RFI
អន្តរជាតិ
ធនាគារចិនផ្តើម​ប្រុងប្រយ័ត្ន​ក្នុងប្រតិបត្តិការ​ហិរញ្ញវត្ថុជាមួយរុស្ស៊ី ដោយខ្លាចទណ្ឌកម្មអាមេរិក?
15, May 2024 , 7:59 am        
រូបភាព
លោក​ ស៊ី ជីនពីង និង​លោក​ពូទីន នៅវិមានក្រេមឡាំង ថ្ងៃទី ២១ មីនា ២០២៣​ AP - Alexey Maishev
លោក​ ស៊ី ជីនពីង និង​លោក​ពូទីន នៅវិមានក្រេមឡាំង ថ្ងៃទី ២១ មីនា ២០២៣​ AP - Alexey Maishev
ដោយ៖ម៉ម ពិសី/RFI ខេមរភាសា

​ជាង​២ឆ្នាំក្រោយ​នៃសង្គ្រាម​អ៊ុយក្រែនបានផ្ទុះឡើង ចិន​បានប្រកាសគោលជំហរអព្យាក្រិត្យ និងដោយ​​មិន​បាន​ចូលរួម​ថ្កោលទោស ឬដាក់ទណ្ឌកម្មលើរុស្ស៊ីទេ។ តែទន្ទឹមនឹងនេះ លោក​ស៊ី ជីនពីងបានប្រកាសថា រុស្ស៊ី និងចិន ភ្ជាប់គ្នា​ដោយ​មិត្តភាពដែល​គ្មានទីបំផុត​។ នៅពីក្រោយមិត្តភាពនេះ ចិនត្រូវបាន​គេសង្ស័យនិងចោទថាបាន​បន្តធ្វើជំនួញជាមួយរុស្ស៊ី តាមរយៈការធ្វើពាណិជ្ជកម្ម លក់អាវុធ សម្ភារៈសិក និង​ឧបករណ៍បច្ចេកវិទ្យា ដើម្បីឲ្យរុស្ស៊ី​បន្តធ្វើសង្គ្រាម​​។ តែយ៉ាងណាក៏ដោយ ផ្អែក​តាមការវិភាគថ្មីៗនេះ គេសង្កេតឃើញថាធនាគារ​ចិនជាច្រើន បាន​ចាប់ផ្តើម​បង្កើនការប្រុងប្រយ័ត្នខ្ពស់​ ដោយខ្លាចក្រែងជាប់​ទណ្ឌកម្ម​របស់អាមេរិក​។

 
ចាប់តាំងពីសង្គ្រាមអ៊ុយក្រែនបានឆាបឆេះឡើងមក ទំនាក់ទំនងទាំងការទូត ទាំងពាណិជ្ជកម្មរវាងចិននិងរុស្ស៊ី ហាក់ដូចជាបាន​ហក់មានសន្ទុះកាន់តែល្អូកល្អឺន។ បើទោះបីជា​សហគមន៍អន្តរជាតិរិះគន់យ៉ាងណា តែលោក​ស៊ី ជីនពីង នឹងទទួលលោក​ពូទីន នៅក្រុង​ប៉េកាំង ក្នុងកំឡុងខែឧសភានេះ។ ហើយ​កាលពីឆ្នាំទៅមិញ លោកស៊ី  ជីនពីង បានធ្វើដំណើរទៅម៉ូស្គូ និង​បាន​ថ្លែងប្រកាសថា មិត្តភាពរវាងចិននិងរុស្ស៊ី គឺជាមិត្តភាព​អមតៈ គ្មានទីបំផុត​។
 
