កីឡាជាតិ
ជាតិ
Pacquiao ប្រាប់ សម្តេច ហ៊ុន ម៉ាណែត ថាខ្លួននឹងជួយលើក«គុនខ្មែរ»
31, May 2024 , 10:20 am        
រូបភាព
រូបភាព៖ ផេកហ្វេសប៊ុកសម្តេច ហ៊ុន ម៉ាណែត
រូបភាព៖ ផេកហ្វេសប៊ុកសម្តេច ហ៊ុន ម៉ាណែត
Manny Pacquiao ស្តេចប្រដាល់ហ្វីលីពីន នឹងចូលរួមលើកស្ទួយ និងជំរុញវិស័យកីឡាប្រដាល់គុនខ្មែរ។ Pacquiao ប្រាប់សម្តេច ហ៊ុន ម៉ាណែត ដូច្នេះ នៅវិមាន៧មករា ក្នុងឱកាសទស្សនកិច្ចលើកទី២របស់ខ្លួននៅទឹកដីកម្ពុជា។ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ចាត់ទុក វត្តមាន កំពូលកីឡាករប្រដាល់ពិភពលោក ជាការលើកស្ទួយវិស័យកីឡា និងទេសចរណ៍កម្ពុជា។

 
Pacquiao បានធ្វើដំណើរមកកាន់ទឹកដីកម្ពុជាជាលើកទីពីរ នៅថ្ងៃទី៣០ ខែឧសភា និងបានចួលជួបសម្តេចហ៊ុន ម៉ាណែត នៅល្ងាចថ្ងៃដដែលនោះ។ ក្នុងជំនួបនោះ អតីតសមាជិកព្រឹទ្ធសភាហ្វីលីពីន បានរៀបរាប់ពីបទពិសោធន៍ក្នុងអាជីពកីឡាប្រដាល់សកលរបស់ខ្លួន ទៅកាន់សម្តចនាយករដ្ឋមន្ត្រី។
 
Pacquiao បានប្រាប់សម្តេចថា កីឡាប្រដាល់ជាប្រភេទកីឡាមួយមានលក្ខណៈពិសេស និងលំបាក ដែលទាមទារឱ្យមានការហ្វឹកហាត់ខ្លាំងក្លា វិន័យខ្ពស់ ជាមួយនឹងការយល់ដឹងអំពីគោលការណ៍ច្បាស់លាស់ ទើបអាចក្លាយជាកីឡករប្រដាល់អាជីព ដែលមានកេរ្តិ៍ឈ្មោះល្បីបាន។ 



ស្របពេលគ្នានោះដែរ អតីតម្ចាស់ខ្សែក្រវាត់ពិភពលោក៨ស្ថាប័នផ្សេងគ្នាសន្យាចូលរួមលើកស្ទួយ និងជំរុញវិស័យកីឡាប្រដាល់គុនខ្មែរថែមទៀតផង ដ្បិតគុនខ្មែរជាផ្នែកមួយនៃកីឡាប្រដាល់។ លើសពិនេះ Pacquiao នឹងជួបពិភាក្សាជាមួយកីឡាករល្បីៗរបស់កម្ពុជា ដើម្បីចែករំលែកបទពិសោទន៍ និងស្មារតីក្នុងកីឡាប្រដាល់ ដែលខ្លួនបានឆ្លងកាត់ក្នុងអាជីពជាអ្នកប្រដាល់ពិភពលោក ជាច្រើនឆ្នាំ។
 
ដោយឡែក សម្តេច ហ៊ុន ម៉ាណែត​ ក៏បានបង្ហាញក្តីរីករាយចំពោះវត្តមាន Pacquiao លើទឹកដីកម្ពុជា ជាលើកទី២។ សម្តេច នាយករដ្ឋមន្ត្រីកម្ពុជា ចាត់ទុកដំណើរទស្សនកិច្ចរបស់ស្តេចប្រដាល់ហ្វីលីពីនវ័យ៤៥ឆ្នាំរូបនេះ នឹងក្លាយជាការចូលរួមចំណែកក្នុងការលើកស្ទួយវិស័យកីឡា វិស័យទេសចរណ៍ និងលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា និង ហ្វីលីពីន តាមរយៈប្រជាជន និងប្រជាជន។
 
អ្នកប្រដាល់ និងអតីតសមាជិក​ព្រឹទ្ធសភាហ្វីលីពីនរូបនេះ ធ្លាប់មកកម្ពុជាម្ដងរួចមកហើយ ដោយអមដំណើរលោក Rodrigo Duterte អតីតប្រធានាធិបតីហ្វីលីពីន អំឡុងបំពេលទស្សនកិច្ចផ្លូវរដ្ឋ កាលពីឆ្នាំ២០១៦៕



Tag:
 Manny Pacquiao
© រក្សាសិទ្ធិដោយ thmeythmey.com