RFI
អន្តរជាតិ
ជួបវិបត្តិខ្វះទាហាន អូស្ត្រាលី​ប្រកាស​ផែនការរើសជនបរទេស​ក្នុងជួរកងទ័ពរបស់ខ្លួន
04, Jun 2024 , 7:39 pm        
រូបភាព
ដោយ៖ឈាង បុប្ផា/ RFI ខេមរភាសា

នៅ​អូស្ត្រាលី ជនបរទេស​ដែលស្នាក់នៅ​ក្នុងទឹកដី​អូស្ត្រាលីយ៉ាងហោច​១ឆ្នាំ និង​មិនដែលធ្លាប់​ធ្វើទាហាន​ទាល់តែសោះ នឹង​អាច​មានសិទ្ធិ​ចុះឈ្មោះបម្រើកងទ័ពអូស្ត្រាលី។ នេះបើតាមការប្រកាស​របស់​រដ្ឋមន្រ្តីការពារជាតិអូស្ត្រាលី នៅ​ថ្ងៃ​អង្គារ​ទី ៤​មិថុនា។ មាន​ប្រជាជន​ត្រឹម​ជាង ២៦លាននាក់ អូស្ត្រាលីកំពុង​ប្រឈម​នឹងវិបត្តិខ្វះទ័ព ជាពិសេស​នៅក្នុងកាលៈទេសៈ​ដែល​អូស្ត្រាលី​ត្រូវការកម្លាំងការពារជាតិ ដើម្បីប្រជែងកម្លាំងគ្នា​ជាមួយ​ប្រទេស​ដទៃ ជាពិសេស ចិន នៅក្នុងតំបន់​អាស៊ីប៉ាស៊ីហ្វិក។



ជាមួយ​ប្រជាជនសរុប ២៦លាននាក់ អូស្ត្រាលី​មាន​កងទ័ពតែប្រមាណ ៩ម៉ឺននាក់ប៉ុណ្ណោះ ដើម្បីការពារ​ប្រទេស​ដែលមាន​ផ្ទៃដីដ៏ធំល្វឹងល្វើយនៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិកខាងត្បូង។ ប្រឈម​នឹង​ការខ្វះកម្លាំងទ័ពជាង​៤ពាន់នាក់ និង​ការលំបាកនៅក្នុងការរើសកងទ័ពនៅក្នុង​ចំណោម​ពលរដ្ឋ​អូស្ត្រាលី រដ្ឋមន្រ្តីការពារជាតិ​អូស្ត្រាលី លោក​រីឆាត ម៉ាល Richard Marles នៅថ្ងៃ​អង្គារ​បាន​ប្រកាស​ថា រដ្ឋាភិបាល​សម្រេច​បើកទ្វារ​ទទួលយកជនបរទេស​ឲ្យចូលបម្រើ​ក្នុងជួរកងទ័ពអូស្ត្រាលី។
 
បើតាម​ប្រមុខការពារជាតិ​អូស្ត្រាលី ជនបរទេស​ដែល​អាច​ចុះឈ្មោះ​ក្នុងជួរកងទ័ពអូស្ត្រាលី គឺជាអ្នកដែល​បានស្នាក់នៅ​ជាអចិន្រ្តៃយ៍នៅអូស្ត្រាលី​យ៉ាងហោច ១ឆ្នាំ មិនធ្លាប់បម្រើទ័ពនៅប្រទេស​ណាផ្សេង នៅក្នុង​រយៈពេល​២ឆ្នាំ​កន្លងមក។
 
រដ្ឋមន្រ្តីកិច្ចការយុទ្ធជន និងកងទ័ពអូស្ត្រាលី​លោក Matt Keogh បាន​និយាយ​ថា រាល់ជនបរទេស​ដែលស្ម័គ្រចិត្ត​ចូលបម្រើកងទ័ពអូស្ត្រាលី​រយៈពេល​យ៉ាងតិច​៩០ថ្ងៃ នឹង​អាចមានសិទ្ធិដាក់ពាក្យសុំសញ្ជាតិអូស្រ្តាលី។ ទាក់ទងនឹង​រយៈពេល​៩០ថ្ងៃនេះ ក្រសួងការពារជាតិអូស្ត្រាលី​នៅមិនទាន់បញ្ជាក់អះអាងយ៉ាងណាទេ គ្រាន់តែថា ជនបរទេស​ដែល​ចុះឈ្មោះ​ធ្វើទាហាន​នៅអូស្ត្រាលី​ នឹង​អាច​មាន​សិទ្ធិ​ទទួលបាន​សញ្ជាតិអូស្ត្រាលី។
 
