RFI
អន្តរជាតិ
ខួប​៣៥ឆ្នាំ​សម្លាប់​បាតុករនៅធានអានមេន ប្រធានាធិបតីតៃវ៉ាន់ថាគេ​​មិនត្រូវ​បំភ្លេចចោលឡើយ
05, Jun 2024 , 7:59 am        
រូបភាព
លោកប្រធានាធិបតី ឡៃ ឈីងទឿ ប្រកាសបញ្ជាក់ថា គេមិនត្រូវបំភ្លេចចោលព្រឹត្តិការណ៍បង្ក្រាបនៅធានអានមេនសោះឡើយ។ REUTERS - Ann Wang
លោកប្រធានាធិបតី ឡៃ ឈីងទឿ ប្រកាសបញ្ជាក់ថា គេមិនត្រូវបំភ្លេចចោលព្រឹត្តិការណ៍បង្ក្រាបនៅធានអានមេនសោះឡើយ។ REUTERS - Ann Wang
ដោយ៖ហេង ឧត្តម/RFI ខេមរភាសា
នៅប្រទេស​ចិន ថ្ងៃទី​៤មិថុនា​នេះ ជា​ខួប ​៣៥ ឆ្នាំ នៃ​ព្រឹត្តិការណ៍​បង្ក្រាបបាតុកម្ម​នៅ​ទីលាន​ធានអានមេន​​។ ជំនាន់ឆ្នាំ១៩៨៩​នោះ​ កងយោធា​ចិន ​បាន​បង្ក្រាបសម្លាប់​បង្ហូរឈាម​ហ្វូង​បាតុករ​រាប់​រយ​ពាន់​នាក់ ដែលស្រែក​​ទាម​ទារ​​សិទ្ធិសេរីភាព​និងលទ្ធិប្រជាធិបតេយ្យ។ ពេលនេះ នៅចិន​និង​ហុងកុង​ គ្មាន​ពិធីរំឭក​ខួប​ព្រឹត្តិការណ៍​សម្លាប់​បង្ហូរ​ឈាម​ នោះឡើយ ប៉ុន្តែ នៅ​តៃវ៉ាន់​វិញ ថ្នាក់ដឹកនាំ​ក្រុង​តៃប៉ិ បាន​​ប្រកាស​រៀបចំ​បុណ្យរំឭក​ខួប នៅ​ពេល​ល្ងាច​​។ ​លោកប្រធានាធិបតី ឡៃ ឈីងទឿ ប្រកាស​បញ្ជាក់តាម​បណ្តាញសង្គម​ថា  គេមិនត្រូវ​បំភ្លេច​ចោល​ព្រឹត្តិការណ៍​បង្ក្រាបនៅ​​ធានអានមេនសោះឡើយ។

 
ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងទឿ គូស​បង្ហាញ​ថា ​យើង​ម្នាក់ៗត្រូវប្រឹងប្រែង​​​ពង្រស់​ការ​ចង់ចាំ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រនៅ​ទីលាន​ធានអានមេន ហើយជនជាតិ​​ចិន​ដែល​ស្រឡាញ់​​ប្រជាធិតេយ្យ​ត្រូវ​តែ​យកចិត្តទុកដាក់​កិច្ចការនេះ។​ នេះជាអ្វី​ដែល​ថ្នាក់ដឹកនាំ​តៃវ៉ាន់​បាន​សរសេរ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេស​បុក ដោយ​សង្កត់​ធ្ងន់ថា ​ព្រឹត្តិការណ៍នៅ​ធាន​អានមេន បាន​ដាស់តឿន​ឲ្យ​យើងដឹងថា លទ្ធិ​ប្រជាធិប​តេយ្យ​និង​សេរី​ភាព មិន​ងាយ​នឹង​ទទួល​​បាន​ដោយ​ស្រួលៗឡើយ​។ យើងចាំបាច់​ត្រូវ​ប្រើ​សេរីភាព​ទប់​ទល់​នឹង​របប​ផ្តាច់ការ ហើយ​យក​ឈ្នះ​អំណាច​ផ្តាច់ការ​ដោយ​សេចក្តីក្លាហាន​។​ គ្រប់​របបដឹកនាំ​ត្រូវតែ​ស្តាប់​សំឡេ​ង​ប្រជាពលរដ្ឋ​ ដ្បិតថា ការ​ផ្លាស់ប្តូរ​ក្នុង​សង្គម​ អាស្រ័យ​ពឹង​ផ្អែក​ខ្លាំង​ទៅ​លើ​​ពហុគំនិត។ ​​ប្រទេស​ជាតិ១​​គួរ​ឲ្យ​គោរព ​ជា​ប្រទេស​ដែល​ប្រជា​ពលរដ្ឋ​អាច​មាន​សិទ្ធិ​បញ្ចេញ​មតិដោយ​សេរីគ្មាន​ភាព​ភ័យខ្លាច​​។ នេះបើតាម​​លោក ឡៃ ឈីងទឿ។
 
