RFI
អន្តរជាតិ
អង្គការសហប្រជាជាតិ​បើក​អង្កេត​ការ​ចាប់​ជម្លៀស​ជនរ៉ូហ៊ីងយ៉ា​ដោយ​បង្ខំ នៅ​ភូមា
26, May 2024 , 6:59 pm        
រូបភាព
ដោយ៖អៀង សុខម៉ិញ/RFI ខេមរភាសា
អ្នក​អង្កេត​អង្គការ​សហប្រជាជាតិ​ បាន​ប្រកាស​នៅថ្ងៃព្រហស្បតិ៍ទី ២៣​ឧសភា​២០២៤ តាម​ដានសកម្មភាព​ប្រយុទ្ធ​នៅ​ក្នុង​រដ្ឋ​រ៉ាឃីន​ភូមា និងកំពុង​​តាមស្វែង​​រក​ព័តមាន​ជុំ​វិញ​ការ​ចាប់​បង្ខំ​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​ឱ្យ​ធ្វើ​បំលាស់​ទី​។ ក្រុម​អង្កេត​សង្ស័យ​ថាអំពើ​ហិង្សា​ប្រដាប់​អាវុធ កំពុង​ធ្វើ​ឱ្យជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​រាប់ពាន់​នាក់​​ធ្វើ​បំលាស់​ទី​ដោយ​បង្ខំ​។

 
អង្គការសហប្រជាជាតិ​បើក​អង្កេត​ការ​ចាប់​ជម្លៀស​ជនរ៉ូហ៊ីងយ៉ា​ដោយ​បង្ខំ នៅ​រដ្ឋ​រ៉ាឃីន​ប្រទេស​ភូមា។ AFP  
 
តើ​មាន​អ្វី​កើត​ឡើងដោយ​​ពិត​ប្រាកដ​ទៅ​ក្នុង​រដ្ឋ​រ៉ាឃីន (អតីត​រដ្ឋ​អារ៉ាកាន)? ពិត​ជា​មាន​ការ​ប្រព្រឹត្ត​អំពើ​​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ និង​​ឧក្រិដ្ឋកម្ម​សង្គ្រាម​ឬ? ​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៨ ដោយ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ យន្តការ​អង្កេត​ឯករាជ្យ​អង្គការ​សហប្រជាជាតិនៅភូមា ​កំពុងតែ​តាម​ដាន​​ត្រួត​ពិនិត្យ​ ដើម្បី​​វាយ​តម្លៃហើយ។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​ចេញ​ផ្សាយ​នៅថ្ងៃ​ព្រហស្បតិ៍​ដោយ​អះអាង​ថា​ យន្តការ​បាន​ទទួល​សិទ្ធិ​​អង្កេត​លើបទ​ឧក្រិដ្ឋនានានៅ​ភូមាដែល​កំពុង​រង​អំពើ​ហិង្សា​យ៉ាង​សន្ធោសន្ធៅ។
 
​អង្គការក្រៅ​រដ្ឋាភិបាល​​ការពារ​សិទ្ធិជនជាតិ​រ៉ូហ៊ីងយ៉ាជា​ច្រើន​បាន​ចោទ​ប្រកាន់​ក្រុម​ប្រដាប់​អាវុធ​ជនជាតិ​ពិន្ធុ​អារ៉ាកាន​ ថា​បាន​បណ្តេញ​ប្រជាពលរដ្ឋ ដុត​បំផ្លាញ​លំនៅ​ឋាន​របស់ជនជាតិ​រ៉ូហ៊ីងយ៉ា ហើយចាប់​​បង្ខំ​ឱ្យ​ពួក​គេរើ​ទៅ​កាន់តំបន់​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ពួកគេ។ នៅក្នុង​សេចក្តី​ថ្លែងការណ៍ ពួក​គេ​បាន​អំពាវនាវ​ឱ្យ​បិទ​បញ្ចប់​សកម្មភាព​ចាប់​បង្ខំ​ឱ្យ​ធ្វើ​បំលាស់ទី​ និង​សកម្មភាព​រំលោភ​សិទ្ធិ​មនុស្ស​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា ពី​សំណាក់​កងទ័ព​​រដ្ឋាភិបាល​សឹក​ភូមាដែល​​យកពួក​គេ​មក​​ធ្វើ​​ជា​រនាំង​ចាំរង​​គ្រាប់។ ចំណែក​អាមេរិក​វិញ ក៏​បាន​បង្ហាញ​ភាព​សង្ស័យ​កាល​ពី​ថ្ងៃ​អង្គារ ខ្លាច​មាន​អំពើ​ឃោរឃៅធ្វើ​បាប​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​​ថ្មី​នៅក្នុង​រដ្ឋ​រ៉ាឃីន។ ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ក៏​បាន​ព្រមាន​ដូច​គ្នា។
 
