សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ហ្វីលីពីន​ខ្ចី​ជប៉ុន​​៤០០​លាន​ដុល្លារ​​ទិញ​នាវា​ល្បាត៥​គ្រឿង​ ដើម្បីទប់នាវាចិន
17, May 2024 , 9:29 pm        
រូបភាព
នាវាល្បាត BRP Melchora Aquino ផ្លាស់ទីនៅសមុទ្រក្នុងឆ្នាំ២០២៣ ។ រូបភាព ៖ PCG
នាវាល្បាត BRP Melchora Aquino ផ្លាស់ទីនៅសមុទ្រក្នុងឆ្នាំ២០២៣ ។ រូបភាព ៖ PCG
ហ្វីលីពីន​បាន​ប្រកាស​ទិញ​កប៉ាល់​ល្បាត​ចម្រុះជប៉ុន​ចំនួន ៥ គ្រឿង​សម្រាប់​ឆ្មាំ​ឆ្នេរ ក្រោមកម្ចី​ជាង ៤០០ លាន​ដុល្លារ​ពី​ប្រទេស​ជប៉ុន។ ការទិញនាវាចំនួន ៥គ្រឿងនេះ ធ្វើឡើងស្របពេលហ្វីលីពីន កំពុងមានបញ្ហាចម្រូងចម្រាសជាមួយចិន នៅក្នុងសមុទ្រចិនខាងត្បូង។

 
ក្រសួងការបរទេសហ្វីលីពីន នៅថ្ងៃទី១៧ ខែឧសភា បានប្រកាសថា ជប៉ុននឹងផ្តល់ប្រាក់កម្ចីដល់ប្រទេសនេះចំនួន ៤១៣លានដុល្លារ ដើម្បីទិញនាវាឆ្លើយតបពហុមុខងារ (MRRV) ប្រវែង ៩៧ម៉ែត្រ ព្រមទាំងសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រអមមកជាមួយ។ 
 
ក្រសួងការបរទេសហ្វីលីពីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ៖« ប្រតិបត្តិការនេះនឹងជួយឱ្យឆ្មាំឆ្នេរសមុទ្រហ្វីលីពីនធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់ខ្លួនក្នុងការអនុវត្តការងារនៅសមុទ្រ ជាពិសេសឧក្រិដ្ឋកម្មឆ្លងដែន»។ នេះបើតាមសារព័ត៌មាន AFP។ 
 
បច្ចុប្បន្ន ឆ្មាំឆ្នេរសមុទ្រហ្វីលីពីន (PCG) កំពុងប្រតិបត្តិការកប៉ាល់ MRRV ប្រវែង ៩៧ម៉ែត្រ រួមទាំងប្រភេទ BRP Teresa Magbanua និង BRP Melchora Aquino ។ កប៉ាល់នីមួយៗអាចផ្ទុកទម្ងន់ជាង ១ពាន់តោន និងអាចបើកចម្ងាយ ៧៤០០គីឡូម៉ែត្រ ជាមួយល្បឿនអតិបរមា ៤៤គីឡូម៉ែត្រក្នុងមួយម៉ោង និងត្រូវបានបំពាក់ដោយកាណុងស្វ័យប្រវត្តិ ៣០មីលីម៉ែត្រ។ កាប៉ាល់ទាំងពីរបានដាក់ឱ្យដំណើរការនៅឆ្នាំ ២០២២ ដោយផ្អែកលើការរចនាតាមកប៉ាល់ Kunigami របស់ឆ្មាំឆ្នេរសមុទ្រជប៉ុន។ 
 
ជប៉ុន ជាប្រទេសនាំមុខគេក្នុងការផ្តល់ជំនួយអភិវឌ្ឍន៍បរទេសដល់ហ្វីលីពីន ហើយក៏ជាប្រទេសជួយជុសជុលកប៉ាល់ចំនួន ១៧ដែលត្រូវបានប្រើប្រាស់ដោយឆ្មាំសមុទ្រ PCG។ ទោះបីជាយ៉ាងណាក៏ដោយ ទាំងនេះត្រូវបានចាត់ទុកថាមានចំនួនតិចក្នុងការល្បាតដែនទឹកដ៏ធំនៅជុំវិញហ្វីលីពីន។
 
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ឆ្មាំឆ្នេរសមុទ្រហ្វីលីពីនក៏បានជួបប្រទះម្តងហើយម្តងទៀតនូវនាវាឆ្មាំឆ្នេរសមុទ្រចិននៅ តំបន់ Scarborough Shoal និងតំបន់ Second Thomas Shoal ដែលក្នុងនោះកប៉ាល់ល្បាត BRP Teresa Magbanua ត្រូវបានបុកដោយកប៉ាល់ទីក្រុងប៉េកាំងកាលពីខែកុម្ភៈ៕ 

Tag:
 ហ្វីលីពីន
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com