សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
វិបត្តិប្រជាសាស្រ្ត៖ ពិភពលោកមានកុមារតិចជាងមុនពុំធ្លាប់មាន
24, May 2024 , 8:29 am        
រូបភាព
សិស្សក្នងថ្នាក់រៀនមួយកន្លែងនៅខេត្ត Qinghai ភាគពាយព្យចិន ។ រូបភាព ៖ Xinhua
សិស្សក្នងថ្នាក់រៀនមួយកន្លែងនៅខេត្ត Qinghai ភាគពាយព្យចិន ។ រូបភាព ៖ Xinhua
នៅស្ទើរតែគ្រប់ប្រទេសជុំវិញពិភពលោក អត្រាកំណើតមាននិន្នាការធ្លាក់ចុះ ក្នុងចំណោមស្រ្តីទាំងអស់ មិនថាស្ថិតនៅក្នុងក្រុមចំណូលកម្រិតណា ការអប់រំ និងការចូលរួមកម្លាំងពលកម្មណាមួយឡើយ។ ការព្យាករ បានបង្ហាញថា អត្រាបង្កកំណើតសកល បានធ្លាក់ចុះក្រោមកម្រិតលើកទឹកចិត្ត ២,២កុមារក្នុងស្រ្តីម្នាក់ ដែលត្រូវការដើម្បីរក្សាចំនួនប្រជាជនពិភពលោកបច្ចុប្បន្ន។ នេះបើយោងតាមកាសែត Wall Street Journal។

 
ពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិប្រជាសាស្រ្តដ៏កម្រមួយ។ ការណ៍នេះ​ កំពុង​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​របៀប​រស់នៅ​របស់​ប្រជាជន និងការអភិវឌ្ឍ​សេដ្ឋកិច្ច។ មួយទសវត្សន៍ចុងក្រោយ ការថយចុះភ្លាមៗនៃអត្រាកំណើតបានកើតឡើងយ៉ាងឆាប់រហ័ស ជាពិសេសក្នុងទ្រង់ទ្រាយធំ ដែលធ្វើអោយមនុស្សជាច្រើនមានការភ្ញាក់ផ្អើល។
 
តាមទស្សនៈរបស់អ្នកប្រជាសាស្រ្តជាច្រើននាពេលបច្ចុប្បន្ននេះ ដើម្បីរក្សាទំហំប្រជាជននៅទូទាំងពិភពលោកឲ្យមានស្ថិរភាពគឺត្រូវមានអត្រាកំណើតលើកទឹកចិត្ត ២,២កុមារក្នុងស្រ្តីម្នាក់។ ទោះបីជាយ៉ាងណាក៏ដោយ អាម៉េរិកបានធ្លាក់ចុះក្រោមកម្រិតនេះយូរមកហើយ ហើយបានកត់ត្រានូវចំនួនទាបបំផុតគឺអត្រា១,៦២ នៅឆ្នាំ២០២៣។ ទន្ទឹមនេះ កូរ៉េខាងត្បូងបច្ចុប្បន្នមានអត្រាកំណើតទាបបំផុតក្នុងពិភពលោកគឺត្រឹមតែ ០,៦២ប៉ុណ្ណោះ។   
 
នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​មួយ​ចំនួន អត្រា​កំណើតបាន​ធ្លាក់​ចុះទាបជាង​​​ទសវត្សរ៍​ឆ្នាំ១៩៧០ ហើយវាក៏​កំពុង​កើត​ឡើង​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​​ដែរ។ កាលពីឆ្នាំមុន បើទោះបីជាបានវ៉ាដាច់ចិនដើម្បីក្លាយជាប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោក ក៏ឥណ្ឌាបានកត់ត្រាអត្រាកំណើតទាបត្រឹម ២កុមារក្នុងស្រ្តីម្នាក់ប៉ុ​ណ្ណោះ។​
 
