ដោយ៖ម៉ម ពិសី/RFI ខេមរភាសា
ក្នុងកម្មវត្ថុដើម្បីពន្លត់ភ្លើងកុប្បកម្មហិង្សា ដែលបានផ្ទុះឡើងនៅកោះនូវែលកាឡេដូនី ដែនដីនាយសមុទ្ររបស់បារាំង លោកប្រធានាធិបតីម៉ាក្រុង បានធ្វើដំណើរទៅដល់កោះនេះ កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ឧសភា។ អំពើកុប្បកម្មហិង្សារបស់ក្រុមជនជាតិដើមកាណាក់ បានស្ងប់ស្ងាត់បន្តិចវិញហើយ តែយ៉ាងណាវាបានបង្កឲ្យរដ្ឋបារាំង ត្រូវខូចកិត្តិយសមុខមាត់ ក្នុងនាមបារាំងដែលតែងតែអះអាងថាខ្លួន គឺជាមហាអំណាចធំមួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
លោកម៉ាក្រុងបានធ្វើដំណើរទៅដល់ទីក្រុងនូម៉េអា លើកោះនូវែលកាឡេដូនី នៅថ្ងៃព្រហស្បតិ៍ទី២៣ឧសភា ដើម្បីពន្លឿនដំណើរការស្តារសណ្តាប់ធ្នាប់សាធារណៈ នៅលើដែនដីបារាំងក្នុងមហាសាគរប៉ាស៊ីហ្វិកខាងត្បូង។ ចាប់តាំងពីថ្ងៃទី១៣ ឧសភា កោះនូវែលកាឡេដូនីទាំងមូល បានធ្លាក់ទៅក្នុងអំពើកុបកម្មហិង្សា ដុតហាងទំនិញ ដុតបំផ្លាញអគារផ្ទះសំបែង បណ្តាលឲ្យស្លាប់មនុស្សយ៉ាងហោច៦នាក់ ដោយផ្ទាល់និងដោយប្រយោល។ ក្រុមជនជាតិដើមកាណាក់ បានធ្វើកុប្បកម្ម ប្រឆាំងនឹងការធ្វើកំណែទម្រង់ច្បាប់បោះឆ្នោត ដែលគេអះអាងថានឹងធ្វើឲ្យឥទ្ធិពលរបស់ប្រជាជនដើមម្ចាស់ស្រុក ត្រូវបាត់បង់។ អស់រយៈពេលមួយសប្តាហ៍ ទំរាំអាជ្ញាធរបារាំង អាចបំបែកក្រុមបាតុករហិង្សា ហើយចាប់ផ្តើមស្តារសណ្តាប់ធ្នាប់បានមកវិញ ម្តងបន្តិចៗ នៅលើកោះនូវែលកាឡេដូនី។
ចង់មិនចង់ អំពើហិង្សាចលាចល យ៉ាងអនាធិបតេយ្យ ប្រមាណជាង១សប្តាហ៍មកនេះ បានធ្វើឲ្យគេឃើញពីកម្សោយនៃអំណាចរដ្ឋបាលសាធារណៈបារាំង នៅលើកោះនូវែលកាឡេដូនី។ ជាងនេះទៀត វាបានធ្វើឲ្យគេចោទសួរ អំពីភាពរឹងមាំនៃអំណាចរដ្ឋបារាំង ដែលគ្រប់គ្រងដែនដីកោះនេះ ក្នុងនាមបារាំងដែលតែងតែប្រកាសក្តែងៗ អួតអំពីមហិច្ឆតាខ្លួនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្នុងនាមជាសម្ព័ន្ធមិត្តជាមួយបារាំង អូស្ត្រាលី នូវែលសេឡង់ ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីកោះនូវែលកាឡេដូនី បានតាមដានយ៉ាងយកចិត្តទុកដាក់ និងដោយក្តីព្រួយបារម្ភបំផុត អំពីស្ថានការណ៍ចលនាចលនេះ។
លោកស្រី Isabelle Saint-Mézard អ្នកស្រាវជ្រាវនៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ Ifri បានពន្យល់ថា ជានិច្ចជាកាល បារាំងតែងតែប្រកាសសារ ថាបារាំងគឺជាមហាអំណាចមួយដ៏ស្របច្បាប់នៅឥណ្ឌូប៉ាស៊ីហ្វិក ព្រោះថាបារាំងមានដែនដីរបស់ខ្លួននៅទីនោះ។ តែអំពើកុប្បកម្មហិង្សាប្រឆាំងនឹងរដ្ឋបារាំង នៅលើកោះនូវែលកាឡេដូនី បានធ្វើឲ្យគេចោទសួរថា តើរដ្ឋបារាំងពិតជាសក្តិសមជាមហាអំណាចមួយនៅអាស៊ីប៉ាស៊ីហ្វិកមែនឬ បើគ្រាន់តែសមត្ថភាពមធ្យោបាយ និងកម្លាំងសមត្ថកិច្ច ដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់នៅកោះនូវែលកាឡេដូនី ក៏បារាំងគ្មានផងនោះ? អូស្ត្រាលីនិងនូវែលសេឡង់ បានប្រញេបប្រញាប់ ជម្លៀសប្រជាជនគេចេញពីកោះនូវែលកាឡេដូនី ជាបន្ទាន់ ដោយសារតែបញ្ហាសន្តិសុខ។
