សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ក្រុមហ៊ុន​រថយន្ត​ចិន​បិទ​ការិយាល័យ​​នៅ​អឺរ៉ុប ​ព្រោះការប្រជែងទីផ្សារ និងពន្ធ
30, May 2024 , 8:19 pm        
រូបភាព
GWM បានបង្ហាញរថយន្តអគ្គិសនីនៅទីក្រុង Frankfurt ។ រូបភាព ៖ China Daily
GWM បានបង្ហាញរថយន្តអគ្គិសនីនៅទីក្រុង Frankfurt ។ រូបភាព ៖ China Daily
ក្រុមហ៊ុនរថយន្តចិន Great Wall Motor (GWM) នឹងបញ្ឈប់បុគ្គលិកទាំងអស់ ហើយនឹងបិទការិយាល័យកណ្តាលរបស់ខ្លួននៅទីក្រុង Munich ចាប់ថ្ងៃទី៣១ ខែសីហា។ ការបិទនេះ ដោយសារតែការដំឡើងពន្ធនាំចូល និងការប្រជែងទីផ្សារ។

 
ក្រុមហ៊ុន GWM នឹងបិទទីស្នាក់ការកណ្តាលអឺរ៉ុប នៅទីក្រុង Munich ដោយលើកឡើងពីស្ថានភាពទីផ្សារដ៏អាក្រក់សម្រាប់រថយន្តអគ្គិសនី និងការគំរាមកំហែងលើពន្ធនាំចូលរបស់ចិន។ ការបិទនេះនឹងចូលជាធរមាននៅថ្ងៃទី៣១ ខែសីហា ដោយបុគ្គលិក ១០០នាក់នឹងបាត់បង់ការងារធ្វើ។ តំណាងក្រុមហ៊ុនបានប្រាប់សារព័ត៌មាន Automotive News Europe បែបនេះ ។
 
បន្ទាប់ពីបិទការិយាល័យនេះ ក្រុមហ៊ុននឹងបន្តលក់រថយន្តនៅក្នុងទីផ្សារអឺរ៉ុបដូចជាអាល្លឺម៉ង់ និងអង់គ្លេស ប៉ុន្តែត្រូវធ្វើសកម្មភាពអាជីវកម្មពីចិន។
 
GWM លើកឡើងថា ទីផ្សាររថយន្តអគ្គិសនីនៅអ៊ឺរ៉ុបបានកំពុងធ្លាក់ចុះ ជាពិសេសនៅអាល្លឺម៉ង់ដោយសារការបញ្ចុះតម្លៃខ្លាំងពីគូប្រជែង ​ជាហេតុដែលក្រុមហ៊ុនពិបាកជ្រៀតចូលទីផ្សារនេះបន្តទៀត។
 
តំណាងក្រុមហ៊ុន GWM បានលើកឡើងពីការរឹតបន្តឹងផ្នែកពន្ធលើយានយន្តដែលនាំចូលពីចិនដែរ ​បន្ទាប់ពីសហភាពអឺរ៉ុបបានបើកការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធននៃយានយន្តអគ្គិសនីរបស់ចិន។
 
«ការណ៍នេះ បង្កើតភាពមិនប្រាកដប្រជាសម្រាប់ក្រុមហ៊ុនដូចជាពួកយើង ជាមួយនឹងផលប័ត្ររថយន្តអគ្គិសនី»។ នេះបើតាមតំណាងក្រុមហ៊ុន ​​GWM ។
 
ការ​ដំឡើង​ពន្ធ ​អាច​ជួយ​ក្រុមហ៊ុន​ពន្លឿន​ផែនការ​ដំណាក់កាល​ដំបូង​របស់​ខ្លួន​ក្នុង​ការ​បង្កើត​រោងចក្រ​នៅ​អឺរ៉ុប។ អាល្លឺម៉ង់ ហុងគ្រី ឬសាធារណរដ្ឋឆែក ជាទីតាំងដែលអាចធ្វើទៅបានសម្រាប់រោងចក្រ GWM ។
 
ក្រុមហ៊ុនក៏កំពុងសម្លឹងរកមើលការនាំចូលរថយន្តម៉ាស៊ីនចំហេះខាងក្នុង ដែលរំពឹងថា នឹងមិនរងផលប៉ះពាល់ដោយការដំឡើងពន្ធនោះទេ។
 
ប្រធានក្រុមហ៊ុន GWM Europe លោក Steffen Cost ដែលជាអតីតអ្នកគ្រប់គ្រងក្រុមហ៊ុន Kia បាននិយាយថា បរិយាកាសការងាររបស់ក្រុមហ៊ុនមានភាពតានតឹង ហើយមិនមែនគ្រប់គ្នាអាចសម្របខ្លួនបាននោះទេ។
 
GWM បើកទីស្នាក់ការកណ្តាលនៅទីក្រុង Munich ក្នុងឆ្នាំ ២០២១ រួមទាំងការមជ្ឈមណ្ឌលស្រាវជ្រាវ និងការអភិវឌ្ឍ ការលក់ និងការគ្រប់គ្រងផ្ទាល់។ ក្រុមហ៊ុន​នេះ មាន​បុគ្គលិក​ចំនួន៣០០នាក់​កាលពី​ចុង​ឆ្នាំ ២០២២។
 
គោលដៅរបស់ GWM នៅទីនោះគឺដើម្បីភ្ជាប់ជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធផលិតថ្មរបស់ក្រុមហ៊ុនគឺ Svolt Energy Technology។ នៅសប្តាហ៍នេះ Swolt បាននិយាយថា ខ្លួនបានលុបចោលផែនការបើករោងចក្រអាគុយនៅ Brandenburg របស់អាល្លឺម៉ង់ ដោយលើកឡើងពី ភាពមិនច្បាស់លាស់នៃទីផ្សាររថយន្តបច្ចុប្បន្ន និងការពន្យារពេលរបស់អតិថិជនកំពូលៗរបស់ខ្លួន។ 
 
GWM បានលក់រថយន្តចំនួន ១ ៦២១គ្រឿង នៅក្នុងទ្វីបអឺរ៉ុបក្នុងរយៈពេល ៤ខែឆ្នាំនេះ កើនឡើង ១៤៧ភាគរយ ធៀបនឹងឆ្នាំមុន។ នេះបើយោងតាម ​​Dataforce។ ទីផ្សារអឺរ៉ុបរបស់ GWM សំខាន់ៗមានដូចជា ស៊ុយអែត អៀរឡង់ រដ្ឋបាល់ទិក និងប៊ុលហ្ការី៕ 

Tag:
 រថយន្តអគ្គិសនី​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com