្រជាជនមានជាងគេក្នុងតំបន់ បើផ្អែកលើ GPD Per Capita រហូតដល់៨៨៤៥០ ដុល្លារ។ បុរីរដ្ឋនេះ ក៏​ស្ថិតក្នុង​ចំណោម​ប្រទេស​មាន​បំផុត​ក្នុង​ពិភពលោក​ដែរ។ 
 
ជាមួយនឹងផ្ទៃដី ៧៣៤គីឡូម៉ែត្រការ៉េ សិង្ហបុរីមានប្រជាជនត្រឹមតែ ៥,៦លាននាក់ ហើយធនធានធម្មជាតិមានកម្រិតតិចតួចណាស់។ ទោះជាយ៉ាងណាក៏ដោយ ទីតាំងយុទ្ធសាស្ត្រប្រទេសមួយនេះ បានជួយឱ្យសិង្ហបុរីក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់មួយក្នុងតំបន់។
 
ចំណាត់ថ្នាក់បន្ទាប់ គឺប្រ៊ុយណេមានភាពខុសប្លែកគ្នាច្រើនបើធៀបនឹងសិង្ហបុរី នៅពេលដែល GDP Per Capita មានចំនួន ៣៥១១០​ដុល្លារ។ ប្រេងដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចរបស់ប្រ៊ុយណេ។ ទោះបីជាវានាំមកនូវប្រាក់ចំណូលដ៏ច្រើន ក៏ប្រេងធ្វើឱ្យប្រទេសនេះពឹងផ្អែកលើធនធានធម្មជាតិផ្សេងទៀត ហើយងាយរងគ្រោះទៅនឹងការប្រែប្រួលនៃទីផ្សារថាមពល។
 
ប្រទេសដែលពឹងផ្អែកលើវិស័យទេសចរណ៍ចំនួនពីរ គឺម៉ាឡេស៊ី និងថៃ ជាប់ចំណាត់ថ្នាក់លេខ៣ និងទី៤ ក្នុងបញ្ជីនេះ ជាមួយនឹងផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ ១៣៣១០ដុល្លារ និង ៧៨១០ដុល្លាររៀងគ្នា។

ក្រាហ្វិក visualcapitalist ។ ទិន្នន័យពី IMF 
ឥណ្ឌូណេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍ ហើយក៏ជាប្រទេសដែលមានប្រជាជនច្រើនជាងគេលំដាប់ទី៤ លើពិភពលោក ជាប់ចំណាត់ថ្នាក់ទី៥ ជាមួយនឹងផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ចំនួន ៥២៧០ដុល្លារ។ 
 
បន្ថែមពីនេះ វៀតណាម​ឈរ​នៅលំដាប់ទី៦ ដែលមាន GDP Per Capita ចំនួន ៤៦២០ ដុល្លារ ខណៈហ្វីលីពីន ៤១៣០ដុល្លារ។ 
 
កម្ពុជា ឈរនៅលំដាប់លេខ៨ នៅក្នុងតំបន់ដែលមាន GDP Per Capita  ត្រឹមតែ ២០៣០ដុល្លារសម្រាប់ឆ្នាំ ២០២៤។ តាមពីក្រោយដោយឡាវ (១៩៨០ដុល្លារ) ទីម័រខាងកើត(១៤៥០ដុល្លារ) និងមីយ៉ាន់ម៉ា (១២៥០ដុល្លារ)។
 
ថ្មីៗនេះ លោក​​ ឆេង គីមឡុង អ្នកជំនាញសេដ្ឋកិច្ច និងជានាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)បានប្រាប់សារព័ត៌មានថ្មីៗថា ការព្យាករកំណើន​​ប្រាក់​​ចំណូល​របស់ប្រជាជន ​គឺ​​​​មាន​ការអង្កេត​ និង​សិក្សា​ច្បាស់​លាស់ដោយផ្អែកលើស្ថានភាពសេដ្ឋកិច្ច និងប្រាក់ចំណូល។
 
បណ្ឌិតផ្នែកសេដ្ឋកិច្ចរូបនេះសង្កេតឃើញសកម្មភាពវិនិយោគមួយចំនួននៅកម្ពុជា  មានការកើនឡើង​លើផ្នែកផលិតកម្មក្នុងវិស័យកសិកម្ម ឧស្សាហកម្ម  និងសេវាកម្ម ។ 
 
«ជាពិសេស គឺយើងឃើញថា វិស័យឧស្សាហកម្មទេសចរណ៍បានងើបឡើងវិញ។ ចំនួនទេសចរដែលមកកម្ពុជា ក៏កើនឡើង។ ដូច្នេះហើយ! យើងឃើញថាស្ថានភាពជាក់ស្តែងនៃសេដ្ឋកិច្ចយើងនេះ ហាក់មានសន្ទុះកើនឡើងវិញដែលធ្វើឱ្យចំណូលពលរដ្ឋម្នាក់ៗជាមធ្យមក្នុងឆ្នាំ២០២៤នេះ មានការកើនឡើងរហូតដល់ជាង២០០០ដុល្លារ ដែលជាការព្យាកររបស់រដ្ឋាភិបាល»។ នេះបើតាមការបញ្ជាក់របស់លោក ឆេង គីមឡុង។ 
 
ទន្ទឹមនេះ លោកបណ្ឌិតឆេង គីមឡុង មាន​សុទិដ្ឋិ​និយមខ្ពស់​ចំពោះ​ការ​បោះ​ជំហាន​ទៅ​មុខ​នៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ដែលធ្វើឱ្យប្រាក់​ចំណូល​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​​កើន​ឡើង​​ជា​បន្ត​បន្ទាប់ ​ស្របទៅតាមចក្ខុវិស័យរបស់រដ្ឋាភិបាល ក្នុងការអភិវឌ្ឍខ្លួនឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ 
 
ក្រាហ្វិកខាងក្រោមប្រៀបធៀបផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់នៃប្រទេសអាស៊ីអាគ្នេយ៍គិតជាដុល្លារ ជាមួយនឹងទិន្នន័យពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានធ្វើបច្ចុប្បន្នភាពក្នុងខែមេសា ឆ្នាំ២០២៤៕

Tag:
 កម្ពុជា
  IMF
© រក្សាសិទ្ធិដោយ thmeythmey.com