ជាងនេះទៀត កាលពីឆ្នាំមុន សមាជិកព្រឹទ្ធសភាបារាំង បានចេញរបាយការណ៍មួយ ដោយលើកឡើងថា រដ្ឋបារាំងមានមហិច្ឆតាធំណាស់ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក តែផ្ទុយទៅវិញគ្មានមធ្យោបាយឲ្យសក្តិសមនឹងមហិច្ឆតានេះទេ។ ជាសរុប ដែនដីនាយសមុទ្ររបស់បារាំង មានចំណែកចូលរួមស្មើនឹង៩០% នៃដែនសមុទ្រសេដ្ឋកិច្ចផ្តាច់មុខរបស់បារាំង។ ពោលគឺបារាំងជាប្រទេសធំជាងគេទី២។ បារាំងដែលមានដែនដី ទាំងនៅក្នុងតំបន់ក្បែរអាហ្វ្រិក ក្នុងមហាសមុទ្រឥណ្ឌា និងក្នុងមហាសាគរ ប៉ាស៊ីហ្វិក តែធាតុពិត បារាំងមានកម្លាំងទាហានតែប៉ុន្មានពាន់នាក់ប៉ុណ្ណោះ ដែលឈរជើងនៅក្នុងលំហដ៏ធំធេងនេះ។ ពោលគឺ បើប្រៀបធៀបទៅចិន និងអាមេរិក គឺបារាំងខ្សោយខ្លាំងសម្បើមណាស់។
នៅក្នុងបរិបទនៃការប្រកួតប្រជែងគ្នាខ្លាំងឡើង នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក រវាងចិននិងអាមេរិក បារាំងក្រោមការដឹកនាំរបស់លោកម៉ាក្រុង ធ្លាប់បានបង្ហាញយុទ្ធសាស្ត្រប្រកបដោយមហិច្ឆតា ថាខ្លួនគឺជាមហាអំណាចមួយដែរ។ មានដែនដីធំល្វឹងល្វើយ នៅកណ្តាលមហាសាគរប៉ាស៊ីហ្វិក បារាំងបានតាំងខ្លួនជាជម្រើសទី៣ សម្រាប់អ្នកណាដែលមិនចង់រើសយកចិន ឬរើសយកអាមេរិក។
ក៏ប៉ុន្តែ អំពើហិង្សាដែលបានផ្ទុះឡើងនៅកោះនូវែលកាឡេដូនី បានបង្ហាញថា វត្តមានរបស់បារាំងនៅលើកោះនេះ គឺជាកម្អែលនៃការដាក់អាណានិគម ដែលមិនគួរមានតទៅទៀតទេ។ យ៉ាងណាមិញ អង្គការសហប្រជាជាតិ បានចាត់ទុកដែនដីកោះនូវែលកាឡេដូនី ស្ថិតក្នុងចំណោមដែនដីទាំង១៧ ដែលគ្មានអធិបតេយ្យភាព ពោលគឺប្រជាជនដើមម្ចាស់ស្រុក គ្មានសិទ្ធិសម្រេចនិងគ្រប់គ្រងដោយខ្លួនឯង។ ដែនដីសឹងតែទាំងអស់នៅតំបន់ប៉ាស៊ីហ្វិក គេបានឯករាជអស់ហើយ នៅឡើយតែតំបន់នូវែលកាឡេដូនីប៉ុណ្ណោះ។
លោកស្រី Marianne Péron Doise អ្នកស្រាវជ្រាវនៅវិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រ បានលើកឡើងថា កោះផ្សេងៗទៀត ដូចជាកោះហ្វីជី កោះវ៉ានូអាទូ ជាដើម គេយល់ថាបញ្ហាចលាចលអស្ថិរភាពនៅនូវែលកាឡេដូនី វាគីជាកំហុសរបស់រដ្ឋបារាំងទាំងស្រុង។ ចំណែកប្រជាជននៅនូវែលកាឡេដូនីវិញ មួយចំនួនធំ គេយល់ថាគេត្រូវបានរដ្ឋបារាំងប្រើប្រាស់ជាឧបករណ៍ ដើម្បីបំពេញមហិច្ឆតាភូមិសាស្ត្រនយោបាយ អួតថាជាមហាអំណាច តែការពិតជាក់ស្តែង រដ្ឋបារាំងមិនផ្តល់អាទិភាពដល់ការរីកចម្រើនរបស់ពួកគេ។
ចាប់ពីពេលនេះទៅ អ្វីៗស្ថិតនៅក្នុងដៃរបស់លោកម៉ាក្រុង ដើម្បីធ្វើឲ្យស្ថានការនៅនូវែលកាឡេដូនី ត្រលប់មករកស្ថិរភាពសន្តិសុខ។ ចិនដែលសំឡឹងឃើញរ៉ែនីកែលដ៏ច្រើនមហាសាលនៅលើកោះនេះ កំពុងតែស្រក់ទឹកមាត់ រងចាំតែឱកាសតែប៉ុណ្ណោះ ប្រសិនបើបារាំងធ្វេសប្រហែស។ ក្រញ៉ាំឥទ្ធិពលរបស់ចិននៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង គឺជាអ្វីដែលអូស្ត្រាលី នូវែលសេឡង់ អាមេរិក និងប្រទេសអាស៊ានខ្លះព្រួយបារម្ភណាស់។ ដូច្នេះគ្មាននរណាម្នាក់ ចង់ឃើញបារាំង របូតកោះនូវែលកាឡេដូនីពីដៃទេ៕