កីឡាអន្តរជាតិ
អន្តរជាតិ
Tyson ថានៅលើសង្វៀនមិត្តភាពជាមួយ Jake Paul ទុកមួយឡែកសិន
14, May 2024 , 2:59 pm        
រូបភាព
អតីតកំពូលអ្នកប្រដាល់សកល លោក Mike Tyson កំពុងតែត្រៀមខ្លួនវិលត្រឡប់ទៅសង្វៀនលើកដំបូងចាប់តាំងពីឆ្នាំ ២០០៥ ដោយត្រូវតទល់ជាមួយ តារា YouTube ប្រែក្លាយជាអ្នកប្រដាល់ កីឡាករ Jake Paul ក្នុងការប្រកួតពិពរណ៌ នៅថ្ងៃទី២០ ខែកក្កដា។ លោក Tyson បាននិយាយថា ទោះរវាងលោកជាមួយ Jake Paul ប្រៀបបានដូចមិត្តភក្តិ ប៉ុន្តែលើសង្វៀន មិត្តភាពទុកនៅមួយឡែកសិន។



បុរសវ័យ ៥៧ឆ្នាំ អំឡុងសន្និសីទកាសែតផ្សព្វផ្សាយពីការប្រកួតទល់នឹងកីឡាករវ័យ ២៧ឆ្នាំ Jake Paul ស្ថិតក្នុងរោងភាពយន្ត ​Apollo ក្នុងក្រុង ​New York ថា ខ្លួនចង់បង្ហាញទៅកាន់ពិភពលោកថា លោកនៅតែជាកីឡាករប្រដាល់ដ៏អស្ចារ្យ។ 
 
«ខ្ញុំពិតជាចូលចិត្ត Paul ខ្លាំងណាស់ ប៉ុន្តែនៅពេលដែលរូបគេស្ថិតនៅក្នុងសង្វៀនប្រកួតនោះ គេត្រូវតែវាយ។ ព្រោះថាវានឹងត្រូវតែកើតឡើងបែបនោះ។»។ លោក Mike Tyson បាននិយាយបែបនេះ។
 
ជំនួបប្រកួតទម្ងន់ធ្ងន់រវាងលោក Mike Tyson ទល់នឹង Jake Paul នឹងធ្វើឡើងនៅក្នុងទីក្រុង Arlington រដ្ឋ Texas ស្ថិតក្នុងកីឡដ្ឋានរបស់ក្រុមបាល់ឱបរបស់លីគ NFL ក្លិប Dallas Cowboys។ ការប្រកួតត្រូវធ្វើឡើងដោយមាន ៨ទឹក ដោយក្នុងមួយទឹកមានរយៈពេលត្រឹមតែ ២នាទី ប៉ុណ្ណោះ ហើយលទ្ធផលនៃការប្រកួតរបស់អ្នកទាំងពីរ ក៏នឹងត្រូវកត់ត្រាចូលកំណត់ត្រាប្រដាល់អាជីពផងដែរ។
 
សម្រាប់ការប្រកួតទៀតសោត បុរសវ័យ ៥៧ឆ្នាំ ហាក់បីត្រូវបានគេរិះគន់មួយចំនួនផងដែរ ប៉ុន្តែយ៉ាងណាអតីតអ្នកប្រដាល់ល្បីល្បាញរូបនេះ ក៏បានឆ្លើយតបទៅពាក្យរិះគន់ទាំងនោះថា អ្វីដែលលោកកំពុងធ្វើគ្មានមនុស្សណាអាចធ្វើបាន។ 
 
អតីតអ្នកប្រដាល់អាម៉េរិក Tyson បាននិយាយដូច្នេះ៖«មនុស្សជាច្រើននិយាយថាចង់បានមកដល់ទីនេះ ព្រោះថាគ្មាននរណាម្នាក់អាចធ្វើរឿងនេះបាន តើអ្នកណាអាចធ្វើបែបនេះបាន? តើនរណាអាចទៀតអាចលុបបំបាត់ពិភពកីឡា គ្មាននរណាម្នាក់អាចធ្វើបានដូចនេះឡើយ ដូច្នេះអ្នកទទួលបានហើយគឺយើងទាំងពីរនាក់។ ខ្ញុំជាមួយនឹង Paul គឺជាមិត្តភក្តិ ប៉ុន្តែនៅក្នុងសង្វៀនយើងមិនមែនជាមិត្តភក្តិឡើយ។»។
 
សម្រាប់ Jake Paul កីឡាករវ័យ ២៧ឆ្នាំ ដែលជាតារា YouTube ប្រែក្លាយជាអ្នកប្រដាល់ រូបគេបានឆ្លងកាត់ការប្រកួត ១០លើក ដោយក្នុងនោះបានផ្តួលគូប្រកួតចំនួន ៦លើក លើដៃគូប្រកួតដែលជាតារាបណ្តាញសង្គម ឬក៏កីឡាករប្រដាល់ពាក់កណ្តាលអាជីព។ Paul បានឈប់ប្រកួតប្រដាល់ កាលពីខែកុម្ភៈ ឆ្នាំ ២០២៣ នៅពេលដែលរូបគេបានចាញ់ការប្រកួតក្រោមថ្វីដៃកីឡាករ Tommy Fury ដែលជាប្អូនប្រុសរបស់កីឡាករប្រដាល់ម្ចាស់ខ្សែក្រវ៉ាតទម្ងន់ធ្ងន់ WBC លោក Tyson Fury។
 
សម្រាប់សន្និសីទកាសែតផ្សព្វផ្សាយពីការប្រកួតដទៃទៀតរបស់ ​លោក Mike Tyson និង Jake Paul នឹងបន្តធ្វើឡើងនៅក្នុងទីក្រុង Arlington មុនការប្រកួតជំនួបពិពណ៌នៅថ្ងៃទី២០ ខែកក្កដា៕

Tag:
 Mike Tyson
  Jake Paul
© រក្សាសិទ្ធិដោយ thmeythmey.com