​ជាង ​៣ ទសវត្សរ៍​មុន កាលពី​ថ្ងៃទី​៣និងទី​៤ ខែមិថុនា ឆ្នាំ១៩៨៩ រដ្ឋអំណាច​ចិនប៉េកាំង​ បាន​បញ្ជូន​កង​រថ​គ្រោះ​​និង​យោធា​​ចិន​ ទៅ​​បង្ក្រាបក្រុម​បាតុករ​យ៉ាង​​ហិង្សានៅ​ទីលាន​​​​ធានអានមេន។ ក្រុម​បាតុករ​ កាលណោះ​ភាគីច្រើន​ជា​និស្សិត​និង​កម្មករ បាន​តវ៉ា​ទាមទារ​សិទ្ធិសេរីភាព ប្រជាធិបតេយ្យ កែប្រែរបបនយោបាយ និង​​លុប​បំបាត់អំពើពុករលួយ​ ។ល។ ការបង្ក្រាប​ហិង្សា​របស់​យោធាចិន បានសម្លាប់​មនុស្សរាប់រយ​ពាន់​នាក់​ ដែលរហូត​មកទល់ពេល​នេះ នៅតែគ្មាន​ពន្លឺ​យុត្តិធម៌ចំពោះ​គ្រួសារ​សព​ សូម្បីតែ​ពាក្យ​សុំទោស១ម៉ាត់ ក៏គ្មាន។​ ផ្ទុយ​ទៅវិញ រដ្ឋអំណាច​ចិន ធ្វើ​គ្រប់មធ្យោបាយ​ដើម្បី​បំភ្លេច​ឬ​បំបិទ​ស្លាកស្នាម​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​​នេះ។​ ជាក់ស្តែង​ ទីលាន​​​​ធានអានមេន តាំងតែពី​ល្ងាច​ថ្ងៃ​ចន្ទម្ល៉េះ ការ​ធ្វើ​ដំណើរ​ចេញចូល​ម្តុំ​នោះ ត្រូវ​រឹត​បន្តឹង។ ក្នុងបណ្តាញ​សង្គម​អនឡាញ​ចិន ក៏​ត្រូវ​បិទខ្ទប់​យ៉ាង​ប្រយ័ត្នប្រយែង​ចំពោះ​សារ​ឃោសនា​ទាំងឡាយ​ដែល​រំឭក​ដល់​ព្រឹត្តិការណ៍​បង្ហូរឈាម​​ ហើយ​ព្រោះតែ​ការ​បំបិទ​ខ្ទប់​ដូច្នេះ​ ទើប​ក្មេងៗ​យុវជន​ចិន​ជាច្រើន គ្មានដឹងថា​មាន​រឿង​អ្វីកើតឡើង​សោះឡើយ កាលពី​៣៥ឆ្នាំមុន ។​
 
ថ្ងៃ​អង្គារនេះ អ្នក​ឆ្លើយ​ព័ត៌មាន​វិទ្យុ​បារាំង​នៅ​រដ្ឋធានី​ប៉េកាំង បាន​សម្ភាស​និស្សិត​ចិនមួយ​ចំនួន​។ ពួក​គេ​ប្រាប់ថា គ្រូៗ​សាស្ត្រាចារ្យ​បាន​កោះប្រជុំ​និស្សិត តាំងតែពី​៣-៤ថ្ងៃ​មុន​មកម្ល៉េះ និង​បាន​ហាម​កុំឲ្យ​សិស្សនិស្សិត​បង្កបញ្ហា​​​​អ្វីឲ្យ​សោះ។ គ្រានេះ​ នគរបាល​ចិន​ក៏​បាន​ដាក់​ពង្រាយ​តាម​សាលា​រៀន​ច្រើន​ជាងមុន។​
 
ថ្ងៃនេះនៅក្រុង​តៃប៉ិ អាជ្ញាធរ​តៃវ៉ាន់ ​រៀបចំ​ពិធី​រំឭកវិញ្ញាណក្ខន្ធ​បាតុករ​ដែលត្រូវ​យោធា​ចិន​សម្លាប់​នៅ​ក្នុងការ​បង្ក្រាប​នៅទីលានធាន​អាន​មេន។ ប៉ុន្តែ នៅ​​ចិន​ដីគោកនិង​នៅ​ហុងកុង គ្មានឡើយ​ពិធី​រំឭ​ក​ការ​ចង​ចាំនេះ។ ​តាំងតែពីឆ្នាំ​២០២០មក ពិធីរំឭក​ការ​ចង​ចាំព្រឹត្តិការណ៍​បង្ក្រាប​បាតុកម្ម​នេះ ត្រូវ​អាជ្ញាធរ​ហុងកុង​ដែល​រណប​ចិន​ប៉េកាំង បិទ​ខ្ទប់​ទាំងស្រុង​​៕

© រក្សាសិទ្ធិដោយ thmeythmey.com