អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចូលកាន់តំណែងអាណត្តិថ្មី លោក ពូទីន បំពេញទស្សនកិច្ចនៅចិនមុនគេ
15, May 2024 , 8:59 am        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន និងប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងជំនួបឆ្នាំ ២០២៣ ។ រូបភាព ៖ AFP
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន និងប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងជំនួបឆ្នាំ ២០២៣ ។ រូបភាព ៖ AFP
វិមានក្រឹមឡាំងបានប្រកាសថា ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅចិនចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែឧសភា។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​បរទេស​លើក​ដំបូង​របស់​លោក ពូទីន ចាប់​តាំង​ពី​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​នៅអាណត្តិថ្មី។

 
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជិនភីង នឹងពិភាក្សាលម្អិតអំពីបញ្ហាទាំងអស់ជុំវិញភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ និងអន្តរកម្មយុទ្ធសាស្ត្រ ដោយកំណត់ទិសដៅសំខាន់ៗសម្រាប់ការអភិវឌ្ឍបន្ថែមទៀត។ ទន្ទឹមនេះ ភាគីទាំង២នឹងមានផ្លាស់ប្តូរទស្សនៈគ្នាយ៉ាងហ្មត់ចត់លើបញ្ហាអន្តរជាតិ និងបញ្ហាក្នុងតំបន់។
 
លើសពីនេះ ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរនឹងចូលរួមនៅក្នុងពិធីរំលឹកខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងក្នុងឱកាសនៃការបើកឆ្នាំនៃទិវាវប្បធម៌រុស្ស៊ី និងចិនផងដែរ។
 
នេះ​ជា​ដំណើរ​ទស្សនកិច្ច​ទៅ​បរទេស​លើក​ដំបូង​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ចាប់​តាំង​ពី​បាន​ស្បថ​ចូល​កាន់​តំណែង​ជា​អាណត្តិ​ទី ៥ នៅ​ថ្ងៃ​ទី ៧ ខែ​ឧសភា។
 
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ចិនបានពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងយោធាជាមួយរុស្ស៊ី ស្របពេលមានការដាក់ទណ្ឌកម្មដោយអាម៉េរិក និងសម្ព័ន្ធមិត្តលើទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូ។
 
មេដឹកនាំ​រុស្ស៊ី និង​ចិន​បាន​ជួប​គ្នា​មិនតិចជាង ៤០​ដង។ ជំនួបចុងក្រោយនៅខែមីនា ឆ្នាំ២០២៣ លោក ស៊ី បានទៅបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ ហើយភាគីទាំងពីរបានចុះហត្ថលេខាលើកញ្ចប់ឯកសារស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ នៅខែតុលាឆ្នាំដដែល លោក ពូទីន បានចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវនៅទីក្រុងប៉េកាំង ហើយបានពិភាក្សាជាមួយលោកស៊ី៕ 

Tag:
 ចិន
  រុស្ស៊ី
  ពូទីន​
© រក្សាសិទ្ធិដោយ thmeythmey.com