RFI
អន្តរជាតិ
ប្រទេស G7 ចង់យកទ្រព្យសម្បត្តិរុស្ស៊ីដែលបង្កកនៅបស្ចិមលោក ទៅជួយអ៊ុយក្រែន
×
ដោយ៖ ហេង ឧត្តម/ FRI ខេមរភាសា
ប្រទេសមានសេដ្ឋកិច្ចជឿនលឿនខ្លាំងទាំង៧ (G7) ប្រកាសឯកភាពគ្នាថាចង់ប្រើប្រាស់ទ្រព្យសម្បត្តិរុស្ស៊ី ដែលបង្កកក្នុងរង្វង់ប្រទេសG7 និងនៅបស្ចិមលោក យកទៅជួយជំនួយផ្នែកហិរញ្ញវត្ថុនិងសព្វាវុធ ដល់ អ៊ុយក្រែន។ នេះបើតាមស្មារតីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចហិរញ្ញវត្ថុ នៃប្រទេសG7 នៅក្នុងប្រទេសអ៊ីតាលី នាថ្ងៃសៅរ៍ ទី២៥ឧសភា។ ភ្លាមៗ ភាគីរុស្ស៊ី ប្រតិកម្មថា នោះជាគម្រោងផែនការខុសច្បាប់សុទ្ធសាធ។ គួររំឭកដែរថា ផែនការប្រើប្រាស់ទ្រព្យសម្បត្តិរុស្ស៊ីដែលបង្កកនេះ ប្រទេសសហភាពអឺរ៉ុប ទាំង២៧ បានសម្រេចអនុវត្តវិធានការរួចទៅហើយ នៅក្នុងខែឧសភា។
ប្រទេសមានសេដ្ឋកិច្ចជឿនលឿនខ្លាំងទាំង៧ បានបង្កកទ្រព្យសម្បត្តិរុស្ស៊ី ចំនួន ៣០០ ពាន់លានដុល្លារ។ នោះជាហិរញ្ញវត្ថុរបស់ធនាគារកណ្តាលរុស្ស៊ី ដែលបង្កកនៅក្នុងប្រទេសG7 និងនៅអឺរ៉ុប។ នេះជាទណ្ឌកម្មហិរញ្ញវត្ថុ ដាក់ចំពោះវិមានក្រេមឡាំង ព្រោះតែបញ្ឆេះសង្គ្រាមឈ្លានពានអ៊ុយក្រែន ពីដើមឆ្នាំ២០២២។ G7 បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ អំពីស្មារតីរួមគ្នាចង់ប្រើប្រាស់ទ្រព្យសម្បតិ្តរុស្ស៊ីទៅជួយអ៊ុយក្រែន ជួយទាំងផ្នែកហិរញ្ញវត្ថុ និងជួយបំពាក់បំប៉ន់គ្រឿងសព្វាវុធ។ ក្នុងនាមជាម្ចាស់ប្រធានផ្លាស់វេនG7 រដ្ឋមន្ត្រីសេដ្ឋកិច្ចអ៊ីតាលី Giancarlo Giorgetti បានសារទស្មារតីនេះ និងថាជាការសម្រេចចិត្តនយោបាយដ៏ធំ ហើយនិងជឿនលឿនទៅមុខ។
ខណៈនេះ រដ្ឋមន្ត្រីហិរញ្ញវត្តុសហរដ្ឋអាមេរិក លោកស្រី ចានែត យេលែន បានអះអាងថា មានចំណុចច្រើន កិច្ចការច្រើនទៀត ដែលត្រូវគិតគូរពិចារណា មុននឹងសម្រេចអនុវត្តវិធានការនោះបាន។ ជំហរអាមេរិក គឺឲ្យត្រូវប្រយ័ត្នប្រយែងខ្លាំង ព្រោះចំណាត់ការនេះ គ្រោះថ្នាក់ខ្លាំង ហើយនិងខ្លាចក្រែងរុស្ស៊ីវាយបកយ៉ាងចាស់ដៃទៅវិញ។ ទន្ទឹមនឹងគ្នានេះ ភាគីបារាំង តាមរយៈរដ្ឋមន្ត្រីសេដ្ឋកិច្ចលោក Bruno Le Maire បានឲ្យយោបល់ថា ត្រូវគិតឲ្យល្អិតល្អន់ជាមុនសិនពីវិធីសាស្ត្រគតិយុត្តិ។ រឿងគតិយុត្តិផ្លូវច្បាប់នេះ រុស្ស៊ីម្ចាស់ទ្រព្យសម្បត្តិ ក៏បានស្រែកព្រមានភ្លាមៗភ្លែតដែរ ថា វិមានក្រេមឡាំងនឹងវាយបកវិញឲ្យសក្តិសម ប្រសិនបើប្រទេសG7 ហ៊ានប្រើទ្រព្យសម្បត្តិរុស្ស៊ីដោយខុសច្បាប់។ នេះបើតាមសម្តីរបស់រដ្ឋមន្ត្រីរុស្ស៊ី Anton Silouanova ថ្លែងទៅកាន់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី Tass។
ចំណែក រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែន Serguiï Martchenko ថា បំណងរបស់ប្រទេសG7 ដើរមាគ៌ាត្រឹមត្រូវល្អហើយ ហើយអ៊ុយក្រែនសង្ឃឹមថា ផែនការនេះ នឹងត្រូវអនុម័តសម្រេចជាស្ថាពរ ក្នុងខែមិថុនា។ ជាការពិត ការសម្រេចចិត្តនយោបាយចុងក្រោយបំផុត ឋិតនៅលើថ្នាក់ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាល ដែលត្រូវជួបប្រជុំកំពូលហ្សេ៧ នៅអ៊ីតាលី ពាក់កណ្តាលខែមិថុនា ខាងមុខ។ ទោះយ៉ាងនេះក្តី ដោយសំអាងទៅលើប្រព័ន្ធច្បាប់របស់ខ្លួន ប្រទេសG7ក៏គ្មានបំណងនឹងប្រគល់ទ្រព្យសម្បត្តិទាំងនោះ ទៅឲ្យរុស្ស៊ីវិញដែរ ល្គឹកណា រុស្ស៊ី មិនសងជួសជុលការខូចខាតចំពោះ អ៊ុយក្រែន៕
© រក្សាសិទ្ធិដោយ thmeythmey.com