ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុនរដ្ឋ នឹងកាន់កាប់លើគម្រោងព្រែកជីកហ្វូណន ៥០ភាគរយ
06, Jun 2024 , 9:34 am        
រូបភាព
គម្រោងព្រែកជីកហ្វូណន នឹងមានពលរដ្ឋខ្មែរ កាន់កាប់ប្រមាណ៥០ភាគរយ ពោលគឺលែងពឹងផ្អែកលើបរទេស១០០ភាគរយទៀតហើយ ។ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ «កំពង់ផែពហុបំណងកំពត» នៅខេត្តកំពត នាព្រឹកថ្ងៃទី៦ មិថុនា។



សម្ដេច ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីថា រដ្ឋាភិបាល មិនចំណាយថវិកា ហើយក៏មិនខ្ចីលុយបរទេស ដើម្បីមកវិនិយោគលើគម្រោងព្រែកជីកហ្វូណនទេ។ បើតាមសម្ដេច ហ៊ុន ម៉ាណែត គម្រោងនេះ គឺស្ថិតនៅក្រោមការវិនិយោគិនឯកជន ហើយខ្ចីលុយពីធនាគារក្នុងស្រុក មកវិនិយោគ ដោយសុំសិទ្ធិកាន់កាប់គម្រោងនេះ រយៈពេល៥០ឆ្នាំ ហើយផុតពីនេះ ក្រុមហ៊ុនវិនិយោគ នឹងផ្ដល់សិទ្ធិមករដ្ឋគ្រប់គ្រងវិញ។ ការវិនិយោគបែបនេះ គេហៅថា ការវិនិយោគក្នុងទម្រង់ BOT តាមរយៈយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (Public- Private Partnerships – PPP) ឬតាមរូបភាពសាងសង់- ធ្វើអាជីវកម្ម-ផ្ទេរ (BOT)។
 
ប្រមុខរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា គម្រោងនេះ លែងពឹងផ្អែកលើបរទេស ១០០ភាគរយហើយ ពោលគឺមានក្រុមហ៊ុនវិនិយោគខ្មែរ នឹងចូលរួមកាន់កាប់គម្រោងនេះ ៥១ភាគរយ។ «គម្រោងនេះ នឹងចូលរួមក្នុងនាមកម្ពុជាយើងជាអ្នកកាន់កាប់ភាគច្រើន » ។ នេះបើតាមសម្ដេចនាយករដ្ឋមន្រ្តី។
 
ក្រុមហ៊ុនរដ្ឋ ដែលវិនិយោគលើគម្រោងនេះ គឺ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង កំពង់ផែស្វយ័តភ្នំពេញ នឹងចូលរួមវិនិយោគជាមួយបរទេស។ គម្រោងព្រែកជីកហ្វូណន នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី៥ សីហា ឆ្នាំ២០២៤។ សម្ដេច បន្ថែម។
 

Tag:
 ព្រែកជីកហ្វូណន
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com