សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ថៃនាំមុខគេក្នុងអាស៊ាន ដោយទាក់ទាញភ្ញៀវទេសចរអន្តរជាតិច្រើនជាងគេ
21, May 2024 , 8:29 am        
រូបភាព
ភ្ញៀវ​អន្តរជាតិ​ដើរ​កម្សាន្ត​ទិញ​ទំនិញ​នៅ​ថៃ។ រូបភាព ៖ Eturbo news
ភ្ញៀវ​អន្តរជាតិ​ដើរ​កម្សាន្ត​ទិញ​ទំនិញ​នៅ​ថៃ។ រូបភាព ៖ Eturbo news
ថៃបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ៩លាននាក់នៅក្នុងត្រីមាសទី១ ជាចំនួនខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយច្រើនជាង១,៦ដងនៃចំនួនភ្ញៀវទេសចរទៅកាន់ម៉ាឡេស៊ី ដែលឈរលំដាប់ទីពីរប្រចាំតំបន់។

 
ដោយសារគោលនយោបាយបន្ធូរបន្ថយទិដ្ឋាការ ការលើកលែងទិដ្ឋាការទ្វេភាគីជាមួយចិន និងសកម្មភាពផ្សព្វផ្សាយទេសចរណ៍ជាច្រើនទៀត ថៃបានទទួលចំណាត់ថ្នាក់កំពូលក្នុងការប្រជែងចាប់យកភ្ញៀវទេសចរអន្តរជាតិនៅអាស៊ីអាគ្នេយ៍ ជាមួយចំនួនសរុប ៩,៣៧លាននាក់ក្នុងរយៈពេល ៣ខែឆ្នាំនេះ។ ពីមុន ប្រទេសទាក់ទាញភ្ញៀវអន្តរជាតិចច្រើនជាងគេក្នុងតំបន់ គឺម៉ាឡេស៊ី។
 
បើតាមទិន្នន័យពីក្រសួងទេសចរណ៍ និងកីឡាថៃ ភ្ញៀវទេសចរចិនចំនួន ១,៧៥ លាននាក់ ដែលជាប្រភពទេសចរណ៍ធំបំផុតនៅអាស៊ីអាគ្នេយ៍ទៅកម្សាន្តនៅថៃក្នុងត្រីមាសទី១ បន្ទាប់មកគឺភ្ញៀវម៉ាឡេស៊ី (១,១៦លាននាក់) និងរុស្ស៊ី (ច្រើនជាង៦២២ពាន់នាក់)។
 
ជាមួយការទាក់ទាញភ្ញៀវទេសចរបរទេសចំនួន ៥,៨លាននាក់នៅត្រីមាសទី១ឆ្នាំនេះ ម៉ាឡេស៊ីបានជាប់ចំណាត់ថ្នាក់លេខ២ នៅក្នុងតំបន់។ ចំនួន​ភ្ញៀវ​ទេសចរ​នេះ​បាន​កើន​ឡើង ៣២ភាគរយ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ 
 
យោងតាមទិន្នន័យពីរដ្ឋបាលទេសចរណ៍ជាតិវៀតណាម ភ្ញៀវទេសចរអន្តរជាតិទៅកាន់ប្រទេសនេះបានកើនឡើងដល់ ៤,៦លាននាក់ក្នុងរយៈពេល៣ខែដើមឆ្នាំនេះ កើនឡើង ៧២ភាគរយក្នុងរយៈពេលដូចគ្នា និង ៣,២ភាគរយបើធៀបនឹងឆ្នាំ ២០១៩។ វៀតណាម​ជា​ប្រទេស​ទទួល​ភ្ញៀវ​អន្តរជាតិ​ច្រើន​ជាង​គេ​ទី​៣ ​ក្នុង​តំបន់​នៅ​ដើម​ឆ្នាំ​នេះ។
 
ឈរលេខរៀងបន្ទាប់គឺ​សិង្ហបុរី ​មាន​ភ្ញៀវ​៤,៣៥​លាន​នាក់ ឥណ្ឌូណេស៊ី​មាន​៣​លាន​នាក់ ហ្វីលីពីន​១,៦​លាន​នាក់ កម្ពុជា​១,៥​លាន​នាក់ និង​ឡាវ​១​លាន​នាក់​។ ចំនួនភ្ញៀវទៅកាន់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះភាគច្រើនកើនឡើងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនចគឺចន្លោះ ២១ភាគរយទៅ ៥០ភាគរយ។ ប្រទេសដែលនៅសេសសល់រួមមាន មីយ៉ាន់ម៉ា ប្រ៊ុយណេ និងទីម័រខាងកើត មិនមានទិន្នន័យច្បាស់លាស់ទេ។
 
គួរបញ្ជាក់ថា នៅឆ្នាំ ២០២៣ ម៉ាឡេស៊ីបានក្លាយជាប្រទេសដែលទទួលភ្ញៀវអន្តរជាតិច្រើនជាងគេក្នុងតំបន់ដែលមានចំនួន ២៩លាននាក់ ខណៈថៃឈរនៅលំដាប់លេខ២ ។ សិង្ហបុរីជាប់ចំណាត់ថ្នាក់លេខ៣ មានអ្នកទស្សនា ១៣,៦លាននាក់ ស្របពេលវៀតណាមជាប់ចំណាត់ថ្នាក់ទី៤ ដែលមានអ្នកទស្សនាច្រើនជាង ១២លាននាក់៕

Tag:
 ថៃ
  ទេសចរ
  អាស៊ីអាគ្នេយ៍
© រក្សាសិទ្ធិដោយ thmeythmey.com