តែបើយើងក្រលេកទៅមើលលើវិស័យហិរញ្ញវត្ថុវិញ យើងឃើញថាអ្វីៗហាក់ដូចជាមិនល្អូកល្អឺនណាស់ណាទេ រវាង​ចិននិងរុស្ស៊ី​។ បញ្ហាហាក់ដូចជាចាប់ផ្តើម​កើតមាន​ហើយ។ កាលពីខែ​ធ្នូចុងឆ្នាំ​២០២៣ លោក​ចូ បៃដិនបានចេញក្រិត្យមួយ អនុញ្ញាតឲ្យ​មាន​ទណ្ឌកម្ម​បន្ថែម ដាក់ទៅលើធនាគារ​បរទេស ដែល​មានទំនាក់ទំនងរកស៊ីជាមួយ​រុស្ស៊ី​។ មានន័យថា ក្រសួងហិរញ្ញវត្ថុអាមេរិក អាច​ដកធានាគារនោះ ចេញពីប្រព័ន្ធប្រតិបត្តិការហិរញ្ញវត្ថុពិភពលោក ដែល​ប្រើប្រាស់​សាច់ប្រាក់ដុល្លារ​អាមេរិក​​ជាគោល ដែល​ជាទូទៅគេហៅថា SWIFT ។
 
ជាផលវិបាក គេសង្កេត​ឃើញ​ថា​ធនាគារ​ចិន​កាន់តែច្រើន បានចាប់ផ្តើម​កាត់បន្ថយ ឬបញ្ឈប់ទាំងស្រុង នូវ​ការទូទាត់សាច់ប្រាក់​ជាមួយអតិថិជនរុស្ស៊ី​។ ផ្អែកតាម​អ្នកជំនួញ​ទាំងចិនទាំងរុស្ស៊ី ដែលរកស៊ី​នាំចេញនាំចូលទំនិញ គឺគេកាន់តែជួប​ការលំបាក ក្នុងការនាំប្រាក់ពីរុស្ស៊ី មកទូទាត់​ទំនិញ​នៅចិន​។ អ្នកជំនួញ​ម្នាក់​នៅប៉េកាំង ដោយ​សុំមិនបញ្ចេញឈ្មោះ បាន​លើកឡើងប្រាប់អ្នកយកព័ត៌មានបារាំងថា ធនាគារមិន​ប្រាប់មូលហេតុលំអិតទេ តែបាន​កំណត់​លក្ខខណ្ឌ ត្រួតពិនិត្យ​កាន់តែតឹងតែងជាងមុន ឲ្យតែក្នុងករណី​ប្រតិបត្តិការសាច់ប្រាក់រវាងចិននិងរុស្ស៊ី ដើម្បីបង្ការបញ្ហា​។ ពេលខ្លះ ប្រតិបត្តិការទូទាត់សាច់ប្រាក់ អាចត្រូវចំណាយ​ពេលច្រើនខែក៏មាន​ ដែល​បញ្ហានេះ បាននិងកំពុងតែធ្វើ​ឲ្យ​លំបាក​ដល់​កម្រិតសាច់ប្រាក់សុទ្ធ ​របស់​ក្រុមហ៊ុន​នាំចេញនាំចូលតូចតាច​។ ពាណិជ្ជករជនជាតិរុស្ស៊ី​ម្នាក់ទៀត បានអះអាងថា ខ្លួនបានបង្ខំចិត្ត​បិទជំនួញ​នៅចិន ហើយ​ត្រឡប់ទៅរុស្ស៊ីវិញ​ ដោយ​សារ​តែមិនអាច​ទទួលបាន​ការ​ទូទាត់សាច់ប្រាក់ពីអតិថិជន​។
 
សូមរំលឹកថា ក្នុងឆ្នាំ​២០២៣ ទំហំនៃការដោះដូរពាណិជ្ជកម្មរវាងចិននិង​រុស្ស៊ី បានកើនសន្ទុះយ៉ាងខ្លាំងមិនធ្លាប់មាន ក្នុងទឹកប្រាក់សរុបប្រមាណ​ ២៤០ពាន់លានដុល្លារ ពោលគឺកើនឡើងដល់ទៅ​២៥% បើប្រៀបធៀបទៅឆ្នាំមុន។ មានន័យថា ប្រសិនបើធានាគារចិន ចាប់ផ្តើម​បង្កើនការប្រុងប្រយ័ត្ន ហើយ​បដិសេធលែងធ្វើប្រតិបត្តិការធនាគារទូទាត់សាច់ប្រាក់ មានន័យថាភាគីរុស្ស៊ីប្រាកដជាលំបាក​ខ្លាំងហើយ​។​ ផ្អែកតាម​វិមានក្រេមឡាំង ចិនជាអតិថិជន​ទិញ ហ្កាសនិង​ប្រេងឥន្ទនៈពី​រុស្ស៊ី ក្នុង​ទំហំដល់ទៅ ៥០% ឯណោះ។ ចំណែក​រុស្ស៊ីវិញ ទិញពីចិននូវ​គ្រឿងបន្លាស់ គ្រឿង​ផ្សំអេឡិចត្រូនិកគ្រប់ប្រភេទ ដែល​រុស្ស៊ីត្រូវការចាំបាច់ ដើម្បី​ឧស្សាហកម្ម​ស៊ីវីល និង​ឧស្សាហកម្ម​ផលិត​គ្រឿងសព្វាវុធធ្វើសង្គ្រាម។
 
