សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ក្រុមហ៊ុនអចលនទ្រព្យដ៏ធំចិនលក់ដីវិញ ព្រោះខ្វះរំហូរសាច់ប្រាក់
28, May 2024 , 2:46 pm        
រូបភាព
សំណង់អគារក្រុមហ៊ុន China Vanke មួយកន្លែងនៅទីក្រុង Shenzhen ។ រូបភាព ៖ Reuters
សំណង់អគារក្រុមហ៊ុន China Vanke មួយកន្លែងនៅទីក្រុង Shenzhen ។ រូបភាព ៖ Reuters
ក្រុមហ៊ុនអចលនទ្រព្យដ៏ធំ China Vanke ទើបតែលក់ដីមួយកន្លែងក្នុងទីក្រុង Shenzhen ដោយទទួលយកការខាតបង់ជិត ៣០ភាគរយ ដោយសាររងសម្ពាធសាច់ប្រាក់ងាយស្រួលអស់រយៈពេលជាច្រើនខែ។

 
តាមឯកសារដែលបានដាក់ជូនមជ្ឈមណ្ឌលពាណិជ្ជកម្មនៅទីក្រុង Shenzhen ក្រុមហ៊ុន China Vanke ទើបតែបានលក់ដីមួយកន្លែងនៅទីនេះតាមរយៈការដេញថ្លៃដោយទទួលបានប្រាក់ចំនួន ៣០៩លានដុល្លារ។ នេះ​ជា​តម្លៃ​ដែលទាបជាងថ្លៃពេលទិញ​កាល​ពី ៧​ឆ្នាំ​មុន​ជិត ៣០ភាគរយជាមួយដីឡូតិ៍មានទំហំដី ១៩ពាន់ម៉ែត្រការ៉េ។
 
ក្រុមហ៊ុន Baishuoyinghai និងម្ចាស់ភាគហ៊ុនធំជាងគេរបស់ China Vnake ជាក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ Shenzhen Metro បានទិញដីនេះរួមគ្នា។ ក្រុមហ៊ុនទាំងនេះ ជាភាគីតែមួយគត់ដែលចូលរួមក្នុងការទិញ​បន្ទាប់​ពី​ផ្សារ​ហ៊ុន​ចិន​បាន​បិទ។
 
ក្រុមហ៊ុន China Vanke បានបញ្ជាក់ថា ម្ចាស់ភាគហ៊ុនធំជាងគេបានគាំទ្រក្រុមហ៊ុនតាមរបៀបស្របច្បាប់ ស្របតាមស្ថានភាពទីផ្សារ។ ក្រុមហ៊ុនមានគោលបំណងបង្កើនលំហូរសាច់ប្រាក់បន្ថែមទៀតនៅឆ្នាំនេះដោយការខ្ចីប្រាក់ពីធនាគារ និងលក់ទ្រព្យសម្បត្តិបន្ថែមជាង ៤,១៤ពាន់លានដុល្លារ។ នេះបើតាមសារព័ត៌មាន Reuters ។ 
 
កាលពីសប្តាហ៍មុន China Vanke បានលើកឡើងថាខ្លួនបានទទួលប្រាក់កម្ចីចំនួន ២,៧៦ពាន់លានដុល្លារពីក្រុមធនាគារដែលដឹកនាំដោយធនាគារឧស្សាហកម្មនិងពាណិជ្ជនៃប្រទេសចិន (ICBC) ។
 
China Vanke កំពុងខិតខំបង្កើនហិរញ្ញវត្ថុរបស់ខ្លួនបន្ថែមទៀត។ កាលពីខែមុន ក្រុមហ៊ុនបាននិយាយថា ពួកគេកំពុងប្រឈមមុខនឹងសម្ពាធសាច់ប្រាក់ងាយស្រួលរយៈពេលខ្លី ដែលភាគច្រើនដោយសារតែវិបត្តិអចលនទ្រព្យចិនដែលអូសបន្លាយពេលយូរ។
 
ទីភ្នាក់ងារវាយតម្លៃឥណទាន Fitch កាលពីសប្តាហ៍មុនបានទម្លាក់ចំណាត់ថ្នាក់ឥណទានរបស់ក្រុមហ៊ុននេះពី BB+ ទៅ BB- ជាមួយនឹងទស្សនវិស័យអវិជ្ជមាន។ មូលហេតុ​គឺ​ដោយសារ​ការ​លក់​ផ្ទះ​នៅ​ឆ្នាំ​នេះ​មានចំនួនតិចជាង​ការ​ព្យាករ។
 
China Vanke បច្ចុប្បន្នជាក្រុមហ៊ុនអចលនទ្រព្យធំទីពីរនៅចិនបើផ្អែកលើការលក់ផ្ទះក្នុងឆ្នាំ ២០២៣។ នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យ CRIC ។ មុននេះ ទីផ្សារនៅតែវាយតម្លៃហិរញ្ញវត្ថុរបស់ក្រុមហ៊ុននេះថារឹងមាំ។
 
ទោះយ៉ាងណាក៏ដោយ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននេះកាន់តែយ៉ាប់យ៉ឺន។ ភាគហ៊ុន និងមូលបត្របំណុលរបស់ពួកគេត្រូវបានលក់ចេញនៅដើមខែមីនា បន្ទាប់ពីមានព័ត៌មានថា ក្រុមហ៊ុនបានផ្ញើសំណើដើម្បីបន្តការសងបំណុលទៅម្ចាស់បំណុលជាបន្តបន្ទាប់។
 
កាលពីខែមីនា មន្ត្រីចិនបានជួបជាមួយស្ថាប័នហិរញ្ញវត្ថុដើម្បីពិភាក្សាអំពីស្ថានភាពរបស់ក្រុមហ៊ុន China Vanke។ នៅទីនេះ ពួកគេបានស្នើសុំឱ្យធនាគារធំៗផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ហើយបានស្នើឱ្យម្ចាស់បំណុលឯកជនពិភាក្សាអំពីការបន្តការសងបំណុលឲ្យ China Vanke។
 
គួរបញ្ជាក់ថា វិស័យអចលន​ទ្រព្យ​ចិន​បាន​ធ្លាក់​ក្នុង​វិបត្តិ​តាំង​ពី​ឆ្នាំ​២០២១ ហើយ​មិន​មាន​សញ្ញា​ណា​មួយ​នឹង​បញ្ចប់​ក្នុង​ពេល​ឆាប់​ៗ​នេះ​ទេ។ ក្រុមហ៊ុនអចលនៈទ្រព្យជាបន្តបន្ទាប់ក្នុងប្រទេសនេះបានជាប់បំណុលវ័ណ្ណក រួមទាំងក្រុមហ៊ុនខ្នាតយក្សដូចជា China Evergrande Group និង Country Garden ជាដើម៕ 

Tag:
 ចិន
  អចលនទ្រព្យ
© រក្សាសិទ្ធិដោយ thmeythmey.com