នៅក្នុងប្រទេសជាច្រើន រដ្ឋាភិបាលចាត់ទុកបញ្ហានេះជាបញ្ហាជាតិបន្ទាន់។ ពួកគេបារម្ភថាកម្លាំងការងារធ្លាក់ចុះ កំណើនសេដ្ឋកិច្ចយឺត និងមូលនិធិសោធននិវត្តន៍ធ្លាក់ចូលទៅក្នុងវិបត្តិហិរញ្ញវត្ថុ។ ទន្ទឹមនោះ ជាការភ័យខ្លាចនៃសង្គមមួយដែលមានកុមារតិចជាងមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ។
 
ការថយចុះចំនួនប្រជាជន កំពុងធ្វើឱ្យមនុស្សជាច្រើនមានចម្ងល់ថាតើប្រទេសមហាអំណាចដូចជាអាម៉េរិក ចិន... អាចរក្សាជំហររបស់ពួកគេបានដែរឬទេ។ អ្នកប្រជាសាស្រ្តមួយចំនួនព្យាករថា ចំនួនប្រជាជនពិភពលោកទំនងជានឹងចាប់ផ្តើមធ្លាក់ចុះក្នុងរយៈពេល ៤០ឆ្នាំខាងមុខ។
 
អតីតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដែលជាបេក្ខជនប្រធានាធិបតីនៃបក្សសាធារណរដ្ឋនៅឆ្នាំនេះ ធ្លាប់បាននិយាយថា ការធ្លាក់ចុះនៃអត្រាកំណើត ជាការគំរាមកំហែងដ៏ធំធេងចំពោះអរិយធម៌លោកខាងលិច ដែលមានស្មុគ្រស្មាញជាងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនទៅទៀត។
 
កាលពីមួយឆ្នាំមុន នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានបញ្ជាក់ថា ការថយចុះយ៉ាងខ្លាំងនៃអត្រាកំណើតកុមារដែលកើត និងរស់ក្នុងចំណោមមនុស្ស ១០០០នាក់ក្នុងមួយឆ្នាំបានធ្លាក់ចុះខ្លាំង ដែលជប៉ុនបានដាក់ជាសំណួរថា តើយើងអាចបន្តដំណើរការជាសង្គមបានឬយ៉ាងណា។ ទន្ទឹមនេះ នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni កំពុងផ្តល់អាទិភាពដល់ការជំរុញប្រជាសាស្រ្តដែរ។ 
 
កិច្ចខិតខំប្រឹងប្រែងដើម្បីគេចចេញពីវិបត្តិប្រជាសាស្ត្រ
 
នៅក្នុងប្រទេសជាច្រើន រដ្ឋាភិបាលកំពុងព្យាយាមធ្វើឱ្យអត្រាកំណើតរស់ឡើងវិញជាមួយនឹងគោលនយោបាយគាំទ្រជំរុញការមានកូន។ 
 
ប្រហែល​ជា​គ្មាន​ប្រទេស​ណា​ក្នុង​ពិភពលោក​ព្យាយាម​ធ្វើ​បែប​នេះ​យូរ​ជាង​ជប៉ុន​ទេ។ បន្ទាប់ពីអត្រាកំណើតបានធ្លាក់ចុះមកត្រឹម ១,៥ នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ រដ្ឋាភិបាលជប៉ុនបានដាក់ចេញនូវគោលនយោបាយជាបន្តបន្ទាប់ រួមទាំងការឈប់សម្រាកលំហែមាតុភាពសម្រាប់ស្ត្រី និងការថែទាំកុមារ។ ទោះជាយ៉ាងណាក៏ដោយ អត្រាកំណើតនៅប្រទេសជប៉ុននៅតែបន្តធ្លាក់ចុះ។
 
ក្នុងឆ្នាំ២០០៥ លោកស្រី Kuniko Inoguchi ត្រូវបានតែងតាំងជារដ្ឋមន្ត្រីទីមួយទទួលបន្ទុកអត្រាកំណើត និងសមភាពយេនឌ័រនៅជប៉ុន។ នៅពេលនោះ លោកស្រីនិយាយថាឧបសគ្គតែមួយគត់គឺការចំណាយ។ មនុស្សមិនមានលទ្ធភាពហិរញ្ញវត្ថុគ្រប់គ្រាន់ដើម្បីរៀបការឬមានកូន។ 
 