គួរកត់សំគាល់ថា បញ្ហាលំបាក​ក្នុងការទូទាត់សាច់ប្រាក់ប៉ុន្មាន​ខែមកនេះ បានស្តែងឲ្យឃើញផងដែរ តាមរយៈការ​ធ្លាក់ចុះនៃការ​នាំចេញទំនិញពីចិនទៅរុស្ស៊ី នៅរវាង​ខែ​មីនានិងមេសា​។ យ៉ាងណាមិញ អ្នកនាំពាក្យ​វិមានក្រេមឡាំង Dmitri Peskov បាន​លើកឡើងថ្មីៗនេះដែរ អាមេរិកកំពុងតែដាក់សំពាធយ៉ាងខ្លាំង មកលើធនាគារចិន ដើម្បីធ្វើបាបសហគ្រាស​រុស្ស៊ី​ ដែលរកស៊ីជាមួយចិន​។
 
លោក Pavel Bazhanov មេធាវីម្នាក់ធ្វើការឲ្យ​ក្រុមហ៊ុនរុស្ស៊ីនៅចិន បាន​លើកឡើងថា ថ្វីបើទណ្ឌកម្ម​អន្តរជាតិ បានសំដៅតែទៅលើទំនិញមួយចំនួនក៏ពិតមែន តែចង់មិនចង់ គឺវាបានជះឥទ្ធិពល​ទៅលើបរិយាកាសពាណិជ្ជកម្មទាំងស្រុងរវាងចិននិងរុស្ស៊ី​។ យ៉ាងណាក៏ដោយ រដ្ឋអំណាចចិនមិនដែល​ទទួលស្គាល់ជាសាធារណៈទេ ថាមានបញ្ហា​នៅក្នុងវិស័យធនាគារ​។ តែក្រសួង​ការបរទេស​ចិនបានប្រាប់​ទីភ្នាក់ងារព័ត៌មាន​បារាំង ​AFP ថា ចិនប្រឆាំងដាច់ខាត​ ចំពោះទណ្ឌ​កម្ម​ជាអត្តនោម័តដោយ​ខុសច្បាប់ របស់សហរដ្ឋអាមេរិក​។
 
ទោះបីជាយ៉ាងណា អ្នកជំនាញ​សេដ្ឋកិច្ចហិរញ្ញវត្ថុ បាន​លើកឡើងថា នៅពីក្រោយ​ភាពស្ងាត់ស្ងៀមរបស់រដ្ឋអំណាចចិននេះ គឺ​ធាតុពិត ធនាគារចិនមានការប្រុងប្រយ័ត្នខ្ពស់ណាស់ ព្រោះមិនចង់​ធ្លាក់ខ្លួនក្លាយជា​ជនរងគ្រោះដោយ​ប្រយោល ខណៈដែល​បរិបទសេដ្ឋកិច្ចចិនមិនសូវជាល្អស្រាប់ទៅហើយ​។ លោក Alexander Gabuev អ្នក​វិភាគនៅការិយាល័យ Carnegy Russie Eurasie នៅក្រុងប៊ែរឡាំង បាន​លើកឡើងថា ការស្វែងរកដាន កំណត់ថា​ប្រតិបត្តិការទូទាត់សាច់ប្រាក់ណាមួយ មានជាប់ពាក់ព័ន្ធជាមួយ​បណ្តាញ​ម៉ាស៊ីនធ្វើសង្គ្រាមរបស់រុស្ស៊ី វាគឺជារឿងស្មុគស្មាញណាស់ សម្រាប់ធានាគារចិន​។ ដូច្នេះ ធានាគារចិនគ្មានជំរើសអ្វី ក្រៅតែពីអនុវត្ត “គោលការណ៍​បង្ការ” ជាទូទៅឡើយ ដែលមានន័យថាគេត្រូវតែកាត់បន្ថយ​ទំហំនៃ​ការទូទាត់សាច់ប្រាក់ ឲ្យតែពាក់ព័ន្ធជាមួយអតិថិជនរុស្ស៊ី​។
 
