RFI
អន្តរជាតិ
ការមិនគោរពតាម​ការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ជា​កំហុសរបស់អ្នកណា?
03, Jun 2024 , 9:59 pm        
រូបភាព
នៅថ្ងៃទី ១៧មីនា ២០២៣ តុលាការព្រហ្មទណ្ឌអន្តរជាតិ បានចេញដីកាចាប់ប្រធានាធិបតីរុស្ស៊ី លោកពូទីន ក្នុងបទចោទប្រកាន់ចាប់ពង្រត់កុមារអ៊ុយក្រែនទៅរុស្ស៊ី AP - Peter Dejong
នៅថ្ងៃទី ១៧មីនា ២០២៣ តុលាការព្រហ្មទណ្ឌអន្តរជាតិ បានចេញដីកាចាប់ប្រធានាធិបតីរុស្ស៊ី លោកពូទីន ក្នុងបទចោទប្រកាន់ចាប់ពង្រត់កុមារអ៊ុយក្រែនទៅរុស្ស៊ី AP - Peter Dejong
ដោយ៖ឈាង បុប្ផា/ RFI ខេមរភាសា
 
អ៊ីស្រាអែលនៅបន្តប្រតិបត្តិការយោធាចូល​ទីក្រុង​រ៉ាហ្វា ភាគខាងត្បូងហ្កាហ្សា ដោយមិនខ្វល់ពីការដាក់សម្ពាធ​របស់​សហគមន៍អន្តរជាតិ និងការសម្រេច​របស់​តុលាការយុត្តិធម៌អន្តរជាតិ ដែលបានទាមទារ​ឲ្យអ៊ីស្រាអែលឈប់ជាបន្ទាន់ ការវាយប្រហារ​នៅរ៉ាហ្វា។ តុលាការ​យុត្តិធម៌អន្តរជាតិ មានទឹកមាត់កាន់សាបទៅទៀត នៅពេល​និយាយ​ពីសង្រ្គាមអ៊ុយក្រែន។ តុលាការដែលមាន​ទីតាំង​នៅទីក្រុង​ឡាអេ ប្រទេសហូឡង់ធ្លាប់បានចេញសេចក្តីសម្រេច​ទាមទារ​ឲ្យរុស្ស៊ីឈប់ធ្វើសង្រ្គាមឈ្លានពាន​អ៊ុយក្រែន តាំងពី​ខែ​មីនា​ឆ្នាំ​២០២២ ប៉ុន្តែ សង្រ្គាមអ៊ុយក្រែនអូសបន្លាយពេលជាង​២ឆ្នាំ។ រុស្ស៊ីធ្វើព្រងើយ មិន​អនុវត្ត​តាមការសម្រេច​របស់​តុលាការយុត្តិធម៌អន្តរជាតិ។ រុស្ស៊ី អ៊ីស្រាអែល​មិនព្រម​សហការ ហើយក៏មិនអនុវត្តគោរពតាម​ការសម្រេច​របស់​តុលាការយុត្តិធម៌អន្តរជាតិ។ តើនេះជា​កំហុសរបស់អ្នកណា?

 
តុលាការយុត្តិធម៌អន្តរជាតិ​នៅទីក្រុងឡាអេ ជាស្ថាប័នជាន់ខ្ពស់មួយ​​របស់អង្គការសហប្រជាជាតិ​ដែលមាន​សមត្ថកិច្ចបើកការជំនុំជម្រះ ដោះស្រាយវិវាទរវាងប្រទេសនៅក្នុងពិភពលោក។

ក្រុមការងារ​ទទួលបន្ទុកព័ត៌មានរបស់​តុលាការ​យុត្តិធម៌អន្តរជាតិ​ធ្លាប់និយាយ​ថា ​ការសម្រេច​ភាគច្រើនរបស់​តុលាការ​អន្តរជាតិ​ ត្រូវបាន​ប្រទេសគោរព យកទៅ​អនុវត្តធ្វើតាម។ ប៉ុន្តែ មានតែករណីលើកលែង​មួយចំនួនប៉ុណ្ណោះ ដែល​ការសម្រេច​របស់​តុលាការយុត្តិធម៌អន្តរជាតិ​ ជាការសម្រេចខ្យល់ គ្មានទម្ងន់ គ្មានតម្លៃអាច​ទៅ​ជួយដោះស្រាយបិទបញ្ចប់​ជម្លោះ។
 
