RFI
អន្តរជាតិ
ជប៉ុននិងកូរ៉េខាងត្បូង សម្រេចដាក់​ទណ្ឌកម្ម​ទៅលើបណ្តាញ​ផ្គត់ផ្គង់អាវុធកូរ៉េខាងជើង​​ទៅ​រុស្ស៊ី
26, May 2024 , 1:59 pm        
រូបភាព
ដោយ៖ម៉ម ពិសី/ FRI ខេមរភាសា
លែងជា​រឿងសម្ងាត់ទៅហើយ ដែល​កូរ៉េខាងជើង​បាន​ផ្គត់ផ្គង់​នូវគ្រឿងសព្វាវុធ ទៅ​ឲ្យរុស្ស៊ីដើម្បីយកទៅធ្វើសង្គ្រាមឈ្លានពាន​​អ៊ុយក្រែន​។ កាលពីថ្ងៃ​សុក្រទី​២៤ឧសភា រដ្ឋាភិបាលជប៉ុន និង​​កូរ៉េខាងត្បូង ទើបតែ​បាន​ប្រកាស​​ដាក់ទណ្ឌកម្ម​​ទៅ​លើ​​ក្រុមហ៊ុន​​ចំនួន​​១១ និង​​​មនុស្ស​​ម្នាក់ ដែលបានចូលរួមនៅក្នុងសកម្មភាពនេះ​។ ជាការសម្រេច​ដោយសហការជាមួយ​រដ្ឋបាលអាមេរិក​ ដែល​កំពុងតែ​ព្យាយាមរកផ្លូវកាត់ផ្តាច់​ ស្តុកអាវុធរបស់រុស្ស៊ី​។

 
ព្រឹកថ្ងៃសុក្រទី​២៤ឧសភា លោក Yoshimasa Hayashi អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន​បាន​ឲ្យដឹងថា គេបាន​សម្រេច​ដោយសហការជាមួយ​អាមេរិក ដាក់ទណ្ឌកម្ម​បង្កទ្រពសម្បត្តិនិង​ថវិកា របស់​ក្រុមហ៊ុន​ចំនួន​១១ ព្រមទាំងរបស់​មនុស្ស​ម្នាក់ទៀត ដែលមានជាប់ពាក់ព័ន្ធដោយ​ផ្ទាល់ ក្នុងការ​ដឹកជញ្ជូន​អាវុធ​ពីកូរ៉េខាងជើង​ យកទៅផ្គត់ផ្គង់​ឲ្យ​រុស្ស៊ី ដើម្បីធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែន​។ មន្ត្រីជប៉ុន​រូបនេះ បាន​បញ្ជាក់ថា សកម្មភាពនេះគឺវាបំពាន​នឹង​សេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ដែល​ហាមដាច់ខាត​ចំពោះ​ការ​ទិញលក់ និងផ្ទេរគ្រឿងសព្វាវុធរបស់កូរ៉េខាងជើង​។
 
យោងតាម​ការចុះផ្សាយរ​បស់បណ្តាញព័ត៌មានជប៉ុន Asahi មនុស្ស១នាក់ និង​ក្រុមហ៊ុនចំនួន​៩ ដែលជាប់ទណ្ឌកម្ម​នេះ គឺស្ថិតនៅរុស្ស៊ី។ ចំណែក​ក្រុមហ៊ុន​២ទៀត គឺ​មាន​ទីស្នាក់ការចុះបញ្ជីនៅក្នុងប្រទេសស៊ីប។ មនុស្ស​និងក្រុមហ៊ុនទាំង​១១នេះ គឺបានចូលរួម​ដោយ​ផ្ទាល់ ក្នុងការបញ្ជូន​គ្រឿងសព្វាវុធរបស់កូរ៉េខាងជើង យកទៅកាន់រុស្ស៊ី​។
 
