សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ម៉ាឡេស៊ីនាំមុខថៃ ក្លាយជាទីផ្សាររថយន្តធំទីពីរនៅអាស៊ាន
21, May 2024 , 11:12 am        
រូបភាព
រថយន្តធ្វើដំណើរលើផ្លូវហាយវ៉េមួយកន្លែងនៅម៉ាឡេស៊ី ។ រូបភាព ៖ The Star
រថយន្តធ្វើដំណើរលើផ្លូវហាយវ៉េមួយកន្លែងនៅម៉ាឡេស៊ី ។ រូបភាព ៖ The Star
ចាប់ពីត្រីមាសទី៣ ឆ្នាំមុន រហូតដល់ត្រីមាសទី១ ឆ្នាំ២០២៤ ម៉ាឡេស៊ីបាននាំមុខថៃ ដោយជាប់ចំណាត់ថ្នាក់ទី២ នៅក្នុងទីផ្សាររថយន្តអាស៊ាន ខណៈឥណ្ឌូណេស៊ីនៅឈរកំពូលតារាង។

 
ទិន្នន័យបញ្ចេញដោយសារព័ត៌មាន​ Nikkei Asia ស្តីពីការប្រកាសរបស់សាជីវកម្មរថយន្តក្នុងបណ្តាប្រទេសនានារួមមាន ថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម បានបង្ហាញថា​ ការលក់រថយន្តនៅម៉ាឡេស៊ី ដែលជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងតំបន់អស់រយៈពេលជាយូរមកហើយនោះ បានវ៉ាថៃចាប់តាំងពីត្រីមាសទី៣ ឆ្នាំមុន ដោយក្លាយជាទីផ្សាររថយន្តធំទីពីរនៅអាស៊ីអាគ្នេយ៍។
 
តាមសមាគមយានយន្តម៉ាឡេស៊ី (MAA) ការលក់បានកើនឡើង ៥ភាគរយនៅក្នុងត្រីមាសទី១ ធៀបនឹងគ្រាដូចគ្នាក្នុងឆ្នាំ២០២៣ ដែលមានរថយន្តចំនួន ២០២២៤៥គ្រឿង។ នៅឆ្នាំ ២០២៣ ការលក់នៅក្នុងទីផ្សារនេះ បានឈានដល់កម្រិតខ្ពស់ជាមួយចំនួនលក់រថយន្តចំនួន ៧៩៩ ៧៣១គ្រឿង។
 
ការលើកលែងពន្ធសម្រាប់រថយន្តដែលផលិតក្នុងស្រុក បានក្លាយជាឱកាសសម្រាប់ម៉ាកក្នុងស្រុកដូចជា Perodua និង Proton ដែលបច្ចុប្បន្នកាន់កាប់ប្រហែល ៦០ភាគរយនៃចំណែកទីផ្សារ។
 
គោលនយោបាយលើកលែងពន្ធបានចាប់ផ្តើមពីឆ្នាំ២០២២ ក្នុងអំឡុងពេលជំងឺរាលដាលកូវីដ-១៩ ទោះបីជាវាបានបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០២២ ក៏ដោយ ដំណើរការនៃការបំពេញការបញ្ជាទិញដែលបានកក់ពីមុននៅតែជួយបង្កើនការលក់នៅឆ្នាំ ២០២៣ ។ 
 
«រថយន្តជាច្រើនម៉ូដែលទើបចេញថ្មីៗ រួមទាំងរថយន្តអគ្គិសនីក្នុងតម្លៃប្រកួតប្រជែង ក៏មានការកើនឡើងនៃការសល់»។ សមាគមយានយន្តម៉ាឡេស៊ី បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយបែបនេះ។
 