សង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន និងសង្រ្គាមវាយប្រហារ​របស់អ៊ីស្រាអែលទៅលើ​ក្រុមហាម៉ាស​នៅហ្កាហ្សា ជា​ឧទាហរណ៍​លេចធ្លោដែលបញ្ជាក់ថា តុលាការយុត្តិធម៌អន្តរជាតិក្នុងទីក្រុង​ឡាអេ គ្មាន​ទឹកមាត់ប្រៃសូម្បីតែបន្តិច។ ជាក់ស្តែង នៅ១ខែ​ក្រោយ រុស្ស៊ី​បញ្ជូនទ័ពចូលទៅឈ្លានពាន​អ៊ុយក្រែន នៅ​ដើមឆ្នាំ​២០២២ តុលាការ​យុត្តិធម៌អន្តរជាតិ​បាន​ចេញសម្រេច​ទាមទារ​ឲ្យ​រុស្ស៊ីឈប់ឈ្លានពាន​អ៊ុយក្រែន ប៉ុន្តែ រុស្ស៊ីនៅតែផ្គើន បន្ត​ធ្វើសង្រ្គាមវាយលុកយកដីអ៊ុយក្រែនរហូតមកដល់​សព្វថ្ងៃ។ នៅក្នុងករណីអ៊ីស្រាអែល ដែលមានអាហ្វ្រិកខាងត្បូង​ជា​ម្ចាស់ដើមបណ្តឹង តុលាការ​ក្រុងឡាអេ​ទើបបានបញ្ជាកាលពីខែ ឧសភា ឲ្យ​អ៊ីស្រាអែលបញ្ឈប់ជាបន្ទាន់ប្រតិបត្តិការយោធា​ចូលក្នុងទីក្រុង​រ៉ាហ្វា នៅភាគខាងត្បូងហ្កាហ្សា។ ប៉ុន្តែ អ៊ីស្រាអែល​នៅតែ​មិន​ព្រមស្តាប់ធ្វើតាម​ការសម្រេចរបស់​តុលាការអន្តរជាតិ ដោយគិតចង់​គាស់រំលើងក្រុមហាម៉ាសតែមួយមុខ។
 
ដោយសាររុស្ស៊ី អ៊ីស្រាអែល​មិន​ព្រមអនុវត្តតាម​ការសម្រេចយ៉ាងដូច្នេះ មានសំណួរដែលចោទសួរពីសមត្ថភាព និង​អំណាចរបស់​តុលាការយុត្តិធម៌​អន្តរជាតិ។ តើ​តុលាការក្រុងឡាអេ ពិតជាគ្មាន​សមត្ថភាព​ ចាប់បង្ខំឲ្យគេ​អនុវត្តតាមការសម្រេច​ស្របច្បាប់របស់ខ្លួន?
 
អ្នកជំនាញច្បាប់មួយចំនួន ដូចជាអ្នកស្រាវជ្រាវ​របស់មជ្ឈមណ្ឌល​ជាតិ និង​ស្រាវជ្រាវវិទ្យាសាស្រ្ត​នៅប្រទេស​បារាំង គឺ​លោកស្រី Raphaëlle Nollez-Goldbach បានពន្យល់ថា នៅពេល​ការសម្រេចរបស់​តុលាការ​មិនត្រូវបានគេ​អនុវត្ត​គោរពតាម វា​មិនមែនជាកំហុស​របស់​តុលាការយុត្តិធម៌អន្តរជាតិនោះទេ ប៉ុន្តែ វា​ជាការទទួលខុសត្រូវ​របស់ប្រទេស​ដែលជាប់ពាក់ព័ន្ធ។ អាច​និយាយ​ម្យ៉ាងថា ​ដោយសារ​តុលាការ​យុត្តិធម៌​អន្តរជាតិត្រូវការពឹងផ្អែក​លើ​ឆន្ទៈ និងការសហការរបស់​ប្រទេស​ដើម្បី​អនុវត្ត​ការសម្រេច​របស់ខ្លួន តុលាការ​យុត្តិធម៌ក៏មានសមត្ថភាពមានដែនកំណត់ទៅតាមហ្នឹងដែរ។
 
