កីឡាជាតិ
ជាតិ
លោក ខូវ ឆាយ៖ យើងត្រូវគាំទ្រកីឡាករ «នៅពេលឈ្នះ» និងលើកទឹកចិត្ត «នៅពេលបរាជ័យ»
24, May 2024 , 8:59 am        
រូបភាព
កីឡាករ យ៉េន ឌីណា រូបពី ហ្វេសប៊ុក យ៉េន ឌីណា
កីឡាករ យ៉េន ឌីណា រូបពី ហ្វេសប៊ុក យ៉េន ឌីណា
លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បដិសេធចំពោះមតិរិះគន់ថា ទុកកីឡាករ យ៉េន ឌីណា ចោលនៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ បន្ទាប់ពីបរាជ័យក្នុងការប្រកួតនៅប្រទេសអូស្ដ្រាលី កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។ ប្រធានសហព័ន្ធរូបនេះ ចាត់ទុកការរិះគន់នេះ ជាការយល់ច្រឡំ ។



កាលពីថ្ងៃទី១៧ ខែឧសភា កីឡាករ យ៉េន ឌីណា បានចាញ់កីឡាករ Remesh Habib នៅទឹកទី៥ ក្នុងការប្រកួត Kickboxing នៅទឹកដីអូស្ដ្រាលី។ សម្រាប់ យ៉េន ឌីណា នេះគឺជាលើកទី១ ដែលរូបគេប្រកួត Kickboxing ដោយមិនបានត្រៀមខ្លួន។ មុនពេលចេញទៅប្រកួត កីឡាករកម្ពុជារូបនេះ គ្រាន់តែដឹងថា រូបគេនឹងទៅប្រកួតគុនខ្មែរ នៅប្រទេសអូស្ដ្រាលី ប៉ុណ្ណោះ។
 
លោក ខូវ ឆាយ បានបញ្ជាក់ថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានស្ដីបន្ទោសទៅផលិតករ (Promoter) ក្នុងការផ្ដល់ព័ត៌មានមិនច្បាស់ការ ហើយនាំយកកីឡាករទៅប្រកួត ដែលជាហេតុនាំឲ្យប៉ះពាល់ដល់ការប្រកួត និងមុខមាត់ជាតិ។
 
ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែររូបនេះ បាននិយាយដូច្នេះថា៖«ពេលទៅដល់ទីនោះ គាត់វៃជា Kickboxingវិញ ដែលជារឿងមួយ យើងភ្ញាក់ផ្អើលដែរ។ យើង បានស្ដីបន្ទោសទៅកាន់ Promoter ដែលផ្ដល់ព័ត៌មានមិនច្បាស់។ យើង ក៏បានស្ដីបន្ទោសថា រាល់ការដឹកនាំកីឡាករទៅ ត្រូវផ្ដល់ព័ត៌មានច្បាស់លាស់ និងធានាអះអាង ព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិយើង។»។
 
បើទោះជា ឌីណា បរាជ័យនៅទឹកដីអូស្ដ្រាលី ប៉ុន្ដែកីឡាកររូបនេះ មិនត្រូវបានគេទុកចោលឡើយ។ លោក ខូវ ឆាយ បានអះអាងថា សហព័ន្ធ បានយកចិត្តទុកដាក់ចំពោះការចេញទៅប្រកួតរបស់កីឡាករ យ៉េន ឌីណា។ មុនពេលប្រកួតនោះ សហព័ន្ធ ក៏បានធ្វើលិខិតប្រកួតតាមរយៈផលិតករ នៅអូស្ដ្រាលី និងលិខិតទៅស្ថានទូតអូស្ដ្រាលីប្រចាំនៅកម្ពុជា ដើម្បីសុំ Visa ផងដែរ។
 
ចំពោះវីដេអូ និងរូបភាពផ្សេងៗ ការវិលត្រឡប់មកកម្ពុជាវិញរបស់ យ៉េន ឌីណា តែម្នាក់ឯង មិនមានអ្នកណាជូនដំណើរ និងទទួលនោះ លោក ខូវ ឆាយ បញ្ជាក់ថា គឺជាករណីយល់ច្រឡំ។

កីឡាករកម្ពុជារូបនេះ បានវិលត្រឡប់មកវិញ មុនថ្ងៃប្រតិភូផ្សេងទៀត ដែលត្រូវមាតុនិវត្តន៍ជាមួយគ្នា ព្រោះមិនចង់ឲ្យមានភាពអធិកអធម។ ម្យ៉ាងវិញទៀត ឌីណា ក៏បានទំនាក់ទំនង លោកស្រី ស សុម៉ាលី ដែលជាម្ចាស់ក្លិបប្រដាល់គុនខ្មែរ អេភូថង មកទទួលផងដែរ ប៉ុន្ដែបែរជាជ្រោះផ្លូវ និងច្រឡំពេលវេលា។ នេះបើតាមការបញ្ជាក់ពីប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។
 
«នេះ គឺជារឿងកីឡាករទេ ដែលត្រឡប់មកវិញហើយគាត់មិនចង់ ឲ្យភាពអធិកអធម ហើយគាត់បានសុំមកមុនម្នាក់ឯងស្ងាត់មុន។ យ៉េន ឌីណា គឺគាត់មកវិញតែឯង។ ចំណែកអ្នកគ្រូ សសុម៉ាលី ក៏បានទំនាក់ទំនងមកយក យ៉េន ឌីណា ពីព្រលានដែរ ប៉ុន្ដែខុសម៉ោងគ្នា។ ករណីនេះ មានការយល់ច្រឡំគ្នាខ្លះ។»។ លោក ខូវ ឆាយ បាននិយាយដូច្នេះ។
 
តែយ៉ាងប្រធានសហព័ន្ធអាណត្តិថ្មីនេះ យល់ថា ការរិះគន់របស់អ្នកគាំទ្រនេះ ជាការនាំទៅរកចំណុចល្អ បង្ហាញពីស្មារតីស្រឡាញ់ និងយកចិត្តទុកដាក់ដល់កីឡាករ។ «ខ្ញុំ គិតថាជារឿងល្អដែរ ដោយមានសារព័ត៌មាន ក៏ដូចជាមហាជន ចេញមកគាំទ្រលើកីឡាករ និងជាការដាស់ឲ្យសាធារណជន យកចិត្តទុកដាក់គាំទ្រដល់កីឡាករ កុំគាំទ្រតែពេលគាត់ឈ្នះ ព្រោះកីឡាករណា ក៏មិនចង់ចាញ់ដែរ។ ជារឿងធម្មតាកីឡាមានឈ្នះ មានចាញ់ មិនមានឈ្នះរហូតទេ។ យ៉េន ឌីណា និង ធន់ ចាន់តាក់ គឺជាកីឡាករ ដែលធ្លាប់ធ្វើបានល្អ។ ពេលកីឡាករចាញ់ យើង ត្រូវបន្ដលើកទឹកចិត្តកីឡាករ ប្រឹងប្រែងហ្វឹកហាត់។»។ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បាននិយាយបែបនេះ៕

Tag:
 យ៉េន ឌីណា
  ប្រដាល់គុនខ្មែរ
  ខូវ ឆាយ
© រក្សាសិទ្ធិដោយ thmeythmey.com