RFI
អន្តរជាតិ
អង់គ្លេស៖ ជនអន្តោប្រវេសន៍ខុសច្បាប់ កើនជាង១ម៉ឺននាក់ ត្រឹមតែ៥ខែ ![ក្រសួងមហាផ្ទៃអង់គ្លេស ប្រកាសថា ជនអន្តោប្រវេសន៍ខុសច្បាប់ មានចំនួន ១០ ១៧០ នាក់ បួករួមទាំងមនុស្សទើបតែឆ្លងសមុទ្រ La Manche ថ្មីៗនេះ ចំនួន៥ទូក។ AP](https://image.thmeythmey.com/pictures/2024/05/27/download.jpg)
ក្រសួងមហាផ្ទៃអង់គ្លេស ប្រកាសថា ជនអន្តោប្រវេសន៍ខុសច្បាប់ មានចំនួន ១០ ១៧០ នាក់ បួករួមទាំងមនុស្សទើបតែឆ្លងសមុទ្រ La Manche ថ្មីៗនេះ ចំនួន៥ទូក។ AP
×![]()
ដោយ៖ហេង ឧត្តម /RFI ខេមរភាសា
មិនដល់៥ខែស្រួលបួលផង ចំនួនជនអន្តោប្រវេសន៍ខុសច្បាប់ ឆ្លងចូលប្រទេសអង់គ្លេស បានបំបែកកំណត់ត្រា ច្រើនជាង ១ ម៉ឺននាក់ បើគិតពីត្រឹមខែមករាដើមឆ្នាំរហូតទល់ពេលនេះ។ នេះបើតាមទិន្នន័យរបស់ក្រសួងមហាផ្ទៃអង់គ្លេស ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី រីស៊ី ស៊ូណាក់ នឹងចាត់វិធានការបន្ថែមជាបន្ទាន់ ដើម្បីបញ្ចូនជនអន្តោប្រវេសន៍ខុសច្បាប់ ចេញពីប្រទេសឲ្យបានឆាប់។ នៅអង់គ្លេស បញ្ហាជនភៀសខ្លួនជាសំណុំរឿងក្តៅខ្លាំង និងក្លាយជាប្រធានដ៏ចម្បង១សម្រាប់យុទ្ធនាការបោះឆ្នោតជាតិ ដែលត្រូវចាប់ផ្តើម ក្នុងពេលដ៏ខ្លីខាងមុខនេះ។
ក្រសួងមហាផ្ទៃអង់គ្លេស ប្រកាសពីតួលេខជាក់លាក់ នៅថ្ងៃទី២៥ឧសភា ថា ជនអន្តោប្រវេសន៍ខុសច្បាប់ មានចំនួន ១០ ១៧០ នាក់ បួករួមទាំងមនុស្សទើបតែឆ្លងសមុទ្រ La Manche ថ្មីៗ គឺឆ្លងសមុទ្រពីបារាំងទៅអង់គ្លេសដោយខុសច្បាប់ តាមរយៈពោងទូក ចំនួន ៥ កាលពីនៅថ្ងៃសុក្រ ទី២៤ឧសភា។ ទូកពោង ៥ នោះ មានផ្ទុះមនុស្ស ២៨៨ នាក់។ ពួកគេទាំងនោះ ភាគច្រើនភៀសខ្លួន មកពីប្រទេសអាហ្វហ្កានីស្ថាន អ៊ីរ៉ង់ តួកគី ។ល។
នៅអង់គ្លេស ចំនួនអ្នកសុំសិទ្ធិជ្រកកោននិងជនអន្តោប្រវេសន៍ខុសច្បាប់ ជាង១ម៉ឺននាក់ ជាចំនួនច្រើនបំបែកកំណត់ត្រា ឆ្នាំ២០២៣។ ពោលគឺមានចំនួនច្រើនជាងឆ្នាំទៅមិញ ប្រមាណជាង ៣ ០០០ នាក់ បើធៀបក្នុងរយៈពេលដូចគ្នា។
ពេលនេះ បញ្ហាជនភៀសខ្លួនជាប្រធានដ៏ចម្បងក្នុងយុទ្ធនាការបោះឆ្នោតជាតិ។ ក្នុងបណ្តាញសង្គមX លោក James Cleverly រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអង់គ្លេស សរសេរថា លោកនាយករដ្ឋមន្ត្រី រីស៊ី ស៊ូណាក់ នឹងចាត់វិធានការ ដើម្បីបញ្ឈប់ទូករបស់ជនអន្តោប្រវេសន៍ខុសច្បាប់ មិនឲ្យចូលអង់គ្លេសទៀតទេ។ ការ«បញ្ចប់ទូក»ជាពាក្យស្លោករបស់គណបក្សអភិរក្សនិយម របស់នាយករដ្ឋមន្ត្រីអង់គ្លេស ដើម្បីជាសារនយោបាយទាក់ចិត្តម្ចាស់ឆ្នោត ក្នុងឱកាសបោះឆ្នោតជាតិ នៅថ្ងៃទី៤ កក្កដា។ ថ្នាក់ដឹកនាំរដ្ឋាភិបាលអង់គ្លេស ក៏ចង់ពន្លឿនវិធានការបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ ចេញពីប្រទេសឲ្យបានឆាប់ មុនពេលការបោះឆ្នោតចូលមកដល់ ក៏ប៉ុន្តែ ទំនងជាលំបាកនឹងទៅរួចនោះទេ។
ប្រមុខបក្សប្រឆាំង លោក Keir Starmer ដែលជាបេក្ខជននាយករដ្ឋមន្ត្រីរបស់បក្សពលករ បានរិះគន់នយោបាយរបស់បក្សកាន់អំណាច ថា រដ្ឋាភិបាលអង់គ្លេសសព្វថ្ងៃ បាត់បង់ភាពម្ចាស់ការ គ្មានសមត្ថភាពគ្រប់គ្រងព្រំដែនសោះ។ អ្នកនយោបាយប្រឆាំងរូបនេះ សន្យាថា បើគណបក្សពលករឈ្នះឆ្នោត គឺនឹងលុបចោលច្បាប់ដ៏ចម្រូងចម្រាសស្តីពីការបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់តាមយន្តហោះនោះ និងបង្កើតគម្រោងវិធានការថ្មីដែលមានប្រសិទ្ធិភាព ក្នុងការត្រួតពិនិត្យសន្តិសុខព្រំដែន។ បេក្ខជននាយករដ្ឋមន្ត្រីរបស់បក្សពលករ ក៏សន្យាប្រមូលផ្តុំកម្លាំងនគរបាល ក្រុមប៉ូលិសស៊ើបការសម្ងាត់ និងព្រះរាជអាជ្ញា ហើយនិងសហការជាមួយភ្នាក់ងារអន្តរជាតិ ដើម្បីបង្ក្រាបបណ្តាញជួញដូរមនុស្ស និងបណ្តាញស៊ីឈ្នួលនាំមនុស្សឆ្លងដែន៕
© រក្សាសិទ្ធិដោយ thmeythmey.com