ចំពោះអ្នកជំនាញ តុលាការ​យុត្តិធម៌អន្តរជាតិគួរឲ្យទុកជឿទុកចិត្ត មានទឹកមាត់ប្រៃដែរឬទេ គឺ​អាស្រ័យ​លើ​រដ្ឋាភិបាលរបស់ប្រទេស​ពាក់ព័ន្ធ ដែល​ភាគច្រើន​កំពុង​អនុវត្ត​ស្តង់ដាពីរ។

ឧទាហរណ៍ ប្រទេស​លោកខាងលិច​នាំមុខ​ដោយអាមេរិក​បាន​ទះដៃសាទរ​នៅពេល​តុលាការ​យុត្តិធម៌​សម្រេច​អ៊ុយក្រែន​ឈ្នះក្តី ពោល​គឺទាមទារ​ឲ្យ​រុស្ស៊ីឈប់ធ្វើសង្រ្គាមឈ្លានពាន​ និង​ដកទ័ពចេញពីទឹកដីអ៊ុយក្រែន។ ប៉ុន្តែ នៅពេល តុលាការយុត្តិធម៌អន្តរជាតិដដែលចេញសេចក្តីសម្រេច​ បញ្ជា​ឲ្យ​អ៊ីស្រាអែល​បញ្ឈប់សង្រ្គាមហ្កាហ្សា លោកខាងលិច​បែរជា​បារម្ភ ខ្លាចថា អ៊ីស្រាអែល​នឹង​អាច​រងការវាយប្រហារ​ភេរវកម្មសាជាថ្មី​របស់ពួកហាម៉ាស។
 
ផ្ទុយមកវិញ អាហ្វ្រិកខាងត្បូង​ដែលឈ្មុសឈ្មុល​ចេញមុខការពារ​បុព្វហេតុ​របស់​ប្រជាជន​ប៉ាឡេស្ទីន ដោយ​បាន​តាំងខ្លួន​ជាដើមបណ្តឹង​ប្តឹងអ៊ីស្រាអែល​ពីបទប្រល័យពូជសាសន៍ប៉ាឡេស្ទីន បែរជា នៅ​ស្ងៀម មិន​រិះគន់រុស្ស៊ីដែល​កំពុង​សម្លាប់មនុស្ស​រង្គាលនៅក្នុង​សង្រ្គាមឈ្លានពាន​អ៊ុយក្រែន​។
 
ចំពោះអ្នកជំនាញ គ្រប់ប្រទេស គ្រប់រដ្ឋាភិបាល​ត្រូវ​គោរព​ការសម្រេចរបស់​តុលាការ​យុត្តិធម៌អន្តរជាតិ បើទោះបីជា​ការសម្រេចនោះអាច​ពាក់ព័ន្ធដល់​ប្រទេស​មិត្ត សម្ព័ន្ធមិត្ត ឬ​គូប្រជែងរបស់ខ្លួន។ បើមិនដូច្នោះទេ ប្រទេស​ដែលជាប់ក្នុងសំណាញ់​ច្បាប់​របស់​តុលាការ​អន្តរជាតិ​ នៅតែ​មានលេស​ យករួចខ្លួន​ជានិច្ច។
 
អ្នកជំនាញ​នៅបាន​លើកឡើង​ករណីប្រទេស​មួយចំនួន​ដែល​កំពុង​គេចវេសពី​សំណាញ់ច្បាប់​របស់​តុលាការ​អន្តរជាតិមួយទៀត គឺ​តុលាការព្រហ្មទណ្ឌអន្តរជាតិ នៅទីក្រុង​ឡាអេ។ តុលាការ​មួយនេះ​បាន​ចេញដីកាតាមចាប់​លោកប្រធានាធិបតីពូទីន នៅក្នុង​បទចោទប្រកាន់​ជាអ្នកទទួលខុសត្រូវ​លើ​ឧក្រិដ្ឋកម្ម​សង្រ្គាម នៅក្នុង​រឿង​ចាប់បញ្ជូនកុមារអ៊ុយក្រែន ទៅប្រទេស​រុស្ស៊ី។