លោក Ivan Khoo អ្នកលក់រថយន្ត Toyota នៅទីក្រុង Kuala Lumpur បានអះអាងថា ការលក់ក្នុងរយៈពេល២ខែឆ្នាំនេះ គឺល្អជាងការរំពឹងទុក ហើយប្រភេទ Vios គឺជារថយន្តដែលលក់ដាច់ជាងគេ ដោយសារតម្លៃរបស់ប្របហាក់ប្រហែល ២១០០០ដុល្លារ ។ 
 
«ខ្ញុំឃើញផ្នែកទាំងពីរ ទាំងម៉ាស៊ីនចំហេះខាងក្នុង និងរថយន្ត Toyota Hybrid បន្តរីកចម្រើន»។ លោក Ivan Khoo បានមើលឃើញបែបនេះ។ 
 
ផ្ទុយ​ទៅ​វិញ ការ​លក់​រថយន្ត​នៅ​​ថៃ​មាន​ការ​ថយ​ចុះ។ ត្រូវបានគេស្គាល់ថាជាទីក្រុង Detroit of Asia ដោយសារតែការប្រមូលផ្តុំនៃឧស្សាហកម្មរថយន្ត ថៃបានកាន់កាប់តំណែងទី២ អស់រយៈពេលជាយូរមកហើយ រហូតដល់ការលក់បានធ្លាក់ចុះ ២៥ភាគរយនៅក្នុងត្រីមាសទីមួយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។
 
ការលក់រថយន្តប្រចាំខែនៅថៃបានធ្លាក់ចុះចាប់តាំងពីខែមិថុនា ឆ្នាំ២០២៣  ដោយសារតែការកើនឡើងកម្រិតបំណុល និងការប្រើប្រាស់ធ្លាក់ចុះ។ ចំណែក​ទីផ្សារ​រថយន្ត​អគ្គិសនី​បាន​កើនឡើង ​ដោយសារ​ការហូរចូល​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន។
 
ចំណែក ឥណ្ឌូណេស៊ី​​មានសន្ទុះធ្លាក់ចុះដែរ។ ការលក់រថយន្តនៅក្នុងត្រីមាស១ បានថយចុះ ២៤ភាគរយ ដោយសារតែការកើនឡើងអត្រាការប្រាក់ធ្វើឱ្យអ្នកប្រើប្រាស់ពន្យារពេលការទិញ។ នៅឆ្នាំ២០២៣ ការលក់រថយន្តនឹងមានត្រឹមតែជាង១លានគ្រឿងប៉ុណ្ណោះ ធ្លាក់ចុះ ៤ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០២២ និងរថយន្តតិចជាងឆ្នាំ២០១៩ ចំនួន ៣០០០០គ្រឿង ដែលទាបជាងគោលដៅចំនួន ១,០៥លានគ្រឿងរបស់សមាគមឧស្សាហកម្មរថយន្តឥណ្ឌូណេស៊ី (Gaikindo)។
 
សម្រាប់នៅវៀតណាម នៅចុងត្រីមាសី១ ទិន្នន័យពីសមាគម VAMA មានការលក់រថយន្តត្រឹម ៥៨១៦៥គ្រឿងប៉ុណ្ណោះ ធ្លាក់ចុះ ១៨ភាគរយ។ ទន្ទឹមនេះ ទីផ្សារហ្វីលីពីនបានកើនឡើង ១៣ភាគរយដែលជាកម្រិតខ្ពស់បំផុតក្នុងចំណោមប្រទេសទាំង៥។
 
នៅឆ្នាំ ២០២៤  សមាគមរថយន្តម៉ាឡេស៊ីប៉ាន់ប្រមាណថាមានការថយចុះ ៧,៥ភាគរយនៃការលក់រថយន្តសរុប ទោះបីជាស្ថានភាពអាជីវកម្មនៃរថយន្តកូនកាត់ និងរថយន្តអគ្គិសនីសុទ្ធត្រូវបានរំពឹងថានឹងកើនឡើងក៏ដោយ៕ 

Tag:
 ថៃ
  ម៉ាឡេស៊ី
  រថយន្ត
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com