ក្រោយមក ជប៉ុនបានចាប់ផ្តើមផ្តល់ការថែទាំក្រោយសម្រាលដោយឥតគិតថ្លៃ និងផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់គ្រួសារដោយផ្អែកលើចំនួនកុមារ។ អំឡុងពេលនោះ អត្រាកំណើតនៅជប៉ុនបានកើនឡើងពី ១,២៦ក្នុងឆ្នាំ២០០៥ ដល់ ១,៤៥ក្នុងឆ្នាំ ២០១៥។ យ៉ាងណាមិញ បន្ទាប់ពីនោះអត្រានេះបានចាប់ផ្តើមថយចុះ ហើយនៅឆ្នាំ២០២២ វាបានត្រលប់ទៅ ១,២៦វិញ។
 
នៅឆ្នាំ២០២៤ រដ្ឋបាលរបស់លោក គីស៊ីដា​ បានចាប់ផ្តើមកម្មវិធីថ្មីមួយដែលរួមមានគោលនយោបាយបង្កើនអត្ថប្រយោជន៍ប្រចាំខែសម្រាប់គ្រួសារទាំងអស់ដែលមានកុមារអាយុក្រោម១៨ឆ្នាំ ដោយមិនគិតពីប្រាក់ចំណូលដូចជា ផ្តល់ថ្លៃសិក្សានៅសកលវិទ្យាល័យដោយឥតគិតថ្លៃសម្រាប់គ្រួសារដែលមានកូនចាប់ពី ៣នាក់ឡើងទៅ និងឈប់សម្រាកលំហែមាតុភាពពេញលេញ។
 
លោកស្រី Inoguchi ដែលបច្ចុប្បន្នជាសមាជិកព្រឹទ្ធសភាជប៉ុនបាននិយាយថា ឧបសគ្គសម្រាប់គូស្នេហ៍លែងជាបញ្ហាហិរញ្ញវត្ថុទៀតហើយ ប៉ុន្តែចជាពេលវេលា។ ត្រង់ចំណុចនេះ លោកស្រីបានអំពាវនាវដល់រដ្ឋាភិបាល និងក្រុមហ៊ុននានាឱ្យអនុវត្តប្រព័ន្ធការងារប្រចាំសប្តាហ៍រយៈពេលត្រឹម ៤ថ្ងៃប៉ុណ្ណោះ។
 
ទន្ទឹមនេះ ហុងគ្រី នាយករដ្ឋមន្រ្តី Viktor Orban បាននិងកំពុងផ្សព្វផ្សាយរបៀបវារៈដែលគាំទ្រអ្នកនិយមជ្រុលដើម្បីប្រកួតប្រជែងជាមួយអឺរ៉ុប។ កាល​ពី​ឆ្នាំ​មុន លោក​បាន​បង្កើន​អត្ថប្រយោជន៍​ពន្ធ​សម្រាប់​ម្តាយដើម្បី​ឲ្យ​ស្ត្រី​អាយុ​ក្រោម ៣០ ឆ្នាំ​ដែល​សម្រាល​កូន​រួច​ផុត​ពី​ការ​បង់​ពន្ធ​លើ​ប្រាក់​ចំណូល​ផ្ទាល់​ខ្លួន​អស់​មួយ​ជីវិត។ លើសពីនេះ មានការឧបត្ថម្ភថ្លៃផ្ទះ និងការថែទាំកុមារ រួមជាមួយនឹងការឈប់សម្រាកលំហែមាតុភាព។
 
លើសពីនេះ កូរ៉េខាងត្បូងនាពេលថ្មីនេះបានបានប្រកាសផែនការបង្កើតក្រសួងថ្មីមួយ ដែលមានភារកិច្ចដោះស្រាយបញ្ហាអត្រាកំណើតទាបនៅក្នុងប្រទេស។ ចំណែក នៅអាម៉េរិក សមាជិកសភា ក៏បានពង្រីកការឧបត្ថម្ភធនលើការថែទាំកុមារ និងការឈប់សំរាកលំហែមាតុភាពដែរ៕ 
 