ដូចគ្នាដែរ លោក William Pomeranz អ្នកជំនាញ​នៅ Wilson Center បាន​លើកឡើងថា ក្នុងបរិបទសេដ្ឋកិច្ចយ៉ាប់យឺនស្រាប់ទៅហើយនៅចិន គឺចិន​ចង់បញ្ចៀស​ឲ្យខាងតែបាន នូវហានិភ័យបន្ថែមទៀតមកលើសេដ្ឋកិច្ចខ្លួន​។ បន្ថែមពីនេះ ផ្អែកតាមលោក Wang Yiwei នាយកវិទ្យាស្ថាន​ទំនាក់ទំនងអន្តរជាតិនៅសកលវិទ្យាល័យ Renmin គឺរដ្ឋអំណាចចិនប្រហែលជាបានចេញបញ្ជា​ដោយ​សម្ងាត់ ទៅកាន់ធនាគារចិន ឲ្យ​បង្កើនការប្រុងប្រយ័ត្ន​នៅពេលណាត្រូវទូទាត់ស់សាច់ប្រាក់ទៅឲ្យខាងរុស្ស៊ី ដើម្បី​កុំ​ឲ្យ​មានបញ្ហា​ជាមួយ​ភាគីអាមេរិក​ នៅក្នុងបរិបទដែលអាមេរិកកំពុងតែត្រៀមបោះឆ្នោត។ ទំនាក់ទំនងរវាងចិននិងអាមេរិកកំពុងឈានទៅធូរស្រាលនឹងន ដូច្នេះ​ចិនមិនចង់​បង្កើតបញ្ហាបន្ថែមទេ។
 
ដូចគ្នា​ដែរ​ លោក Shen Dingli អ្នកជំនាញ​ទំនាក់ទំនងអន្តរជាតិប្រចាំនៅសៀងហៃ បានពន្យល់ថា អាជ្ញាធរដ្ឋចិនមិនទៅឆោតល្ងង់ បណ្តោយ​ឲ្យ​ធនាគាររបស់ចិន ជាប់ទណ្ឌកម្មពិនិត្យពីអាមេរិក ឬត្រូវអាមេរិកដកចេញពី​ប្រព័ន្ធ SWIFT នោះឡើយ​។ ពោលគឺសម្រាប់ពេលនេះ ចិន​មិន​អាចទុកផ្លូវ​ឲ្យ​អាមេរិកមានឱកាស ដាក់ទណ្ឌកម្មពេញលេញ​​​ទាំងស្រុងលើចិន​នោះទេ​។
ដោយឡែក លោកស្រី Alexandra Prokopenko អតីតទីប្រឹក្សាម្នាក់នៅធនាគារជាតិរុស្ស៊ី បាន​លើកឡើងថា បច្ចុប្បន្ននេះ រុស្ស៊ីកំពុងតែរៀបចំយុទ្ធសាស្ត្រនៅតំបន់អាស៊ី ដើម្បី​បង្កើត​ប្រព័ន្ធប្រតិបត្តិការទូទាត់សាច់ប្រាក់ តាមធនាគារ ដោយ​ប្រើប្រាស់រូបិយបណ្ណប្រទេសនីមួយៗ និងដោយ​មិនបាច់​ប្រើប្រាស់ប្រាក់ដុល្លារ​អាមេរិក​៕

© រក្សាសិទ្ធិដោយ thmeythmey.com