កីឡាជាតិ
ជាតិ
Danilson និង Soe Moe Kyaw មិនស្ថិតក្នុងផែនការរបស់ភ្នំពេញក្រោន រដូវកាលក្រោយ
21, May 2024 , 1:59 pm        
រូបភាព
Danilson និង Soe Moe Kyaw អំឡុងពេលប្រកួតជាមួយព្រះខ័នរាជស្វាយរៀង រូបពី Cambodian Premier League
Danilson និង Soe Moe Kyaw អំឡុងពេលប្រកួតជាមួយព្រះខ័នរាជស្វាយរៀង រូបពី Cambodian Premier League
ខ្សែបម្រើប្រយុទ្ធ Danilson និងខ្សែការពារ Soe Moe Kyaw បានចែកផ្លូវជាមួយក្លិបភ្នំពេញក្រោន ក្រោយកិច្ចសន្យាបញ្ចប់។ លោក កែវ សុខង៉ន អ្នកចាត់ការទូទៅក្លិបភ្នំពេញក្រោន គ្រាន់តែអាចបញ្ជាក់ថា ការមិនបន្ដកិច្ចសន្យាចំពោះកីឡាករទាំង២នេះ ព្រោះកីឡាករទាំងពីរមិនស្ថិតក្នុងផែនការរបស់គ្រូបង្វឹក លោក Oleg Starynskyi នៅរដូវកាលក្រោយ។



អ្នកគាំទ្រជាច្រើន សរសើរពីការប៉ិនប្រសប់រើសកីឡាករ របស់លោក Oleg Starynskyi។ Danilson ជនជាតិប្រស៊ីល និង Soe Moe Kyaw ជនជាតិមីយ៉ាន់ម៉ា គឺជាកីឡាករ ២រូប ដែលបានចូលរួមជាភ្នំពេញក្រោន បានមួយរដូវកាល ហើយទទួលបានការសរសើរពីអ្នកគាំទ្រចំពោះទម្រង់លេងរបស់ពួកគេ។ Danilson ត្រូវបានគេស្គាល់ជាខ្សែបម្រើប្រយុទ្ធ ដែលមានល្បឿនលឿន ខណៈ Soe Moe Kyaw ជាខ្សែការពារដែលរឹងមាំ។
 
Danilson បង្ហាញខ្លួនឲ្យភ្នំពេញក្រោន បាន២៥ប្រកួត រកបាន៥គ្រាប់ ចំណែក Soe Moe Kyaw បង្ហាញខ្លួន២២លើក រកបាន៤គ្រាប់។
 
ចំពោះការមិនបន្ដកុងត្រា សម្រាប់កីឡាករ២រូបនេះ សារព័ត៌មានថ្មីៗ មិនបានទទួលការឆ្លើយតបពីលោក Oleg Starynskyi ដែលជាគ្រូបង្វឹកឡើយ។ យ៉ាងណាក៏ដោយអ្នកចាត់ការទូទៅភ្នំពេញក្រោន លោក កែវ សុខង៉ន គ្រាន់តែអាចបញ្ជាក់ថា កីឡាករទាំង២នេះល្អ គ្រាន់តែពួកគេមិនស្ថិតក្នុងផែនការ ត្រៀមសម្រាប់រដូវកាលក្រោយប៉ុណ្ណោះ។
 
អ្នកចាត់ការទូទៅរូបនេះ បាននិយាយថា៖«ខ្ញុំ មិនអាចនិយាយបានទេ ព្រោះជាផែនការរបស់គ្រូបង្វឹក។ ខ្ញុំគ្រាន់តែដឹងថា ពួកគេមិនស្ថិតក្នុងផែនការសម្រាប់លីគនារដូវកាលក្រោយ។»។
 
ក្រោយចប់រដូវកាល កីឡាករអន្ដរជាតិមួយចំនួន បានចប់កិច្ចសន្យា ហើយនិងមិនបន្ដជាមួយក្លិបរបស់ខ្លួន។ អំឡុងខែឧសភានេះ វិសាខា មានកីឡាករបរទេស២រូប បានចែកផ្លូវគ្នា គឺ Youssef Ezzejjari និង Jonata De Oliverira Bastos។ ចំណែក ក្លិបកងយោធពលខេមរភូមិន្ទ មាន១រូប គឺ កីឡាករ CAIO DOS SANTOS VICENTE។ រីឯគីរីវង់សុខសែនជ័យ មានកីឡាករបរទេស ៤រូបគឺ៖ NOBIRAKI DEIRANSUPENSA, ELSAYED MAHMOUD ELSAYED ABDELFATTAH, Anto Okamura និង Zenivio Morientes Gostavo Concelcao Mota។

អង្គរថាយហ្គឺរ ក៏មានកីឡាករបរទេស ៣រូបចែកផ្លូវ គឺ Shodai Nishikawa, Delwinder Singh និង Riggi Alessandro៕

Tag:
 បាល់ទាត់
  ភ្នំពេញក្រោន
  Danilson
  Soe Moe Kyaw
© រក្សាសិទ្ធិដោយ thmeythmey.com