ការជំរុញអត្រាកំណើត ហាក់ពុំទាន់មានប្រសិទ្ធភាព 
 
ទោះបីជារដ្ឋាភិបាលជាច្រើនផ្សេងទៀតនៅជុំវិញពិភពលោកក៏មានកម្មវិធីស្រដៀងគ្នានេះដើម្បីការពារការធ្លាក់ចុះនៃអត្រាកំណើតក៏ដោយ វាហាក់ដូចជាមិនទាន់មានប្រសិទ្ធខ្លាំងនោះទេ។ ពិភពលោកនៅតែប្រឈមមុខនឹងវិបត្តិប្រជាសាស្រ្តដ៏ធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានវិធានការចាំបាច់ជាងនេះបន្ថែមទៀត។
 
នៅឆ្នាំ២០១៧ អត្រាកំណើតសកលគឺ ២,៥។ នៅពេលនោះ អង្គការសហប្រជាជាតិ (UN) បានព្យាករថា ចំនួននេះនឹងថយចុះមកត្រឹម ២,៤ នៅចុងឆ្នាំ២០២០។ យ៉ាងណាមិញ នៅឆ្នាំ២០២១ យោងតាមការសន្និដ្ឋានរបស់ UN អត្រាកំណើតពិភពលោកបានធ្លាក់ចុះមកត្រឹម ២,៣ ដែលនៅកៀកអត្រាកំណើតលើកទឹកចិត្តសកល២,២។ នៅក្នុងប្រទេសអភិវឌ្ឍន៍ជាច្រើន អត្រាកំណើតលើកទឹកចិត្តបច្ចុប្បន្នគឺ២,១ ខ​ណៈនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ អត្រាកំណើតគឺខ្ពស់ជាងកម្រិតលើកទឹកចិត្តបន្តិច។
 
បច្ចុប្បន្ននេះ អង្គការសហប្រជាជាតិមិនទាន់បានប្រកាសអំពីអត្រាកំណើតជាសកលសម្រាប់ឆ្នាំ ២០២២ និងឆ្នាំ ២០២៣ទេ ប៉ុន្តែផ្អែកលើការវិភាគប្រៀបធៀបទិន្នន័យ និងការព្យាករជាក់ស្តែងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ សេដ្ឋវិទូ Jesús Fernández-Villaverde នៃសាកលវិទ្យាល័យ Pennsylvania អាម៉េរិក បានរកឃើញថា អត្រាមានកូននៅក្នុងប្រទេសជាច្រើនជាធម្មតាទាបជាងចន្លោះ ១០ភាគរយ ទៅ២០ភាគរយដែលលើសពីការព្យាកររបស់អង្គការសហប្រជាជាតិ។
 
នៅឆ្នាំ ២០២៣ ចិនបានកត់ត្រាកុមារចំនួន ៩លាននាក់ដែលកើតមក ដែលទាបជាង ១៦ភាគរយនៃការព្យាកររបស់អង្គការសហប្រជាជាតិ។ ទន្ទឹមនេះ កាលពីឆ្នាំមុនអាម៉េរិកមានកុមារចំនួន ៣,៥៩លាននាក់ ដែលទាបជាងការព្យាកររបស់អង្គការសហប្រជាជាតិ ៤ភាគរយ។
 
នៅឆ្នាំ ២០១៧ អង្គការសហប្រជាជាតិបានព្យាករថា ចំនួនប្រជាជនពិភពលោកនឹងបន្តកើនពី ៧,៦ពាន់លាននាក់ដល់ ១១,២ពាន់លាននាក់នៅឆ្នាំ ២១០០។ ប៉ុន្តែនៅឆ្នាំ ២០២២ UN បានកែសម្រួលការព្យាកររបស់ខ្លួនហើយបាននិយាយថាចំនួនប្រជាជនពិភពលោកនឹងឡើងដល់ ១០,៤ពាន់លាននៅឆ្នាំ២០៨០៕ 
 

Tag:
 ពិភពលោក
  អត្រាកំណើត
© រក្សាសិទ្ធិដោយ thmeythmey.com