កីឡាជាតិ
ជាតិ
Mitsubishi Cup៖ កម្ពុជា ស្ថិតក្នុងពូល A ជាមួយ ថៃ សិង្ហបុរី ម៉ាឡេស៊ី និងទីម័រ/ព្រុយណេ
21, May 2024 , 2:44 pm        
រូបភាព
 ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ស្ថិតក្នុងពូល A ជាមួយម្ចាស់ការពារជើងឯក ថៃ សិង្ហបុរី ម៉ាឡេស៊ី និងទីម័រខាងកើត ឬ ព្រុយណេ ក្នុងការប្រកួត ASEAN Mitsubishi Electric Cup ឆ្នាំ២០២៤ ក្រោយការចាប់ឆ្នោតរើសពូល ក្នុងក្រុងហាណូយ ប្រទេសវៀតណាម នៅរសៀលថ្ងៃទី២១ ខែឧសភា។



សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) បានចាប់ឆ្នោតរើសពូលការប្រកួត ព្រឹត្តិការណ៍បាល់ទាត់ថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤ រួចរាល់ហើយ ក្នុងនោះពូល A ម្ចាស់ការពារជើងឯកថៃ ម៉ាឡេស៊ី សិង្ហបុរី កម្ពុជា រួមជាមួយទីម័រខាងកើត ឬ ព្រុយណេ និងពូល B មាន វៀតណាម ឥណ្ឌូណេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា និងឡាវ។
 
ការប្រកួត ASEAN Mitsubishi Electric Cup ឆ្នាំ ២០២៤ ដែលជាព្រឹត្តិការណ៍ប្រចាំអាស៊ីអាគ្នេយ៍លើកទី១៥ នឹងចាប់ផ្តើមប្រកួតពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី២១ ខែធ្នូ។ 
 
ក្នុងការចាប់ឆ្នោតនេះ មាន៥ក្រឡ ក្នុងមួយក្រឡមាន២ក្រុម ដោយត្រូវចែលជាពីរពូល ក្នុងមួយពូលមាន៥ក្រុម ក្នុងនោះក្រុមជម្រើសជាតិកម្ពុជាស្ថិតនៅក្រឡទី៤ជាមួយមីយ៉ាន់ម៉ា។ ក្រឡទី១មានថៃ ជាមួយវៀតណាម ក្រឡទី២ ឥណ្ឌូណេស៊ីជាមួយម៉ាឡេស៊ី ក្រឡទី៣ ហ្វីលីពីនសិង្ហបុរី និងក្រឡទី៥ ឡាវ ជាមួយ ទីម័រខាងកើត ឬព្រុយណេ។ ទីម័រខាងកើត និងព្រុយណេ នឹងត្រូវប្រកួតជម្រុះដើម្បីដើម្បីយកមួយកៅអី បង្គ្រប់១០ក្រុម។
 
ព្រឹត្តិការណ៍បាល់ទាត់ថ្នាក់តំបន់អាស៊ីអាគ្នេយ៍ នេះធ្វើឡើងរៀងរាល់២ឆ្នាំម្ដង ដោយលើកដំបូងនៅឆ្នាំ១៩៩៦។ ចាប់ពីឆ្នាំ១៩៩៦ មកដល់ឆ្នាំ២០២០ ព្រឹត្តិការណ៍នេះ មានឈ្មោះ AFF Suzuki Cup ដ្បិតក្រុមហ៊ុន Suzuki ជាម្ចាស់ឧបត្ថម្ភ។ នៅឆ្នាំ ២០២២ AFF បានប្រកាសអ្នកឧបត្ថម្ភថ្មីពីក្រុមហ៊ុន Mitsubishi ដោយត្រូវប្តូរឈ្មោះទៅ AFF Mitsubishi Electric Cup មុនប្តូរចុងក្រោយទៅ ASEAN Mitsubishi Electric Cup នៅឆ្នាំ២០២៤នេះ។
 
ថៃ ជាម្ចាស់ការពារតំណែងជើងឯក តាមរយៈការឈ្នះវៀតណាម នៅឆ្នាំ២០២២ និងជាជើងឯកច្រើនជាងគេចំនួន៧លើក តាមពីក្រោយដោយសិង្ហបុរី៤លើក វៀតណាម២លើក និងម៉ាឡេស៊ី១លើក៕
 
 

Tag:
 ASEAN Mitsubishi Cup
© រក្សាសិទ្ធិដោយ thmeythmey.com