មួយវិញទៀត មិនមែន​សុទ្ធតែ​ជនបរទេស​ទាំងអស់​ ដែលរស់នៅអូស្ត្រាលី ដែល​មាន​សិទ្ធិចុះឈ្មោះ​ក្នុងជួរកងទ័ពអូស្ត្រាលីនោះទេ។ បើតាម​រដ្ឋមន្រ្តីការពារជាតិអូស្ត្រាលី នៅក្នុង​ដំណាក់កាលដំបូង​នៃការរើសបញ្ចូលជនបរទេស​​​ក្នុងជួរកងទ័ព រដ្ឋាភិបាល​នឹង​ផ្តល់អាទិភាព​ដល់​​ជនជាតិ​របស់​ប្រទេស​៥ ដែលជា​សមាជិក​របស់​ក្រុមប្រទេស Five Eyes ដែលមាន​ដូចជា អាមេរិក អង់គ្លេស កាណាដា នូវែលសេឡង់ អូស្រ្តាលី។ ​ជាក់ស្តែង ចាប់ពី​ខែ កក្កដា ខែក្រោយ គេចាប់ទទួលយក​ការដាក់ពាក្យ​របស់​ជនជាតិ​នូវែលសេឡង់ មុនគេ។ បន្ទាន់មកទៀត ចាប់ពីដើមឆ្នាំ​ក្រោយ ឆ្នាំ ២០២៥ ជនជាតិ​អាមេរិក កាណាដា អង់គ្លេសដែលមាន​លំនៅឋាន​អចិន្ត្រៃយ៍នៅអូស្ត្រាលី​នឹង​អាច​ចុះឈ្មោះក្នុងជួរកងទ័ពអូស្ត្រាលី។ ទៅថ្ងៃអនាគត អូស្ត្រាលី​គ្រោង​នឹងបើកទូលាយ​ ដោយ​ទទួល​យក​​ជនសាសន៍ មកពីប្រទេស​ផ្សេងទៀត នៅប៉ាស៊ីហ្វិក។
 
អូស្ត្រាលី​សង្ឃឹម​ទាក់ទាញច្រើនជាងគេ ប្រជាជន​នូវែលសេឡង់ដែលកំពុងរស់ តាំងទីនៅ​អូស្ត្រាលី។ រដ្ឋមន្រ្តី​នូវែលសេឡង់វិញ​បាន​និយាយ​ប្រាប់​ប្រព័ន្ធផ្សព្វផ្សាយ​អូស្ត្រាលី​នៅថ្ងៃ​អង្គារ​ទី ៤​មិថុនា ថា នូវែល​សេឡង់មិនរំពឹងថា នយោបាយ​របស់អូស្ត្រាលី​នឹង​ធ្វើ​ឲ្យប៉ះពាល់​ដោយ​ផ្ទាល់​ដល់​ការរើសបញ្ចូលទ័ព​របស់​នូវែលសេឡង់។
 
នៅ​អូស្រ្តាលីឯណោះវិញ អ្នកតំណាងរបស់​ក្រុមប្រឆាំង នៅ​ក្រសួងការបរទេស​រិះគន់​វិធានការរបស់​ក្រសួងការពារជាតិ​ថា ជាបរាជ័យរបស់​រដ្ឋាភិបាល​ក្នុងការរើសបញ្ចូល​ជនជាតិ​អូស្ត្រាលី​ក្នុង​ជួរកងទ័ពជាតិ។ ប្រជាជន​អូស្ត្រាលី​មិន​ចង់​ស្ម័គ្រចិត្ត​ចូលធ្វើទាហាន ពាក់ឯកសណ្ឋាន​ដ៏មាន​កិត្តិយស ក៏ដោយសារ​តែពួកគេខ្វះការជឿទុកចិត្តលើ​នយោបាយ​ការពារ​ជាតិ​អូស្ត្រាលី។
 
បើតាម​ក្រុមប្រឆាំង រដ្ឋាភិបាល​អូស្ត្រាលី​គួរ​លើកទឹកចិត្ត​ប្រជាជនរបស់ខ្លួន​ឲ្យ​ចូលបម្រើទ័ព ជាជាង​ផ្តោតអាទិភាព​លើការរើសជនបរទេស​ឲ្យចូលការពារជាតិអូស្ត្រាលី។  ​
 
ជាមួយ​នឹង​ការបើកទូលាយ​ទទួល​យក​ជនបរទេស​ក្នុង​ជួរកងទ័ពរបស់ខ្លួន អូស្ត្រាលី​សង្ឃឹម​បង្កើន​ចំនួន​ទាហាន​រើសថ្មី​ប្រមាណ ៣៥០នាក់​ក្នុងមួយឆ្នាំៗ ពោល​គឺ​កើនឡើង​៥ដង បើប្រៀបធៀប​នឹង​សព្វថ្ងៃ។
 
នៅក្នុងបរិបទ​នៃ​ការប្រណាំងប្រជែង សម្ញែងសាច់ដុំយោធាដាក់គ្នា​នៅ​អាស៊ីប៉ាស៊ីហ្វិក ជាពិសេស​នៅចំពោះមុខការប្រឈម​នឹង​មហាអំណាច​ចិន អូស្ត្រាលី​បាន​បង្កើន​ថវិកា​កងទ័ព វិនិយោគទឹកប្រាក់​រាប់ពានដុល្លារ​ ដូចជា​ការទិញនាវាចម្បាំងពីអាមេរិក​និងអង់គ្លេស​ជាដើម។
 
ប៉ុន្តែ អូស្ត្រាលី​នៅ​ជួបវិបត្តិ​ខ្វះកងទ័ព​នៅក្នុង​វិស័យការពារដែនអាកាស ជើងទឹក។ វិទ្យាស្ថាន​នយោបាយយុទ្ធសាស្រ្ត​អូស្ត្រាលី​ព្រមានថា អូស្ត្រាលី​ដែលមាន​ទាហាន​តែ​៩ម៉ឺននាក់ រាប់ទាំងទាហាន​បម្រុង អាច​ជួបការលំបាក​ក្នុងការពារ​ប្រទេស នៅពេល​ត្រូវ​ប្រឈម​នឹងមហាអំណាចចិនជាដើម ដែលមានកងទ័ព​ដល់ទៅជាង​២លាននាក់។ ចំពោះរដ្ឋមន្រ្តីការពារ​

© រក្សាសិទ្ធិដោយ thmeythmey.com