ដោយឡែក​ រដ្ឋាភិបាលកូរ៉េខាងត្បូងវិញបានឲ្យដឹងថា គេ​បាន​ដាក់ទណ្ឌកម្មទៅ​លើ​មនុស្សជនជាតិ​កូរ៉េខាងជើង ​ចំនួន​៧នាក់​ និង​នាវាដោតទង់ជាតិរុស្ស៊ីចំនួន​២។ មនុស្ស​និងនាវាទាំងនេះ គឺជាប់ចោទថាបានដឹក​កុងទឺនឺរាប់សិបគ្រឿង ពីកូរ៉េខាងជើងទៅ​រុស្ស៊ី ហើយ​ដែលកុងទឺនឺទាំងនោះ គឺមានផ្ទុកទៅដោយ​គ្រឿងសព្វាវុធ។ នេះបើផ្អែកតាម​លិខិតប្រកាស​របស់​ក្រសួងការបរទេស​កូរ៉េខាងត្បូង​។ ប្រភពដដែល​នេះ អះអាងថា ក្នុង​ចំណោម​ជនជាតិកូរ៉េខាងទាំងជើង៧នាក់ដែលរងទណ្ឌកម្ម គឺមាន​១នាក់​​ជាអ្នក​បាន​ចរចាទាក់ទងដោយ​ផ្ទាល់ ជាមួយក្រុមទាហានស៊ីឈ្នួលWagnerរបស់រុស្ស៊ី រវាងពីឆ្នាំ​២០២២-២០២៣។ ចំណែក១នាក់ទៀត ជាប់ចោទថា​បានដឹកជញ្ជូន​ប្រេងម៉ាស៊ូត ពីរុស្ស៊ី​មកកូរ៉េខាងជើង​។​ ចំណែក​៥នាក់ទៀត ដែលស្នាក់នៅដោយខុសច្បាប់នៅទីក្រុង​Vladivostok មានជាប់ពាក់ព័ន្ធ​នឹងសកម្មភាព​​ប្រមូល​ប្រាក់ ទៅ​ចិញ្ចឹមកម្មវិធីនុយក្លេអ៊ែររបស់​កូរ៉េខាងជើង ។
 
គួរបញ្ជាក់ថា ការប្រកាសដាក់ទណ្ឌកម្ម​ពីសំណាក់​ជប៉ុននិងកូរ៉េខាងត្បូងនាពេលនេះ គឺជួនចំពេល​ដែល​ ជំនួបកំពូលត្រីភាគី ជប៉ុន-ចិន-កូរ៉េខាងត្បូង ត្រូវចាប់ផ្តើមនៅទីក្រុង​សេអ៊ូល នៅថ្ងៃចន្ទដើមសប្តាហ៍​ក្រោយ​។ ចិនក៏ត្រូវបាន​គេដឹងថា មានចំណែកចូលរួមជួយរុស្ស៊ីដែរ នៅក្នុងការធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែន​។
 
កាលពីខែ​សីហា​ឆ្នាំទៅមិញ ក្រសួងហិរញ្ញវត្ថុអាមេរិក បាន​ដាក់ចុះនូវទណ្ឌកម្ម​ប្រហាក់ប្រហែលគ្នានេះដែរ ដោយអះអាង​ថា​រុស្ស៊ី​បានងាកទៅស្វែងរក​សព្វា​អាវុធ និង​គ្រាប់កាំភ្លង ពី​សម្ព័ន្ធមិត្តរបស់ខ្លួន ដែល​មានជាអាទិ៍ គឺកូរ៉េខាងជើង​ ដើម្បី​យក​មកធ្វើសង្គ្រាមនៅអ៊ុយក្រែន​។
 
យ៉ាងណាក៏ដោយ កាលពី​សប្តាហ៍​កន្លងទៅ របបផ្តាច់ការព្យុងយ៉ាង បាន​ច្រានចោលរាល់ការចោទប្រកាន់ ដែលថាខ្លួន​បានផ្គត់ផ្គង់អាវុធទៅ​ឲ្យ​រុស្ស៊ី​។ កូរ៉េខាងជើងអះអាងថា ខ្លួន​គ្មានបំណងណាមួយ​ធ្វើ​ឲ្យ​បែកសាចសមត្ថភាពបច្ចេកទេសអាវុធរបស់ខ្លួន ទៅដល់​ប្រទេសដ៏ទៃនោះឡើយ​។
 
គួរកត់សំគាល់ដែរថា កាលពីខែមីនា រុស្ស៊ី​បាន​បោះឆ្នោតវេតូនៅក្រុមប្រឹក្សា​សន្តិសុខ ដើម្បី​ប្រឆាំង​ទាស់នឹង​គម្រោង​សេចក្តីសម្រេចចិត្តរួម ​ដែលពន្យារ​ថែម១ឆ្នាំទៀត នូវ​អាណត្តិរបស់​គណៈកម្មាធិការជំនាញ​ទទួលបន្ទុក​ឃ្លាំមើល​ការ​អនុវត្ត​ទណ្ឌកម្ម​ទៅលើកូរ៉េខាងជើង ចាប់តាំងពីឆ្នាំ​២០០៦៕
 

© រក្សាសិទ្ធិដោយ thmeythmey.com