​​តាំង​ពី​ខែ​វិច្ឆិកា​២០២៣​មក ក្រុមប្រដាប់​អាវុធ​អារ៉ាកាន​ បាន​បិទ​បញ្ចប់កិច្ចព្រមព្រៀង​ឈប់​បាញ់​ជាមួយ​រដ្ឋាភិបាល​សឹក​ភូមា​ និង​បាន​ប្រកាស​កាន់​អាវុធ​ឡើង​វិញ ដើម្បី​ទាមទារ​​ស្វ័យភាព​​ច្រើន​ជាង​មុនឱ្យ​ប្រជាពលរដ្ឋ​ជាជនជាតិ​ភាគ​តិច​រ៉ាឃីនផង និង​ជនជាតិ​រ៉ូហ៊ីងយ៉ា ប្រមាណ​ជាង​៦សែន​នាក់​ក្នុង​រដ្ឋ​រ៉ខាឃីនផង។ ក្រុមប្រដាប់​អាវុធ​នេះ បាន​ផ្ចាញ់​កងកម្លាំង​យោធា​រដ្ឋាភិបាល​ភូមា និង​បាន​ទទួល​ជោគជ័យ ដណ្តើមកាន់កាប់​​ទី​តាំង​ ស្រុកភូមិ​ក្នុង​តំបន់​​ជា​បន្ត​បន្ទាប់​។ នៅ​សប្តាហ៍មុន កងប្រដាប់អាវុធ​អារ៉ាកាន ​ប្រកាស​ដណ្តើម​ស្រុក​ភូធិដូង​ ដោយ​គ្មាន​ផ្តល់​ព័ត៌មាន​លម្អិត​អ្វី​ទាំងអស់ តែ​បាន​ប្រាប់​ពលរដ្ឋ​ឱ្យ​ចាក​ចេញ​និង​ជួយ​គ្នា​រើ​ទៅ​កាន់​ទី​មាន​សុវត្ថិភាព។
 
អំពើ​ហិង្សា​នេះ ទំនង​ជា​បាន​បង្ក​ឱ្យ​ពលរដ្ឋ​រាប់​ពាន់​នាក់​ ជាពិសេស​ជនស៊ីវិល​រ៉ូហ៊ីងយ៉ា ព្រមទាំង​សហគមន៍​រ៉ាឃីន និង​ហិណ្ឌូ ​ធ្វើ​បំលាស់​ទី​។ នេះ​បើ​តាមយន្តការ​អង្កេត​អង្គការ​សហប្រជាជាតិសម្រាប់​ភូមា​ ដែល​អះអាង​កំពុង​សិក្សា​​ពិនិត្យ​របាយការណ៍​ជា​ច្រើន​ទាក់ទង​នឹង​អំពើ​ហិង្សា​ប្រយុទ្ធ​គ្នា​រវាង​កង​ទ័ព​រដ្ឋាភិបាល​និង​ក្រុមប្រដាប់​អាវុធ​អារ៉ាកាន។ ក្រុម​អង្កេត​អង្គការ​សហប្រជាជាតិ​​មិន​ដែល​បាន​ទទួល​ការ​អនុញ្ញាត​ឱ្យ​ធ្វើ​ដំណើរ​ទៅ​ភូមា​ទេ ប៉ុន្តែ​អង្គការ​ប្រមូល​ភស្តុតាង ជា​ឯកសារ​ ជា​រូបថត ជា​វីដេអូ ជា​សំណៅ​ឯកសារពេទ្យ​ និង​រូបភាព​ផ្កាយរណប ព្រមទាំង​សំដី​របស់​សាក្សី​ ទាក់​ទង​បទ​ឧក្រិដ្ឋ​ទាំងអស់ ទាំង​នៅក្នុង​រដ្ឋ​រ៉ាឃីន និងនៅ​ទូទាំង​ប្រទេស​ តាម​រយៈ​បណ្តាញ​សម្ងាត់​និង​មាន​សុវត្ថិភាព៕
 

© រក្សាសិទ្ធិដោយ thmeythmey.com