ប៉ុន្តែ ដោយសារ​តែ រុស្ស៊ីមិនមែនជា​ហត្ថលេខីនៃសន្ធិសញ្ញារ៉ូម បង្កើត​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ និងម្យ៉ាងដោយសាររុស្ស៊ីក៏ជាមហាអំណាចយោធា​ លោកពូទីន​នៅ​មានសេរីភាព គ្មានខ្លាចរអា​នឹង​រឿងចាប់ខ្លួនលោកឡើយ។ ចំពោះរឿងអ៊ីស្រាអែល រដ្ឋអាជ្ញារបស់​តុលាការព្រហ្មទណ្ឌអន្តរជាតិបាន​ដាក់ពាក្យសុំ​ឲ្យតុលាការចេញដីកាចាប់ខ្លួន​នាយករដ្ឋមន្រ្តីអ៊ីស្រាអែល និងថ្នាក់ដឹកនាំក្រុមហាម៉ាស ប៉ុន្តែ គ្មាន​ប្រយោជន៍។
 
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលបានប្រតិកម្ម​​រិះគន់ការសម្រេចរដ្ឋអាជ្ញា ​តុលាការព្រហ្មទណ្ឌអន្តរជាតិថា ជាការប្រឆាំងនឹង​ប្រទេស​ប្រជាធិបតេយ្យ។ លោកបានសន្យា​ចាត់វិធានការវាយបកវិញ។ នាយករដ្ឋមន្រ្តីអាល្លឺម៉ង់វិញ​ធ្លាប់​​អះអាងថា អាល្លឺម៉ង់​មិនអាច​ចាប់លោកនេតាន់យ៉ាហូ បានទេ ព្រោះនៅមិនទាន់មានដីកាពីតុលាការព្រហ្មទណ្ឌអន្តរជាតិ។
 
សរុបមក គេ​មិនអាច​បន្ទោស ចោទថា តុលាការ​យុត្តិធម៌ ឬតុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​ជាស្ថាប័ន​គ្មាន​ប្រយោជន៍ គ្មាន​សមត្ថភាពនោះទេ។ ជាថ្មីម្តងទៀត តុលាការ​អន្តរជាតិទាំងពីរ​គ្មាន​មធ្យោបាយ​ គ្មាន​ប៉ូលិស ដើម្បី​ទៅចាប់បង្ខំឲ្យគេ​អនុវត្ត​សេចក្តីសម្រេច​របស់ខ្លួន។ យោងតាម​ច្បាប់ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ គឺ​ក្រុមប្រឹក្សាសន្តិសុខ​ដែលមានតួនាទីជា​អ្នកសម្រេច ​បញ្ជូន​កងកម្លាំងទៅចាប់បង្ខំឲ្យគេអនុវត្ត​សាលដីកា។ ប៉ុន្តែ នៅក្នុង​ពិភពលោកសព្វថ្ងៃ ដែល​បែកបាក់ បែងចែកបក្សពួក ជាពីប៉ូលប្រឆាំងគ្នាយ៉ាងដូច្នេះ អំណាច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​របស់អង្គការ​សហប្រជាជាតិ​កំពុង​ធ្លាក់ចុះខ្សោយ។ ជាក់ស្តែង នៅចំពោះមុខការរឹងទទឹង​របស់អ៊ីស្រាអែល​ដែលមិនព្រម​ឈប់​វាយប្រហារលើទីក្រុងរ៉ាហ្វា អាហ្វ្រិកខាងត្បូង កាលពីពេលថ្មីៗនេះបានទាមទារឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​​អនុវត្ត​សេចក្តីសម្រេច​របស់​តុលាការយុត្តិធម៌អន្តរជាតិ។ ជាការទាមទារ​អត់ប្រយោជន៍ ព្រោះថា សមាជិកអចិន្ត្រៃយ៍ទាំង៥ ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​កំពុង​បែកបាក់គ្នា រវាង​ក្រុមនាំមុខដោយ​អាមេរិក និងក្រុមគាំទ្រ​​រុស្ស៊ី ដែលជា​ហេតុ​ធ្វើឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​មិនអាច​បោះឆ្នោតរកសំឡេង​ជាឯកច្ឆន្ទ។ ​សមាជិករបស់​ក្រុមប្រឹក្សាសន្តិសុខ​ដែលជាអ្នកមានសិទ្ធិសម្រេច​បញ្ជូនទាហានទៅអនុវត្ត ​គ្មាន​សមត្ថភាពចេញសេចក្តីសម្រេចរបស់ខ្លួន​ផង តើ​ឲ្យ​តុលាការ​យុត្តិធម៌អន្តរជាតិ ឬ​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​​ធ្វើអ្វីកើត ដោយគ្មានការសហការពី​ប្រទេស​មហាអំណាច​នោះ?

© រក្សាសិទ្ធិដោយ thmeythmey.com